ទីសំណាក់ចល័ត ភ្ជាប់ជាមួយរថយន្ត Classic ជាការវិលត្រឡប់ទៅទសវត្សរ៍ទី ៧០

រថយន្តសេរីចាស់មួយគ្រឿង ម៉ាក Volkswagen ម៉ូឌែល Super Bugger Camper ផលិតឡើងនៅក្នុងឆ្នាំ ១៩៦៩ បានកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីមហាជន អំពីការច្នៃប្រឌិត ដោយបន្ថែមជាមួយទីសំណាក់នៅខាងក្រោយ ដែលប្រៀបបានដូចជាកូនផ្ទះមួយខ្នងតូច អាចឱ្យអ្នកប្រើប្រាស់ក្នុងការដើរកំសាន្ត ទៅដល់គ្រប់ទីកន្លែង នៅក្នុងរថយន្ត Classic មិនធ្លាប់បានឃើញពីមុនមក។

រថយន្ត Volkswagen មួយគ្រឿងត្រូវបានលោក Lloyd G. Smith បង្ហាញខ្លួនសាជាថ្មីម្ដងទៀត នៅក្នុងពិភពលោកអ៊ីនធឺណិត ជាមួយនឹងពណ៌លឿងស្រស់ឆើតឆាយ ពិសេសមានតួខ្លួនជាកូនផ្ទះតូចមួយ ដែលអាចឱ្យម្ចាស់របស់វា ធ្វើដំណើរកំសាន្តបានគ្រប់ទីកន្លែង ដោយពុំចាំបាច់ចំនាយប្រាក់ ទៅលើការស្នាក់នៅ តាមសណ្ឋាគារថ្លៃៗនោះទេ។ តាមការបញ្ជាក់ របស់ម្ចាស់រថយន្តនេះ បានឱ្យដឹងថា រថយន្តនេះ ពុំមានការផ្លាស់ប្ដូរផ្នែក ឬគ្រឿងដើមរបស់វានោះឡើយ តែត្រូវបានកែច្នៃឡើងថ្មី ដើម្បីបង្កើតជាសំណង់តូចមួយនៅខាងក្រោយ សម្រាប់ការធ្វើដំនើរកំសាន្ត បែបផ្សងព្រេង ដេកតាមព្រៃ ឬទីកន្លែងបោះជម្រុំជាដើម។

លោក Loloyd បានឱ្យដឹងថា ការបង្កើតជាសំណង់នៅផ្នែកខាងក្រោយនេះ គឺជាគម្រោងរបស់រូបលោក ក្នុងការចេញធ្វើដំណើរ ដោយរថយន្តមួយនេះ អាចបម្រើសេចក្ដីសុខមនុស្សចំនួន ២ នាក់បាន សម្រាប់ការធ្វើដំណើរកំសាន្ត នៅលើកង់ចំនួន ៤ ពឹងផ្អែកទៅលើម៉ាស៊ីន កម្លាំង ១៦០០cc ជាម៉ាស៊ីនខ្លាំងជាងគេមួយក្នុងអំឡុងឆ្នាំ ១៩៧៣។ នៅផ្ទៃខាងក្នុង មានលក្ខណៈពិសេសជាងការបោះតង់ ព្រោះមានទូរ និងថតដាក់សម្ភារ ឥវ៉ាន់ កន្លែងចំអិនអាហារ កន្លែងលាងដៃ លាងចាន និងអាចសំរាកនៅខាងក្នុងបានផងដែរ ដោយប្រើប្រាស់គ្រែទាញ។

ផ្ទៃខាងក្រៅបង្កើតឡើងដោយសាច់ឈើ និងឆ្អឹងជាលោហៈ ដើម្បីកាត់បន្ថយទម្ងន់រថយន្ត ក្នុងការធ្វើដំណើរ ឡើងទួល ជាដើម ព្រោះម៉ាស៊ីនរបស់វាសម្រាប់សម័យថ្មីនេះ គឺនៅមានកម្រិតនៅឡើយ។ រថយន្តយន្តនេះ ក៏មានផ្ទះកញ្ចក់សូឡា នៅផ្នែកខាងលើ ដើម្បីផលិតថាមពលអគ្គិសនី ដើម្បីប្រើប្រាស់នៅផ្នែកខាងក្នុង សម្រាប់ការរស់នៅប្រចាំថ្ងៃ។ Super Bugger Camper និងតួអគារទាំងមូលមានទទឹង ២ ម៉ែត្រ បណ្ដោយ ៣,២ ម៉ែត្រ និងកម្ពស់ ១,៨ ម៉ែត្រ ដែលនៅទីផ្សារបរទេស អាចស្វែងរកទិញបាន តែប្រហែលជាមិនត្រូវចិត្តមនុស្សគ្រប់គ្នានោះឡើយ ស្របពេលដែលរថយន្តទំនើបៗ អាចឱ្យអ្នកធ្វើដំណើរបានលឿនជាង សុវត្ថិភាពជាង ងាយស្រួលថែទាំជាង កំពុងមានវត្តមាននៅក្នុងទីផ្សារស្រាប់។

យ៉ាងណាក៏ដោយ សម្រាប់អ្នកនិយមបែបបុរាណ (Classic) រថយន្តប្រភេទនេះមានច្រើនគ្រឿង និងច្រើនជម្រើសព្រោះក៏មានអ្នកកែច្នៃផ្សេងទៀត បង្កើតឡើងដូចលោក Lloyd G. Smith ផងដែរ។ គួរបញ្ជាក់ផងដែរថា រថយន្តមួយគ្រឿងខាងលើនេះ ធ្លាក់ត្រូវបានដាក់ចេញថ្លៃនៅក្នុងសារមន្ទីរកាលពីឆ្នាំ ១៩៨១៕