រាជរដ្ឋាភិបាលកម្ពុជា រៀបចំផែនការស្ដារសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០២១-២០២៣

ប្រទេសកម្ពុជា ដែលបានស្គាល់នូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% រយៈពេល ២ ទសវត្សមកហើយនោះ ត្រូវបានធ្លាក់ចុះសេដ្ឋកិច្ចធ្ងន់ធ្ងរជាលើកដំបូងរហូតដល់រង្វង់ -៣% កាលពីឆ្នាំ២០២០ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ បានរាតត្បាតទូទាំងសកលលោក ដែលបានគំរាមកំហែងទៅដល់ប្រព័ន្ធសុខាភិបាល សង្គមកិច្ច និងសេដ្ឋកិច្ច។

យ៉ាងណាមិញ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំ និងគ្រោងដាក់ចេញផែនការស្ដារសេដ្ឋកិច្ចឡើងវិញឆ្នាំ ២០២១-២០២៣ ក្នុងវិបត្តិជំងឺកូវីដ-១៩ ដោយផ្ដល់អាទិភាពទៅលើការងារសំខាន់ៗចំនួន ៣ ដើម្បីទាញកំណើនសេដ្ឋកិច្ចឲ្យត្រលប់ទៅកំណើនសក្ដានុពលវិញ ប្រកបដោយចីរភាព និងបរិយាបន្ន, លើកកម្ពស់ភាពប្រកួតប្រជែង, និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសមូលដ្ឋានឧស្សាហកម្មរឹងមាំ សមត្ថភាពនាំចេញខ្ពស់ និងតភ្ជាប់ច្រវ៉ាក់ផ្គត់ផ្គង់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោក អាចធ្វើឲ្យប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាធននឹងវិបត្តិកូវីដ-១៩ ចាប់ពីឆ្នាំ២០២១ នេះតទៅ។

នៅក្នុងសន្និសីទអន្តរជាតិស្ដីពី «អនាគតរបស់អាស៊ី» កាលពីថ្ងៃទី២០ ខែឧសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា នឹងផ្ដល់អទិភាពលើការងារសំខាន់ចំនួន ៣ ក្នុងផែនការស្ដារសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ដែលរួមមាន៖ 

១. កសាងមូលដ្ឋានរឹងមាំឡើងវិញ សម្រាប់មាគ៌ាកំណើនសេដ្ឋកិច្ចកម្ពុជា ដោយផ្តោតលើការធានាសុវត្ថិភាព, ការគ្រប់គ្រងផលប៉ះពាល់, រក្សាលំនឹង និងជំរុញឲ្យងើបឡើងវិញនៃធុរកិច្ចដែលមានសក្តានុពល។ ជាពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ និងការបង្កើតការងារបន្ថែម។ 

២. បន្ដដាក់ចេញវិធានការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ រួមមាន ធ្វើឲ្យប្រសើរឡើងវិញនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម, ការវិនិយោគ និងធុរកិច្ច ជាមួយការអភិវឌ្ឍន៍ឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច។ 

៣. កសាងភាពធន ដោយត្រៀមខ្លួននឹងជំងឺ និងវិបត្តិ ឬស្ថានភាពស្រដៀងគ្នានេះ ដែលអាចផ្ទុះឡើងនាពេលអនាគត ពោលគឺអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព។

គូសបញ្ជាក់ផងដែរថា យោងតាមការព្យាករណ៍សេដ្ឋកិច្ចរបស់ស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិកាលពីត្រីមាសទី១ ដូចជាធនាគារជាតិកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្ហាញថា កម្ពុជា អាចមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៤% នៅឆ្នាំ២០២១ នឹងអាចហក់ដល់ ៦% នៅត្រឹមឆ្នាំ២០២២ ដោយសារមើលឃើញពីភាពធននឹងវិបត្តិ សមត្ថភាពទប់ស្កាត់ការរាតត្បាតក្នុងសហគមន៍ និងភាពប្រសើរឡើងនៃសកម្មភាពសេដ្ឋកិច្ចដូចជាវិស័យសំណង់ អចលនទ្រព្យ ទុនវិនិយោគផ្ទាល់ពីបរទេស FDI និងសកម្មភាពនៃចរន្ដម៉ាក្រូសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀត។