ប្រទេសសមាជិក G7 សម្រេចលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រស្តីពីកំណែរទម្រង់ពន្ធសកលលោក

នេះបើយោងតាម លោក Rishi Sunak រដ្ឋមន្រ្តីហិរញ្ញវត្ថុចក្រភពអង់គ្លេសបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះថា រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនបំផុត និងត្រូវបានគេស្គាល់ថាជាក្រុមសមាជិក G7 បានគាំទ្រសំណើរបស់សហរដ្ឋអាមេរិកដែលអំពាវនាវឱ្យសាជីវកម្មនៅជុំវិញពិភពលោកទាំងអស់ធ្វើការបង់ពន្ធយ៉ាងតិច 15% លើប្រាក់ចំណូលរបស់ពួកគេ។ ការឈានដល់កិច្ចព្រមព្រៀងលើសំណើរនេះ គឺបន្ទាប់ពីមានការពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ 

ជាលទ្ធផល កិច្ចព្រមព្រៀងមួយដែលចូលរួមដោយប្រទេសជាសមាជិក G7 ទាំងអស់រួមមាន សហរដ្ឋអាមេរិក ជប៉ុន អាឡឺម៉ង់ បារាំង អ៊ីតាលី ចក្រភពអង់គ្លេស និងកាណាដា បានសម្រេចរួមគ្នាឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តមួយហើយ។ ការធ្វើកំណែទម្រង់ប្រព័ន្ធពន្ធពិភពលោកនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យសមស្របទៅនឹងយុគសម័យឌីជីថល និងដើម្បីធានាថាក្រុមហ៊ុនទាំងអស់នោះបានបង់ពន្ធត្រឹមត្រូវទៅតាមគោលការណ៍របស់ប្រទេសនីមួយៗ។ 

លើសពីនេះ យោងតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុ 7 រូប មកពីប្រទេសជាសមាជិក G7 បានប្តេជ្ញាថាពួកគេនឹងឈានទៅរកដំណោះស្រាយប្រកបដោយសមធម៌មួយស្តីពីការបែងចែកសិទ្ធិពន្ធ និងផ្តល់ការសម្របសម្រួលសមស្របមួយ រវាងការអនុវត្តច្បាប់ពន្ធអន្តរជាតិថ្មី ក៏ដូចជាការដកពន្ធសេវាកម្មឌីជីថលទាំងអស់ និងចេញវិធានការណ៍ស្រដៀងគ្នាផ្សេងទៀតទាក់ទងនឹងក្រុមហ៊ុនទាំងអស់នោះផងដែរ។ 

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងរដ្ឋបាលរបស់លោកក៏បានស្នើសុំឱ្យមានអត្រាពន្ធពិភពលោកជាអប្បបរមា 21% ផងដែរ ក្នុងគោលបំណងរារាំងប្រទេសដែលអាចទាក់ទាញអាជីវកម្មអន្តរជាតិមានពន្ធទាប។ តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការចរចារគ្នាកន្លងមក ការសម្របសម្រួលមួយកំណត់យកត្រឹមតែ 15% ប៉ុណ្ណោះ។