វិស័យកំសាន្តជាច្រើន នៅអារ៉ាប់ នឹងកើនឡើងតម្លៃរហូតដល់ទៅ ១.១៧ ពាន់លានដុល្លារនាឆ្នាំ ២០៣០

ឌូប៉ៃ៖ ប្រទេសមហាសេដ្ឋីប្រេងកាត ក្រៅពីចំនាយទឹកប្រាក់យ៉ាងច្រើនទៅលើការសាងសង់អគារចំឡែកៗនៅលើផែនដី ក៏បានចំនាយមួយផ្នែកផ្សេងទៀតទៅលើការរៀបចំវិស័យកំសាន្ត ចេញពីសំណង់អគារទាំងនោះ ដោយនៅឆ្នាំ ២០៣០ ខាងមុខ នឹងកើនឡើងស្មើនឹងទឹកប្រាក់ប្រមាណជា ១.១៧ ពាន់លានដុល្លារអាមេរិកឯណោះ។

តាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកជំនាញទីផ្សារ របស់សហរដ្ឋអាមេរិក បានធ្វើការព្យាការណ៍ទុកមុនថា វិស័យកំសាន្តនៅប្រទេសអារ៉ាប់រួម នឹងបន្តកើនឡើងនៅក្នុងទំហំធំធេង និងកាន់តែពិសេសអស្ចារ្យជាមុន ទៅលើការកើនឡើងនៃអគារប្លែកៗ ទីកន្លែងកំសាន្តធំៗ ការតាំងពិពណ៌ខ្នាតយក្ស តំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍ប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍ប្រកួតកីឡាយក្ស និងជាច្រើនផ្សេងៗទៀត ដែលរួមបញ្ចូលគ្នា នឹងមានទំហំទឹកប្រាក់ដល់ទៅ ១.១៧ ពាន់លានដុល្លារ។

[break-line]

ប្រៀបធៀបទឹកប្រាក់ក្នុងវិស័យកំសាន្ត នៅក្នុងទំហំទឹកប្រាក់តែ ២៣.៧៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវទីផ្សារ បានឱ្យដឹងថា អារ៉ាប់ នឹងបន្តបោះជំហានទៅមុខ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ដែលមានអាជ្ញាធររៀបចំការកំសាន្ត ហៅកាត់ថា (GAE) បង្កើតឡើងកាលពីឆ្នាំ ២០១៦ នឹងជម្រុញឱ្យវិស័យកំសាន្តនៅអារ៉ាប់ អភិវឌ្ឍខ្លួនកាន់តែប្រសើរឡើង។ ក្នុងនោះគម្រោង The Quiddiya ដែលបានប្រកាសឡើងកាលពីឆ្នាំ ២០១៧ នឹងក្លាយជាគម្រោងកំសាន្តធំជាងគេបំផុតនៅអារ៉ាប់។

ទន្ទឹមគ្នានោះដែរវិស័យកំសាន្តជាច្រើនផ្សេងទៀតរាប់បញ្ចូលទាំងទីលានប្រណាំងរថយន្ត ក្លឹបកំសាន្ត ឧទ្យានជាតិ ឧទ្យានទឹក ពហុកីឡាដ្ឋាន សារមន្ទី រោងភាពយន្ត ផ្សារទំនើប សាលមហោស្រប នឹងចាប់ផ្ដើមកកើតឡើង នៅក្នុងស្នាដៃស្ថាបត្យកម្មដ៏ប្រណិត មានរូបរាងប្លែក ដែលនឹងបង្កើតភាពទាក់ទាញកាន់តែសំបូរបែបទៅដល់ ការបង្កើតសកម្មភាពជាច្រើនរាប់មិនអស់។ ការរៀបចំទាំងនោះ នឹងធ្វើឱ្យវិស័យសំណង់ និងអចលនទ្រព្យនៅអារ៉ាប់កាន់តែមានភាពល្បីល្បាញ ពិសេសទាក់ទាញវិនិយោគិនអន្តរជាតិជាច្រើនផងដែរ។

ការកំសាន្តនៅអារ៉ាប់ គឺជាកូនសោដ៏សំខាន់មួយ នៃធាតុផ្សំដែលមិនអាចខ្វះបាន ជាយុទ្ធសាស្ត្រសម្រាប់ចក្ខុវិស័យទៅឆ្នាំ ២០៣០ ក្នុងក្ដីរំពឹងថា ការចំនាយរបស់ពលរដ្ឋក្នុងមួយគ្រួសារនៅក្នុងវិស័យនេះនឹងមាន ២,៩% ទៅ ៦% នៅចុងទសវត្សរ៍នេះ ដោយនៅមិនទាន់រាប់បញ្ចូលការចំនាយផ្សេងៗរបស់ភ្ញៀវទេសចរណ៍អន្តរជាតិនៅឡើយ។ ការរីកចំរើននៅក្នុងវិស័យកំសាន្តទាំងនោះ ក៏ជួយទៅដល់ពលរដ្ឋឱ្យមានទីផ្សារការងារកាន់តែច្រើន នាំយកនូវទំនុកចិត្តនៃការវិនិយោគ ស្របពេលដែលកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងកើនឡើនកាន់តែច្រើនបន្ថែមទៀត នេះបើយោងតាមការព្យាករណ៍៕