មហាសេដ្ឋី Jeff Bezos នឹងធ្វើដំណើរទេសចរណ៍ទៅស្ថានអាវកាសជាលើកដំបូងក្នុងខែកក្កដា ខាងមុខ!

វ៉ាស៊ីនតោន៖ មហាសេដ្ឋីលំបាក់លេខ១ ក្នុងពិភពលោក នឹងត្រៀមហោះហើរទៅកាន់ស្ថានអវកាសជាលើកដំបូងបំផុត ក្នុងបេសកកម្មរបស់ក្រុមហ៊ុន Blue Origin នៅក្នុងខែក្រោយនេះឯង ជាមួយនឹងបងប្អូនបង្កើតរបស់លោក និងជាក្ដីស្រម៉ៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោក Jeff Bezos បានប្រកាសជាផ្លូវការអំពីផែនការ ឡើងទៅលេង និងកំសាន្តនៅលើស្ថានអាវកាសជាលើកដំបូង តាមរយៈយាន្តអាវកាសពិសេសរបស់ក្រុមហ៊ុនលោកគឺ Blue Origin ដែលត្រៀមនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះឯង។ ការហោះទៅស្ថានអាវកាស ក្នុងរូបភាពដំណើរទេសចរណ៍ជាលើកដំបូងនេះ លោក Bezos នឹងហោះទៅជាមួយបងប្អូនបង្កើតរបស់លោកផងដែរ គឺលោក Mark។

តាមការបញ្ជាក់របស់លោក Bezos ជុំវិញផែនការទេសចរណ៍ដ៏អស្ចារ្យមួយនេះ លោកបានបញ្ជាក់ដូច្នេះថា “ខ្ញុំមានក្ដីសុបិន្តហោះទៅកាន់ស្ថានអវកាសចាប់តាំងពីខ្ញុំមានអាយុ ៥ ឆ្នាំមកម្លេះ ហើយនៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ ខ្ញុំធ្វើដំណើរទៅស្ថានអាវកាសជាមួយនឹងបងប្រុសរបស់ខ្ញុំ”។ លោកបានបន្ថែមទៀតថា “នេះគឺជាការផ្សងព្រេងដ៏អស្ចារ្យជាងគេមួយជាមួយនឹងមិត្តដ៏ល្អរបស់ខ្ញុំ”។ ការហោះហើរនេះ នឹងត្រូវរួមដំណើរដោយបុគ្គលិកជំនាញ ដោយប្រើប្រាស់យាន្ត Shepard។

ស្ថិតក្នុងដំណើរទេសចរណ៍ផ្សងព្រេងរបស់មហាសេដ្ឋីលំដាប់ថ្នាក់លេខ១ ក្នុងពិភពលោកនេះ យាន្តនឹងចំនាយពេលប្រមាណ ៤ នាទី ក្នុងល្បឿនលឿនជាង ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង រហូតដល់គន្លងផែនដី ដែលយាន្តចាប់ផ្ដើមលែងមានទម្ងន់ ហើយដំនើរកំសាន្តទេសចរណ៍ នឹងចាប់ផ្ដើមធ្វើឡើង ក្នុងរយៈពេល ១០ នាទី។ ក្រោយទេសចរណ៍អាវកាស ត្រូវបានបញ្ចប់ដោយជោគជ័យ យាន្តនឹងទម្លាក់ខ្លួនចូលមកកាន់ផែនដីវិញ ហើយនឹងប្រើប្រាស់ឆ័ត្រយោងធំៗចំនួន ៣។

គួរបញ្ជាក់ផងដែរថា យាន្ត New Shepard ត្រូវបានធ្វើតេស្ដជាមួយក្រុមការងារ Blue Origin និងអ្នកជំនាញអស់ជាច្រើនលើកច្រើនសារមកហើយ រហូតដល់ទៅ ១៥ ដង ហើយទទួលបានលទ្ធផលល្អ ដែលធានាទៅដល់សុខសុវត្ថិភាព ជាមួយលទ្ធភាពអាចនាំភ្ញៀវទេសចរណ៍ទៅស្គាល់រសជាតិ នៅក្នុងលំហរអាវកាស ដែលគ្មានទំនាញផែនដី និងបានគយគុណទេសភាពដ៏ប្រកាលនៃភពផែនដ៏ពីចម្ងាយ។