ដូចដែលយើងបានដឹងស្រាប់រួចមកហើយ ជុំវិញប្រធានបទនៃបច្ចេកវិទ្យាដឹកជញ្ជូនបែប Hyperloop នៅពេលនេះកំពុងតែមានការភ្ញាក់ផ្អើលខ្លាំង ជាពិសេសនៅតាមបណ្តាប្រទេសអភិវឌ្ឍ ដោយទទួលបានភាពជឿនលឿន និងព័ត៌មានអាប់ដេតទាក់ទងនឹងវា ត្រូវបានប្រកាសចេញជាប្រចាំនៅជុំវិញពិភពលោក រួមទាំងនៅ Saudi Arabia និងនៅ Nevada ផងដែរ។
ថ្មីៗនេះ ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បី Zaha Hadid Architects (ZHA) ក៏ទើបតែបានប្រកាសដែរថា ខ្លួនគ្រោងនឹងជួយនាំយកបច្ចេកវិទ្យាដឹកជញ្ជូនបែប Hyperloop នេះ មកកាន់ប្រទេសអ៊ីតាលី។
ZHA បានសហការជាមួយនឹងក្រុមហ៊ុន Hyperloop Italia ដើម្បីរចនាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន Hyperloop ថ្មីនៅក្នុងប្រទេសអ៊ីតាលី។ ផែនការនេះមិនច្បាស់ទេនៅដំណាក់កាលដំបូង ហើយអ្នកតំណាង ZHA មិនអាចបញ្ជាក់ថាតើការចូលរួមរបស់ក្រុមហ៊ុនខ្លួន នឹងផ្តោតជុំវិញយានយន្តដឹកជញ្ជូនបែប Hyperloop ដោយខ្លួនឯង តាមស្ថានីយ៍ ឬហេដ្ឋារចនាសម្ព័ន្ធធំទូលាយ ក៏ដូចជាទីតាំងដែលវានឹងស្ថិតនៅ នៅឡើយនោះទេ។ ទោះយ៉ាងណាក្រុមហ៊ុន Hyperloop Italia បាននិយាយថា ផ្លូវដែលអាចទៅរួចមួយ សម្រាប់គម្រោងនេះ អាចធ្វើបានរវាងអាកាសយានដ្ឋាន Milan និងអាកាសយានដ្ឋាន Malpensa ដោយកាត់បន្ថយពេលវេលាធ្វើដំណើររវាងគោលដៅទាំងពីរពី ៤០ នាទី មកនៅត្រឹម ១០ នាទីប៉ុណ្ណោះ។
គម្រោងនេះគឺប្រហាក់ប្រហែលនឹងសំណើរបស់ Hyperloop ដទៃទៀតដែរ ហើយនឹងមានបំពង់សម្ពាធទាប (Two low-pressure tubes) ចំនួន ២ ដែលជម្រុញដល់ការដឹកទំនិញ និងដឹកអ្នកដំណើរដែលមានទំហំ ២០ ម៉ែត្រ និងមានអង្កត់ផ្ចិត ២,៧ ម៉ែត្រ អាចប៉ាន់ស្មានក្នុងល្បឿនរហូតដល់ ១.២២៣ គីឡូម៉ែត្រក្នុងមួយម៉ោង តែយ៉ាងណាល្បឿនពិតក៏អាចប្រហែលជាយឺតជាងនេះខ្លះដែរ។ ថាមពលដើម្បីដំណើរការ វានឹងបានមកពីប្រភពកកើតឡើងវិញដូចជាថាមពលពន្លឺព្រះអាទិត្យ ដោយមានជំនួយពីបច្ចេកវិទ្យាហ្វ្រាំងដែលបង្កើតឡើងវិញ (Regenerative braking tech) ហើយយោងទៅតាម ZHA ការរៀបចំ Hyperloop Italia នឹងផលិតថាមពលច្រើនជាងអ្វីដែលវាត្រូវការ។ ទន្ទឹមនឹងនេះសម្ភារៈកែច្នៃ ក៏នឹងត្រូវបានប្រើដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់រួមទាំងស្ថានីយ៍របស់វាផងដែរ។
លោក Patrik Schumacher នាយកផ្នែកច្បាប់របស់ក្រុមហ៊ុន ZHA មានប្រសាសន៍ថា “យើងទន្ទឹងរង់ចាំសហការជាមួយក្រុមហ៊ុន Hyperloop Italia ដែលអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងស្ថាបត្យកម្មផ្លាស់អាចផ្លាស់ប្តូរបាន ប្រព័ន្ធវិស្វកម្ម និងផែនការទីក្រុង ជាមួយនឹងបណ្តាញដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពនិងចីរភាពបំផុត ដើម្បីកែលម្អភាពងាយស្រួលក្នុងការតភ្ជាប់ និងប្រព័ន្ធសុខុមាលភាពនៅក្នុងទីក្រុងរបស់យើង។ យើងចែករំលែកនូវវិធីសាស្រ្តពហុជំនាញរបស់ Hyperloop Italia ដែលរួមបញ្ចូលការបង្កើតថ្មីក្នុងការរចនា និងបច្ចេកវិទ្យាប្រតិបតិ្ត ជាមួយនឹងភាពជឿនលឿននៃសម្ភារៈសម្លេងអេកូឡូស៊ី (ecologically sound materials) និងការអនុវត្តសំណង់ ដែលអាចឲ្យយើងផ្តល់នូវគម្រោងដែលធន់នឹងអនាគត មានលក្ខណៈច្នៃប្រឌិតផ្នែករចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាពបរិស្ថាន។”
ក្រុមហ៊ុន ZHA ហាក់ដូចជាដៃគូដ៏ល្អបំផុតសម្រាប់គម្រោង ហើយតែងតែជាក្រុមហ៊ុនគិតឆ្ពោះទៅមុខជានិច្ច ជាមួយការប្រើប្រាស់ការរចនាគម្រូនិងវិធីសាស្រ្តសាងសង់ជាមួយបច្ចេកវិទ្យាខ្ពស់។ ក្រុមហ៊ុននេះ មានទម្រង់ជាច្រើនសម្រាប់រចនាស្ថានីយ៍រថភ្លើងផងដែរ ហើយបន្ថែមពីលើស្ថានីយ៍ Napoli Afragola ដែលបានបញ្ចប់នៅប្រទេសអ៊ីតាលី វានៅមានបីបន្ថែមទៀតនៅតាមផ្លូវក្នុងប្រទេស Estonia, រុស្ស៊ី និងន័រវែស។
យើងមិនទាន់ដឹងច្បាស់ទេ ថាតើពេលណាគម្រោង Hyperloop របស់ប្រទេសអ៊ីតាលីនឹងចាប់ផ្តើមសាងសង់ ហើយក៏មិនទាន់ដឹងដែរថា ពេលណាវានឹងត្រូវដាក់ឱ្យដំណើរការដែរ តែយើងនឹងបន្តការអាប់ដេតព័ត៌មានទាក់ទងនឹងគម្រោងនេះ សម្រាប់ចែកជូនប្រិយមិត្តអ្នកអាននៅក្នុងពេលក្រោយជាបន្តទៀត។