ទីក្រុងមែលប៊ន ត្រៀមបញ្ចប់ការបិទខ្ទប់នៅថ្ងៃស្អែកនេះ និងបើកដំណើរការឡើងវិញ ក្រោយលទ្ធផលល្អប្រសើរ

អូស្ត្រាលី៖ ពលរដ្ឋប្រមាណជា ៥ លាននាក់ បច្ចុប្បន្នកំពុងរស់នៅក្នុងទីក្រុងមែលប៊ន នឹងធូស្រាលឡើងវិញ ជុំវិញការបើកទីក្រុងឡើងវិញ បន្ទាប់ពីបានបិទខ្ទប់អស់រយៈពេល ២ សប្ដាហ៍កន្លងទៅ ក្នុងហេតុការណ៍ឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍មានការកើនឡើង។ 

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា រដ្ឋាភិបាលប្រទេសអូស្ត្រាលី សម្រេចបញ្ចប់ការបិទខ្ទប់ ទីក្រុងមែលប៊ន នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះហើយ នៅវេលាម៉ោង ១១:៥៩ នាទីយប់តទៅ ត្រូវនឹងម៉ោង ១០ យប់នៅកម្ពុជា។ ស្ថិតក្នុងការបញ្ចប់ការបិទខ្ទប់ទីក្រុងធំទី២ របស់ប្រទេសអូស្ត្រាលីនេះ ត្រូវបានបញ្ជាក់ឱ្យដឹងថា ដោយសារតែអត្រាឆ្លងថ្មីនៅក្នុងសហគមន៍មានការធ្លាក់ចុះ គួរឱ្យកត់សម្គាល់ ដោយមានតែមួយករណីប៉ុណ្ណោះ កាលពីថ្ងៃអង្គារម្សិលមិញនេះ។

ការបញ្ចប់ការបិទខ្ទប់នេះ នៅមិនទាន់បើកទូលាយ ជុំវិញការរស់នៅ និងការធ្វើដំណើរនៅឡើយទេ ដោយពលរដ្ឋនៅក្នុងទីក្រុងមែលប៊នទាំងអស់ មិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចេញពីទីក្រុងមានរយៈចម្ងាយឆ្ងាយជាង ២៥ គីឡូម៉ែត្រនោះឡើយ តែអាចជួបជុំ ឬប្រមូលផ្ដុំមនុស្សក្នុងចំនួន ១០ នាក់ជាអតិបរមាបាន។ ម្យ៉ាងទៀត ដើម្បីសម្រួលទៅដល់ចរន្តសេដ្ឋកិច្ចផ្ទៃក្នុង សាលារៀន ភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់ទំនិញ ភេសជ្ជៈ អាចបើកដំណើរឡើងវិញបាន តែក្លឹបហាត់ប្រាណ និងក្លឹបរាត្រី ត្រូវបន្តផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្នសិន។

ជុំវិញការបញ្ចប់ការបិទខ្ទប់លើកនេះ លោក Jame Merlino មន្ត្រីប្រចាំរដ្ឋ Victoria បានបញ្ជាក់ថា ការបញ្ចប់ការបិទខ្ទប់ទីក្រុងមែលប៊ន នេះនឹងនាំមកនូវថ្ងៃល្អសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ហើយពលរដ្ឋទាំងអស់គប្បីមានមោទនភាពលើខ្លួនឯង ទៅនឹងស្ថានភាពដែលយើងអាចទទួលបានជោគជ័យទាំងអស់គ្នា។ យើងដឹងថា ជំងឺនេះនៅមិនទាន់បញ្ចប់នៅឡើយនោះទេ រហូតយើងមានលទ្ធភាពចាក់វ៉ាក់សាំងនៅទូទាំងតំបន់ និងទីក្រុងទាំងអស់ នៅក្នុងរដ្ឋ Victoria នេះ និងទូទាំងផ្ទៃប្រទេសតែម្ដង ព្រោះថាវីរុសទាំងនោះនៅតែបន្តមានវត្តមានជាមួយយើង។

ទោះបីជាលទ្ធផលទទួលបានជោគជ័យ ដោយសារតែការថាំថយនៃអត្រាឆ្លងថ្មីនៅក្នុងសហគមន៍ក៏ដោយ តែការចម្លងថ្មី អាចនឹងបន្តកើតមានឡើងដដែល ហេតុនេះការបិទខ្ទប់ជាបន្តបន្ទាប់ អាចនឹងត្រូវធ្វើឡើង ស្របពេលច្រកព្រំដែននៅតែបន្តបិទ មិនឱ្យមានការហោះចេញចូល ដោយសេរីពីប្រទេសខាងក្រៅ លើកលែងតែប្រទេស New Zealand។ អូស្ត្រាលី ត្រូវបានអន្តរជាតិចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាឆ្លងទាប ដោយករណីវិជ្ជមានមានតែជាង ៣០,០០០ នកា់ និងស្លាប់ ៩១០ នាក់ ខណៈចំនួនប្រជាជនមានរហូតដល់ទៅជាង ២៥ លាននាក់ នៅទូទាំងផ្ទៃប្រទេស៕