ប្រជាពលរដ្ឋជាច្រើន បានកំពុងប្រើប្រាស់ម៉ាស ដើម្បីការពារខ្លួនពីជំងឺកូវីដ ១៩ តាមសេចក្ដីណែនាំរបស់រដ្ឋាភិបាលរបស់ខ្លួន និងអង្គការសុខភាពពិភពលោក (WHO) តែការប្រើប្រាស់នោះ បានកំពុងចោទឡើងជាបញ្ហាប្រឈមផងដែរ ទៅដល់បរិស្ថានផែនដី ពីផលប៉ះពាល់នៃកាកសំណល់ម៉ាស ដែលប្រើប្រាស់ម្ដង ហើយត្រូវបោះចោល។
ប្រទេសជាច្រើននៅក្នុងសកលលោកបានកំពុងប្រឈមមុខនឹងបញ្ហាមួយនេះ ដោយក្នុងនោះសមុទ្ររបស់ហ្វីលីពីន បានកំពុងរងផលប៉ះពាល់នៃម៉ាសការពារនេះយ៉ាងខ្លាំង ស្ថិតក្នុងទំហំមួយធំធេង ដែលត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ ម៉ាសរាប់រយលាន ត្រូវបានបោះចោល ហើយខ្លះបានទៅដល់ប្រភពទឹកស្អាត ដែលចោទឡើងជាបញ្ហាកកសំណល់ ទៅដល់បរិស្ថានធម្មជាតិ ជីវិតលើគោក និងនៅក្នុងទឹក ធ្វើឱ្យមានភាពកខ្វក់ និងផ្ទុកទៅដោយមេរោគ។
តំបន់ Bauan នៃខេត្ត Batangas របស់ប្រទេសហ្វីលីពីន បានកំពុងរងផលប៉ះពាល់ដោយសារតែ កង្វះខាតនៃការថែរក្សាអនាម័យ ការវិចខ្ចប់កាកសំណល់ ជាប្រភេទម៉ាស ដែលបានប្រើប្រាស់រួចនោះ។ ម៉ាសជាច្រើន ត្រូវបានប្រមូលចេញពីសមុទ្រ ស្ថិតនៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ហើយខ្លះទៀតនៅតែបន្តមានជាបន្តបន្ទាប់ ដែលធ្វើឱ្យប៉ះពាល់ទៅដល់ប្រព័ន្ធអេកូឡូស៊ីជាខ្លាំង ដោយខ្លះអណ្ដែតលើផ្ទៃទឹក ខ្លះធ្លាក់ទៅដល់បាត និងជាប់ទៅនឹងឆ្នេរជាដើម។ បញ្ហានេះ បានកំពុងត្រូវបានដោះស្រាយជាបន្តបន្ទាប់ ដោយលទ្ធផលគឺនឹងតែបន្តមាន ព្រោះការប្រើប្រាស់ម៉ាសនៅមិនអាចទាន់ត្រូវបញ្ចប់ក្នុងរយៈពេលខ្លីនោះឡើយ។
បញ្ហានេះ គឺដោយសារតែកំណើនប្រើប្រាស់ម៉ាស មានចំនួនច្រើនលើសលុប ដោយក្នុងមួយថ្ងៃៗ អត្រានៃការប្រើប្រាស់ និងបោះចោល គឺមានយ៉ាងច្រើនសម្រាប់ម៉ាសប្រភេទ ៣-៤ ស្រទាប់។ ម្យ៉ាងទៀតមកពីកត្តាមនុស្ស ដែលបានបោះចោលដោយមានភាពខ្ជីខ្ជា ឬពុំមានបោះចោលទៅកាន់ធុងសំរាមបានត្រឹមត្រូវ។ បញ្ហានេះមិនមែនកើនមានឡើងតែនៅប្រទេសហ្វីលីពីននោះទេ បណ្ដាប្រទេសជាច្រើនផ្សេងៗទៀត ដូចជាហុងកុង ក៏មានបញ្ហាកាកសំណល់ម៉ាសនេះ ទៅដល់ប្រភពទឹកស្អាតផងដែរ ហើយត្រូវបានចាត់វិធានការប្រមូល ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាននៅតំបន់ឆ្នេរ ឬតំបន់ទឹកស្អាត។
តាមការបញ្ជាក់របស់ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ប្រភេទម៉ាសដែលមាន ៣ ទៅ ៤ ស្រទាប់ នៅក្នុងសមុទ្រ ត្រូវចំនាយពេលយ៉ាងហោចណាស់ ៤៥០ ឆ្នាំទៅអាចរលាយបាត់ ខណៈការវាយតម្លៃដំបូង របស់ម៉ាសជាច្រើន បានទៅដល់ប្រភពទឹកស្អាត ឬតាមតំបន់ឆ្នេរ និងសមុទ្រនៅជុំវិញពិភពលោក អាចមានរហូតដល់ទៅ ១.៥៦ ពាន់លាន កាលពីឆ្នាំ ២០២០ កន្លងទៅ ដែលជាទំហំនៃកាកសំណល់យ៉ាងច្រើនសន្ធឹកសន្ធាប់។ នេះគឺជាបញ្ហាមួយ ដែលត្រូវរួបរួមគ្នា ដោះស្រាយ ហើយក៏ជាសារដំណឹងទៅដល់មនុស្សជាតិនៅទូទាំងពិភពលោក ឱ្យមានការយកចិត្តទុកដាក់ជុំវិញការបោះម៉ាសចោល ដោយត្រូវវិចខ្ចប់ឱ្យបានល្អជាសវាង ការធ្វេសប្រហែសដែលបំពុលទៅដល់បរិស្ថាននៅជុំវិញខ្លួន៕