ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញ BIG (Bjarke Ingels Group) បានបង្ហាញពីគម្រោងនៃការរចនារបស់ខ្លួន សម្រាប់មជ្ឈមណ្ឌលរៀបចំប្រព័ន្ធធ្វើដំណើរថ្មីមួយ ដែលមានទីតាំងនៅទីក្រុង Västerås ប្រទេសស៊ុយអែត។ គម្រោងនេះនឹងផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធំៗជាច្រើន នៅក្នុងទីក្រុងក្រោមរចនាបថដំបូលដ៏ទាក់ភ្នែកមហាជន ហើយក៏នឹងបំពាក់មកជាមួយនឹងបច្ចេកវិទ្យាប្រកបដោយនិរន្តរភាព ដូចជាបន្ទះសូឡាស្រូបថាមពលព្រះអាទិត្យជាដើម។
មជ្ឈមណ្ឌលទេសចរណ៍ ឬមជ្ឈមណ្ឌលនៃប្រព័ន្ធធ្វើដំណើរថ្មីសម្រាប់ទីក្រុង Västerås នេះគឺពិតជាការទទួលយកជាថ្មីម្តងទៀត ទៅលើគម្រោងដើមដែលបានគ្រោងដំណើរការកាលពីឆ្នាំ 2015 ហើយនឹងមានរង្វាស់ប្រមាណ 16,963 ម៉ែត្រការ៉េ។
វានឹងមានស្ថានីយ៍រថយន្ដក្រុង ស្ថានីយ៍តាក់ស៊ី ប្រព័ន្ធរថភ្លើងក៏ដូចជាការិយាល័យលក់សំបុត្រ បន្ទប់ទឹក និងកន្លែងផ្សេងទៀតដែលអាចរំពឹងទុកដូចនៅក្នុងមជ្ឈមណ្ឌលដឹកជញ្ជូនមួយផងដែរ។
កន្លែងផ្សេងទៀតនឹងមានហាងកាហ្វេ តំបន់រាបស្មើលើដំបូល តំបន់ឧទ្យានសម្រាប់ការណាត់ជួបឬទំនាក់ទំនងសង្គម ផ្លូវថ្មើរជើងថ្មី និងផ្លូវសម្រាប់ជិះកង់ជាដើម។ គំនិតសំខាន់នៅពីក្រោយគម្រោង គឺដើម្បីពង្រឹងសេវាកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទីក្រុង ក្រោមដំបូលតែមួយ។
ក្រុមហ៊ុន BIG បានពន្យល់ថា “សំណើរបស់យើងសម្រាប់មជ្ឈមណ្ឌលទេសចរណ៍ថ្មីរបស់ Västerås នឹងនាំមកនូវការរួមបញ្ចូលគ្នានៅទូទាំងមជ្ឈមណ្ឌលហេដ្ឋារចនាសម្ពន្ធ័ទាំងមូលរបស់ទីក្រុង នៅក្នុងទេសភាពមួយក្រោមដំបូលតែមួយ។ យើងស្នើឱ្យមានអគារមួយ ដែលអាចធ្វើការបង្រួបបង្រួមជាជាងការបំបែកមុខងារ។ ផ្នែកដំបូលរបស់វាក៏នឹងស្វាគមន៍ភ្ញៀវទេសចរទៅកាន់ Västerås ខណៈពេលតែមួយ វាក៏ផ្តល់ជូនមជ្ឈមណ្ឌលធ្វើដំណើរនូវអត្តសញ្ញាណច្បាស់លាស់ផងដែរ។”
បើយោងតាមប្រភពព័ត៌មានដែលទទួលបាន បានឲ្យដឹងថាដំបូលមួយផ្នែក ត្រូវបានដាក់បញ្ចូលជាមួយនឹងរចនាបថពណ៌បៃតង សំខាន់ដំបូលនៃអគារនេះនឹងមានបន្ទះស្រូបពន្លឺព្រះអាទិត្យ រួមបញ្ចូលគ្នា ដែលនឹងបង្កើតបានជាថាមពលអគ្គិសនីដល់ទៅ 70% នៃតម្រូវការអគ្គិសនីទាំងមូលរបស់វា។ លើសពីនេះទៀត វានឹងបំពាក់ប្រព័ន្ធចាប់ទឹកភ្លៀង ហើយនឹងរក្សាសីតុណ្ហភាពមានផាសុខភាព ជាមួយនឹងប្រព័ន្ធកំដៅ និងត្រជាក់ទៀតផង។ ដំបូលនេះនឹងមានកន្លែងសម្រាប់ឲ្យពន្លឺធម្មជាតិជ្រៀតចូលទៅក្នុងបាន ហើយផ្នែកខាងមុខនៃអគារនឹងមានបន្ថែមកញ្ចក់ចាំងឆ្លុះ (generous glazing wall) ផងដែរ ដែលនឹងទាញយកពន្លឺថ្ងៃទៅខាងក្នុង និងកាត់បន្ថយការប្រើប្រាស់អគ្គិសនីមួយផ្នែកដូចគ្នា។
មជ្ឈមណ្ឌលទេសចរណ៍ Västerås (The Västerås Travel Center) គ្រោងនឹងបញ្ចប់នៅឆ្នាំ 2025។ គួររំលឹកផងដែរថា ទីក្រុងនេះក៏ជាទីកន្លែងនៃវត្តមានរបស់អគារ Kajstaden Tall Timber Building របស់ក្រុមហ៊ុនស្ថាបត្យកម្ម C.F. Møller Architects។