រចនាបទផ្ទះល្វែងថ្មី សម្រាប់ជីវិតរស់នៅទាន់សម័យ និងបង្កប់ដោយភាពច្នៃប្រឌិត!

ផ្ទះល្វែងនាពេលបច្ចុប្បន្ន មានរចនាបទប្លែកៗ ដែលបានបង្ហាញខ្លួននៅតាមបុរី ឬនៅតាមដងផ្លូវនានា នៅទូទាំងប្រទេស ដោយឡែកសម្រាប់រចនាបទ នៃគំរូផ្ទះល្វែងមួយនេះវិញ មិនត្រឹមតែប្លែកប៉ុណ្ណោះទេ តែបានបង្កប់មកជាមួយនឹងគំនិតច្នៃប្រឌិត ជុំវិញការរស់នៅជាមួយធម្មជាតិ នៅក្នុងសំណង់អគារ សាកសមសម្រាប់ជីវិតសម័យថ្មី។

សម្រាប់អ្នករស់នៅផ្ទះល្វែង ហើយចង់មានរុក្ខជាតិបៃតង ទីកន្លែងទូលាយ អ្នកចូលចិត្តការអាន នឹងពេញចិត្តជាមួយនឹងរចនាបទនៃសំណង់ផ្ទះល្វែងនេះ ដែលបច្ចុប្បន្នក៏កំពុងទទួលបានការចាប់អារម្មណ៍នៅប្រទេសវៀតណាមផងដែរ ទៅលើការវិវឌ្ឍន៍ខ្លួនកាន់តែប្លែក សាកសមសម្រាប់មនុស្សសម័យថ្មី។ ផ្ទះល្វែងមួយនេះមានឈ្មោះហៅជាផ្លូវការថា Da Nang House មានអាសយដ្ឋានស្ថិតនៅលើកោះ VIP សង្កាត់ Xoa Xuan នៃទីក្រុងដាណាង (Da Nang) ប្រទេសវៀតណាម ត្រូវបានសាងសង់ និងគូប្លង់ឡើងដោយក្រុមស្ថាបត្យករ AD9 Architects។

Da Nang House មាន ៤ ជាន់ មានទំហំសរុប ៥០០ ម៉ែត្រការ៉េ ដោយជាន់ផ្ទាល់ដី នៃច្រកចូលផ្ទះគឺជា ទីកន្លែងទទួលភ្ញៀវ ដែលអាចអង្គុយទទួលទានអាហារ សំរាក ជជែកគ្នាលេង ហើយចូលទៅក្នុងគឺជាកន្លែងទទួលទានអាហារ និងផ្ទះបាយ ខណៈជាន់ទី១ និងទី ២ គឺជាបន្ទប់គេងសម្រាប់មេគ្រួសារ សមាជិកគ្រួសារជាដើម។ មិនតែប៉ុណ្ណោះ ផ្ទះល្វែងមួយនេះ មានបណ្ណាល័យផ្ទាល់ខ្លួន ដែលអាចដាក់សៀវភៅបានរាប់រយក្បាល ជាមួយខ្យល់អាកាសចេញចូលយ៉ាងប្រសើរ និងមានរុក្ខជាតិនៅតាមជាន់នីមួយៗ ធ្វើឱ្យការរស់នៅស្រស់ស្រាយ។

ផ្ទះខាងក្នុងផ្ទះ ត្រូវបានខាន់ចែកជា ២ ដោយកាំជណ្ដើរ សម្រាប់ឡើងទៅជាន់នីមួយៗ ដោយខាងមុខមាន ៣ បន្ទប់ខណៈខាងក្រោយមាន ៤ បន្ទប់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី។ បន្ទប់នីមួយៗបង្កប់ជាមួយឈើភាគច្រើន ដែលមានពណ៌ផ្សេងៗគ្នា មិនប្រើប្រាស់លោហៈច្រើននោះទេ រាប់បញ្ចូលទាំងតុ ទូ កៅអី គ្រែគេង ជាដើម។ សម្រាប់នៅផ្នែកខាងមុខផ្ទះ ដែលអាចមើលពីខាងក្រៅ ក្រាលឥដ្ឋតម្រៀបគ្នា មានវេរ៉ង់ដាចេញមកខាងក្រៅ សម្រាប់ស្រូបយកខ្យល់អាកាស និងមានដើមឈើរតាំងនៅខាងមុខ និងនៅជាន់ដំបូងខាងលើបង្អស់ផងដែរ។ ជាន់ខាងលើ សម្រាប់ដាំរុក្ខជាតិបៃតងសម្រាប់លម្អ។

ក្រុមស្ថាបត្យករ AD9 បានបញ្ជាក់ថា ការសាងសង់ផ្ទះល្វែងថ្មី ដែលមានរចនាបទទាន់សម័យ សម្រាប់មនុស្សសម័យថ្មីរសនៅនេះ គឺផ្លាស់ប្ដូរការរស់នៅថ្មីស្រឡាង ដោយផ្ដល់នូវទីធ្លាកាន់តែច្រើនទៅដល់ការរស់នៅ ពិសេសមានខ្យល់ចេញចូល និងពន្លឺគ្រប់គ្រាន់ ធ្វើឱ្យមានភាពស្រស់ស្អាត ជុំវិញការរស់នៅប្រចាំថ្ងៃ ជាជាងរចនាបទដដែលៗ ប្រៀបបានដូចជាផ្ទះបិទជិត មានខ្យល់ចេញចូលតិច និងមិនឱ្យណោយផលទៅដល់ពន្លឺឆ្លងកាត់៕