ភ្នំខ្នងផ្សារ បានក្លាយទៅជារមណីយដ្ឋានអេកូទេសចរណ៍បែបផ្សងព្រេងដ៏ពេញនិយមបំផុតមួយក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ដោយសារតែសម្រស់វាលស្មៅបៃតងខ្ចីលើខ្នងភ្នំដ៏ស្រស់ស្អាតប្លែកភ្នែក និងជារមណីយដ្ឋានថ្មីដែលទើបមានមនុស្សទៅកម្សាន្ដច្រើន ហើយក៏មានចម្ងាយជិតផងដែរ ប្រសិនបើប្រៀបធៀបទៅនឹងរមណីយដ្ឋានផ្សេងព្រេងដទៃទៀត។
ចាប់ពីខែមិថុនានេះតទៅ ភ្នំខ្នងផ្សារកំពុងក្លាយទៅជាទិសដៅទេសចរណ៍ផ្សេងព្រេងដ៏ពេញនិយមបំផុតជាពិសេសក្នុងស្រទាប់យុវវ័យ ដោយសាតែរដូវភ្លៀងបានធ្វើឲ្យវាលស្មៅលាស់បៃតងខ្ចី ផ្ការីកស្រស់ និងអាកាសធាតុត្រជាក់ល្អ ជាពិសេសវាក៏ជាខែដែលកញ្ចុំផ្កាយ Milky way រះឡើង ជាពេលល្អបំផុតសម្រាប់សិល្បៈករថតរូប អាចចាប់ប្លង់ (nightscape) ទិដ្ឋភាពនាពេលរាត្រីបាន។
ដើម្បីធ្វើដំណើរទៅដល់ភ្នំខ្នងផ្សារ យើងត្រូវជិតតាមផ្លូវជាតិលេខ ៤ ទៅដល់ក្រុងច្បារមន រួចបត់ទៅស្ដាំនៅត្រង់ស្ដុបស្ថានីយ៍ប្រេងឥន្ធនៈតេលាច្បារមន ប្រហែល ១ គីឡូម៉ែត្រ ត្រូវបត់ឆ្វេងតាមផ្លូវជាតិលេខ ៤៤ ទៅរង្វង់មូលឱរ៉ាល់ ប្រហែល ៥០ គីឡូម៉ែត្រទៀត។ ក្រោយពីដល់រង្វង់មូលឱរ៉ាល់រួច យើងធ្វើដំណើរតាមផ្លូវលំប្រហែល ៣៥ គីឡូម៉ែត្រ កាត់រមណីយដ្ឋាន តេទឹកពុះ ដើម្បីទៅដល់សហគមន៍នៃភូមិរលាក់កងជើង និងទីស្នាក់ការមន្ត្រីបរិស្ថានដើម្បីចុះឈ្មោះ និងស្វែងរកអ្នកនាំផ្លូវឡើងភ្នំ ដោយយើងមានគោលដៅចំនួន ២ គឺទៅភ្នំខ្នងក្រពើ ឬទៅភ្នំខ្នងផ្សារ។
ចំពោះការធ្វើដំណើរឡើងភ្នំ នឹងជួបឧបសគ្គច្រើនប្រសិនបើអ្នកមានឧបករណ៍អីវ៉ាន់ច្រើនស្ពាយជាប់នឹងខ្លួន ដោយសារតែយើងត្រូវធ្វើដំណើរថ្មើជើងឡើងភ្នំចម្ងាយឆ្ងាយ។ ដំណាក់កាលទី១ យើងអាចថ្មើជើង ឬជិះគោយន្ដ ឬជិះម៉ូតូដែលមានកម្លាំងខ្លាំង ដើម្បីធ្វើដំណើរទៅដល់ចង្កេះភ្នំចម្ងាយប្រហែល ៥ គីឡូម៉ែត្រ ចំណែកដំណាក់កាលទី២ ត្រូវថ្មើជើងឡើងភ្នំចម្ងាយ ៦ គីឡូម៉ែត្រទៀតដើម្បីដល់កំពូលភ្នំនិងជំរុំបោះតង់។
តំបន់ទេសចរណ៍ភ្នំខ្នងផ្សារ មានទេសភាពស្អាតៗ និងមានទឹកធ្លាក់ជាច្រើនកន្លែង។ កំពូលភ្នំដែលយើងដល់ដំបូងគេគឺខ្នងស្រល់ មានទេសភាពស្រដៀងនឹងឧទ្យានគិរីរម្យ ហើយក៏មានទឹកជ្រោះតូចមួយសម្រាប់ងូតយ៉ាងថ្លាឆ្វង់ និងត្រជាក់ផងដែរ។ តំបន់ទី២ គឺកន្លែងបោះតង់មុខភ្នំខ្នងសំពៅ ដែលយើងបានឃើញនៅក្នុងរូបភាពច្រើនបំផុត។ ចំណែកភ្នំខ្នងផ្សារ ភាគច្រើនគឺអ្នកទេសចរទៅនៅពេលព្រឹកព្រលឹមវេលាម៉ោង ៥ ដើម្បីមើលថ្ងៃរះពីលើភ្នំខ្នងផ្សារ ហើយនឹងហួសទៅលេងទឹកជ្រោះផ្សេងៗទៀត។
ភ្នំខ្នងផ្សារ ពិតជាគោលដៅទេសចរណ៍ផ្សេងព្រេងដ៏ពិសេសមួយ ដែលផ្ដល់នូវបទពិសោធន៍ និងទេសភាពដែលអ្នកកម្របានឃើញពីមុនមក ហើយបទពិសោធន៍និងទេសភាពទាំងនោះពិតជាមានតម្លៃសម្រាប់ការខិតខំថ្មើរជើងឡើងភ្នំរាប់ម៉ោងរបស់យើង។