ក្រុមហ៊ុន AstraZeneca និយាយថាខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ ប្រទេសអាស៊ាន នៅលើការចែកចាយវ៉ាក់សាំងរបស់ខ្លួន!

ក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រ AstraZeneca បាននិយាយថាខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលនៃប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីធានាថាវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនត្រូវបានផ្គត់ផ្គង់ឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន បន្ទាប់ពីមានការពន្យារពេលក្នុងការចែកចាយការបញ្ជាទិញពីរោងចក្រប្រទេសថៃ។ 

នៅក្នុងសប្តាហ៍នេះ ប្រទេសម៉ាឡេស៊ីនិងតៃវ៉ាន់ បានក្លាយជាប្រទេសចុងក្រោយនៅក្នុងតំបន់ ដែលបានលើកឡើងថា ពួកគេអាចស្មានដឹងថានឹងមានការពន្យារពេលក្នុងការផ្តល់ និងចែកចាយវ៉ាក់សាំង AstraZeneca ដែលផលិតនៅក្នុងប្រទេសថៃ។

ក្រុមហ៊ុនបាននិយាយតាមអ៊ីមែលទៅសារព័ត៌មានរ៉យទ័រ (Reuters) ថា “ការចែកចាយទៅកាន់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសម៉ាឡេស៊ីផងនោះ នឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។”

សេចក្តីថ្លែងការណ៍របស់ AstraZeneca បាននិយាយថា “យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយរដ្ឋាភិបាលពាក់ព័ន្ធនីមួយៗ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ របស់យើង ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។”

យ៉ាងណា ក្រុមហ៊ុននេះមិនបានឆ្លើយតបបន្ថែមទៀត ចំពោះសំណួរទាក់ទងនឹងចរន្តរបស់រោងចក្រ Nonthaburi និងកម្រិតផលិតកម្មនាពេលអនាគតដែលរំពឹងទុកនោះទេ។ ផែនការចែកចាយរបស់ក្រុមហ៊ុន AstraZeneca នៅអាស៊ីអាគ្នេយ៍ពឹងផ្អែកលើវ៉ាក់សាំងប្រមាណ ២០០ លានដូស ដែលផលិតដោយក្រុមហ៊ុន Siam Bioscience ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca ជាលើកដំបូងនៅក្នុងប្រទេសថៃ។ គួររំលឹកផងដែរថា Siam Bioscience កាលពីខែមករាបាននិយាយថា ខ្លួនមានសមត្ថភាពផលិតវ៉ាក់សាំង ២០០ លានដូសក្នុងមួយឆ្នាំគិតជាមធ្យម ដោយមាន ១៥-២០ លានដូសក្នុងមួយខែ។

ក្រុមហ៊ុនថៃនិងក្រុមហ៊ុន AstraZeneca មិនបានបង្ហើបពីគោលដៅផលិតកម្មសរុប ហើយក៏មិនបានអត្ថាធិប្បាយ ថាតើរោងចក្រនេះបានខកខានគោលដៅរបស់ខ្លួនដែរឬក៏អត់នោះទេ។

ប្រទេសម៉ាឡេស៊ីគ្រោងនឹងទទួលបាននូវវ៉ាក់សាំងចំនួន ៦១០.០០០ ដូសពីប្រទេសថៃនៅក្នុងខែមិថុនា និង ១,៦ លានដូសបន្ទាប់នៅឆ្នាំនេះ ប៉ុន្តែរដ្ឋមន្រ្តីវិទ្យាសាស្រ្តលោក Khairy Jamaluddin បាននិយាយកាលពីថ្ងៃពុធនេះថាយើងអាចដឹងថានឹងមានការពន្យាពេលខ្លះ។

ដោយឡែក ខាងទីប្រឹក្សាប្រធានាធិបតីហ្វីលីពីន បាននិយាយកាលពីសប្តាហ៍មុនថាការបញ្ជូនវ៉ាក់សាំងលើកដំបូងទៅកាន់ប្រទេសហ្វីលីពីន ដែលត្រូវបានគេសន្យាថាមានចំនួន ១៧ លានដូស ត្រូវបានកាត់បន្ថយ និងពន្យារពេលជាច្រើនសប្តាហ៍មកហើយ។

ប្រទេសថៃដែលរំពឹងថា នឹងទទួលបាននូវវ៉ាក់សាំងចំនួន ៦ លានដូសសំរាប់ខែមិថុនានេះ សប្តាហ៍មុនបានទទួលនូវដូសដែលផលិតឡើងដោយផ្ទាល់ក្នុងស្រុកចំនួន ១,៨ លានដូស និង ២០០.០០០ ដូស នាំចូលពីប្រទេសកូរ៉េខាងត្បូង។

គូសសម្គាល់ផងដែរថា ក្រុមហ៊ុន AstraZeneca កាលពីមុនបានជួបប្រទះនឹងបញ្ហាផលិតកម្ម និងការចែកចាយវ៉ាក់សាំងរបស់ខ្លួន ទៅកាន់ផ្នែកផ្សេងទៀតក្នុងពិភពលោក។ កិច្ចព្រមព្រៀងក្នុងការបង្កើតផលិតកម្មនៅតៃវ៉ាន់មិនបានសម្រេច ហើយក្រុមហ៊ុននេះក៏កំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់ ពីសំណាក់សហគមន៍អ៊ឺរ៉ុប ជុំវិញកិច្ចសន្យាផ្គត់ផ្គង់ផងដែរ។