រយៈពេល ១៥ ខែអាជ្ញាធរជាតិអប្សរាបានជួសជុលបណ្ណាល័យខាងត្បូង ប្រាសាទព្រះខ័ន បានរួចរាល់!

នៅដំណាច់ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាទើបតែបានបញ្ចប់នូវគម្រោងជួសជុលបណ្ណាល័យខាងត្បូង នៃប្រាសាទព្រះខ័នបានរួចរាល់ ហើយក្រុមការងារអភិរក្សប្រាសាទ កំពុងធ្វើការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក ដើម្បីកំណត់ទីតាំងប្រាសាទដែលប្រឈមនឹងគ្រោះថ្នាក់ និងមានគម្រោងជួសជុលប្រាសាទទ្រុឌទ្រោមជាច្រើនទៀតជាអាទិភាព។ 

គម្រោងជួសជុលបណ្ណាល័យខាងត្បូង នៃប្រាសាទព្រះខ័ន ត្រូវបានដឹកនាំដោយលោក ជា សារិទ្ធ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោកមានប្រសាសន៍ឲ្យដឹងថា បណ្ណាល័យខាងត្បូងនេះ មានសភាពទ្រុឌទ្រោមទៅហើយ ហើយទ្រេតខ្លាំងទៅជ្រុងខាងត្បូងទៀតផង ដោយសារតែគ្រឹះចុះខ្សោយ និងមានដើមស្ពង់ធំមួយដុះចំពីលើដំបូងប្រាសាទ ធ្វើឲ្យប្រាសាទប្រះស្រាំបើកចំហរចាប់ពីផ្នែកដំបូល រហូតដល់ខឿន។ ដូចនេះ ប្រសិនបើគ្មានការជួសជុលទេប្រាសាទអាចនឹងប្រឈមការដួលរលំ។ 

គម្រោងជួសជុលបណ្ណាល័យខាងត្បូង ត្រូវបានចាប់ផ្ដើមឡើងពីខែសីហា ឆ្នាំ២០២០ និងបញ្ចប់ទៅនៅខែឧសភា ឆ្នាំ២០២១ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក World Monuments Fund (WMF)។ ការងារជួសជុលបណ្ណាល័យនេះ ចាប់ផ្ដើមពីការធ្វើសម្រង់ប្លង់ និងសិក្សាយ៉ាងម៉ត់ចត់ អំពីស្ថានភាពគ្រោះថ្នាក់ មុននឹងឈានទៅដល់ការធ្វើកំណាយបុរាណវិទ្យា និងពិនិត្យស្ថានភាពគ្រឹះរបស់ប្រាសាទ ហើយដំណាក់កាលទីពីរ គឺការរុះរើថ្ម ជួសជុលពង្រឹងគ្រឹះប្រាសាទ និងរៀបផ្គុំថ្មតាមផ្នែកដែលខូចខាតឡើងវិញ។ ក្រោយពីបញ្ចប់គម្រោងបណ្ណាល័យនេះ ក្រុមការងារអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា នឹងត្រូវជួសជុលខ្លោងទ្វារខាងកើតនៃអគារព្រះឥសូរ និងជួសជុលកំពង់ទឹកនៅខាងកើត ក្នុងប្រាសាទព្រះខ័នបន្ដទៅទៀត។ 

សូមបញ្ជាក់ផងដែរថា ប្រាសាទព្រះខ័ន ត្រូវបានសាងសង់ឡើងដំបូងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ដើម្បីឧទ្ទិសជូនព្រះបិតារបស់ព្រះអង្គ និងការគោរពបូជាបែបព្រះពុទ្ធសាសនាមហាយាន្ដ។ ប្រាសាទព្រះខ័ន ស្ថិតនៅតាមផ្លូវវង់ធំ ចេញតាមខ្លោងទ្វារដីឆ្នាំង ដែលវិមាត្រប្រាសាទនេះមានទំហំ ៨០០ ម៉ែត្រ x ៧០០ ម៉ែត្រ និងមានរចនាបថបាយ័ន ស្រដៀងប្រាសាទតាព្រហ្មដែរ ចំណែកឈ្មោះថាប្រាសាទព្រះខ័ន គឺសំដៅទៅលើព្រះខ័នជ័យ ឬដាវជ័យ ដែលព្រះបាទជ័យវរ្ម័នបានទទួលជ័យជំនះពីការឈ្លានពានពីសំណាក់ពួកចាមនាសម័យនោះ។

 

 

ប្រភព៖ អាជ្ញាធរជាតិអប្សរា