រោងចក្រចម្រាញ់រ៉ែមាស នៅមណ្ឌលគិរី នឹងដំណើរការថ្ងៃទី២១ មិថុនា អាចផលិតមាសសុទ្ធបាន ៣ តោន/ឆ្នាំ!

ក្រោយពីបានសិក្សាស្រាវជ្រាវ រុករករ៉ែមាសអស់រយៈពេល ១៤ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនអូស្ត្រាលី Renaisssance Minerals (Cambodia) Limited នឹងចាប់ផ្ដើមដាក់ដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្មស្ដង់ដារអន្តរជាតិដំបូងក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដោយក្រុមហ៊ុនមានលទ្ធភាពផលិតចេញជាមាសដុំពាក់កណ្ដាលសម្រេច ដែលមានអត្រាមាស ៩០% (Gold Dore Bars) នៅក្នុងបរិមាណ ៣ តោនក្នុងមួយឆ្នាំ នៅក្នុងរយៈពេល ៨ ឆ្នាំដំបូង នឹងអាចពង្រីកលទ្ធភាពខ្ពស់ជាងនេះទៀត នៅឆ្នាំបន្ដបន្ទាប់។

យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្មដំបូងនេះ មានទីតាំងស្ថិតនៅក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយបានអនុញ្ញាតិដល់ក្រុមហ៊ុនអូស្ត្រាលីធ្វើការស្រាវជ្រាវ រុករកជម្រករ៉ែមាស ដើម្បីឈានដល់ការធ្វើអាជីវកម្មបាន ត្រូវចំណាយពេល ១៤ ឆ្នាំមកហើយ និងថវិកាជាច្រើនទៀត ហើយម្យ៉ាងទៀត យើងត្រូវសិក្សាអំពីលក្ខខណ្ឌសេដ្ឋកិច្ច និងបច្ចេកទេសអាជីវកម្មធនធានរ៉ែ ឲ្យសមស្របទៅនឹងស្ដង់ដារអន្តរជាតិ។ 

មកដល់ពេលនេះ កម្ពុជារំពឹងថា ផលិតផលមាស ជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្ដល់ផលប្រយោជន៍ជាចំណូលដុល ជាមធ្យមប្រមាណ ១៨៥ លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្ដថវិកាជាតិដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

ការបើកដំណើរការការដ្ឋានអាជីវកម្មរ៉ែមាសខ្នាតឧស្សាហកម្មខាងលើនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀតបន្ទាប់ពីការឈានចូលឧស្សាហកម្មប្រេងរបស់កម្ពុជា ហើយវាគឺជាគម្រូថ្មីមួយលើអាជីវកម្មរ៉ែ ដោយសារពីមុនយើងមានតែឧស្សាហកម្មរ៉ែមាសបែប្រពៃណី ជាលក្ខណៈគ្រួសារ និងអាជីវកម្មខ្នាតតូច ប៉ុន្តែក្រោយពីការខិតខំប្រឹងប្រែងរាប់ឆ្នាំមកនេះ យើងពិតជាអាចទាញយកធនធានធម្មជាតិក្រោមដី មកបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិ យ៉ាងពិតប្រាកដ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។