គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា កំពុងតែបន្តដំណើរទៅមុខតាមផែនការដែលបានគ្រោងទុក

ភ្នំពេញ៖ កិច្ចដំណើរការនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា កំពុងតែបន្តទៅមុខ បើទោះបីជាស្ថិតក្រោមការវាយប្រហារនៃជំងឺកូវីដ ១៩ ក៏ដោយ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្ដមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា។

តាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្ត្រី ឱ្យដឹងអំពីបច្ចុប្បន្នភាព នៃគម្រោងកំពុងអនុវត្តបន្ត និងគម្រោងសាងសង់នាពេលអនាគត ដែលក្នុងនោះរួមមានដូចជា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ១ លេខ២ លេខ២២ លេខ៣ លេខ៤ លេខ៥ ផ្លូវជាតិលេខ៦ លេខ៧ លេខ៨ លេខ៤៨ លេខ១០ លេខ១១ លេខ៥៦ លេខ៥៨ និងផ្លូវជាតិលេខ៧៦ ដែលត្រូវបានបញ្ចប់ការសាងសង់រួចរាល់ និងគម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៣១ ៣៣ ៤១ ពីផ្លូវកៅស៊ូ ពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) គម្រោងសាងសង់ផ្លូវជាតិលេខ៧១c កំពង់ចាម-ត្បូងឃ្មុំ និង គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ កំពុងដំណើរការបន្តឥតឈប់ឈរ។

ជាមួយគ្នានោះដែរ កម្ពុជា ក៏បានកំពុងបន្តធ្វើការងារ នៅលើគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុង ព្រះសីហនុ គិតមកដល់ពេលនេះសម្រេចបានជាង ៥០% ហើយ និងមានគម្រោងសាងសង់ផ្លូវល្បឿនលឿនពី ភ្នំពេញ-បាវិត គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងដំណើរការ សាងសង់ និងគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងភ្នំពេញ ដោយ មិនទាន់មានគម្រោងណាមួយ ត្រូវបានរងផលប៉ះពាល់ដោយការរាតត្បាតនៃជំងឺកូវីដ ១៩ នៅឡើយទេ។

កាន់តែប្រសើរជាងនោះទៅទៀត សព្វថ្ងៃក្រសួងបានប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាសម័យទំនើបដើម្បីគាំទ្រដល់ផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ចំណេញពេល វេលា កាត់ចំណាយក្រៅផ្លូវការ ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ប្រព័ន្ធ ស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន ការបើកដំណើរការមណ្ឌលប្ដូរនិងពន្យារបណ្ណបើកបរនៅផ្សារ ទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារ ទំនើបជីបម៉ុង និងការបង្កើតទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្ត និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ដើម្បីឱ្យប្រជាពលរដ្ឋ ចូលរួមរាយការណ៍អំពីផ្លូវខូច សំដៅថែទាំផ្លូវឱ្យបានយូរអង្វែង។

សម្រាប់ថ្ងៃអនាគត កម្ពុជាកំពុងគិតគូរអំពី គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនបៃតង ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើននៃ សាកលភាវូបនីយកម្ម ជាពិសេសការប្រើប្រាស់យានយន្តដែលដើរដោយថាមពលអគ្គិសនីជំនួសវិញ ដើម្បីអាចកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងជៀសវាងការបំភាយឧស្ម័នផ្ទះកញ្ចក់នៅពេលដែល យានយន្តអគ្គិសនីសាកភ្លើងដោយថាមពលកកើតឡើងវិញ ផងដែរ៕

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន