ប្រទេសថៃ បានកំណត់ពេលជាថ្មី នៅក្នុងកំឡុងពាក់កណ្តាលខែតុលាខាងមុខ ដើម្បីបើកទ្វារទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួច!

ទីក្រុងបាងកក៖ បើយោងតាមលោកនាយករដ្ឋមន្ត្រីថៃ បានប្រកាសកាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះថា ប្រទេសថៃគ្រោងនឹងបើកទ្វារជាថ្មីសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួច នៅក្នុងកំឡុងពាក់កណ្តាលខែតុលាខាងមុខនេះ ខណៈដែលរដ្ឋាភិបាលបានព្យាយាមស្តារវិស័យឧស្សាហកម្មទេសចរណ៍ដែលត្រូវបានបំផ្លិចបំផ្លាញដោយវីរុសកូវីដ-១៩។

 

លោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha បាននិយាយថា ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដរួច និងការវិលត្រឡប់របស់ពលរដ្ឋថៃ ត្រូវតែបានអនុញ្ញាតឱ្យចូលដោយគ្មានការដាក់កម្រិត ឬការរអាក់រអួលផ្សេងៗឡើយ ហើយគោលដៅរបស់លោក គឺដើម្បីបើកប្រទេសនេះក្នុងរយៈពេល ១២០ ថ្ងៃ។ លោក Prayuth បានទទួលស្គាល់ថា ការជម្រុញឲ្យមានការបើកឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសបែបនេះ អាចនឹងបង្កើតជាបញ្ហាថ្មីៗបន្ថែមទៀត។

 

លោកបានមានប្រសាសន៍ថា “ខ្ញុំដឹងថាការសម្រេចចិត្តនេះកើតឡើងដោយមានហានិភ័យខ្លះ ពីព្រោះនៅពេលយើងបើកប្រទេស វានឹងមានការកើនឡើងនៃការឆ្លងមេរោគកូវីដ-១៩ ទោះបីវាជាការប្រុងប្រយ័ត្នរបស់យើង យ៉ាងណាក៏ដោយ។ ប៉ុន្តែខ្ញុំគិតថា នៅពេលយើងពិចារណាលើតម្រូវការសេដ្ឋកិច្ចរបស់ប្រជាជន ពេលវេលាបានមកដល់ ដែលយើងត្រូវប្រឈមនឹងហានិភ័យ ដែលបានគិតទុកដឹងជាមុនរួចមកហើយ។”

 

លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា រដ្ឋាភិបាលនឹងពិចារណាឡើងវិញប្រសិនបើមានស្ថានភាពធ្ងន់ធ្ងរកើតឡើង។ គួររំលឹកផងដែរថា កាលពីមុនរដ្ឋាភិបាលថៃ បានកំណត់គោលដៅ នៅខែមករាឆ្នាំក្រោយឯណោះ ដើម្បីបើកប្រទេសឡើងវិញ។

 

ប្រទេសថៃកំពុងស្ថិតក្នុងស្ថានភាព មានការកើនឡើងនៃករណីឆ្លងវីរុសជាច្រើន ដែលបានចាប់ផ្តើមនៅក្នុងខែមេសា ហើយមានចំនួនច្រើនជាង ៨០% នៃករណីដែលបានបញ្ជាក់សរុបចំនួន ២០៤.៥៩៥ នៅក្នុងប្រទេស និង ៩០% នៃចំនួនអ្នកស្លាប់ ១.៥២៥ នាក់ (គិតត្រឹមថ្ងៃ ១៧ មិថុនា)។

 

ការកើនឡើងនេះ បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះប្រទេសថៃកំពុងមានភាពយឺតយ៉ាវ ក្នុងការធានា និងដាក់ពង្រាយចែកចាយ ការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩។ រហូតមកដល់ពេលនេះ មានតែការផ្គត់ផ្គង់វ៉ាក់សាំង SinoVac ពីប្រទេសចិន និង AstraZeneca ដែលត្រូវបានផលិតក្នុងស្រុក ក្រោមអាជ្ញាប័ណ្ណប៉ុណ្ណោះ។ ទើបតែជាង ៧% នៃប្រជាជនចំនួន ៦៩ លាននាក់របស់ប្រទេសនេះ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ត្រឹមមួយដូសប៉ុណ្ណោះ។

 

លោក Prayuth ដែលបានទទួលការរិះគន់យ៉ាងខ្លាំង ចំពោះស្ថានភាពផ្គត់ផ្គង់វ៉ាក់សាំងនេះ បាននិយាយថារដ្ឋាភិបាលរបស់លោក កំពុងមានការព្យាយាមទៅលើការគ្រប់គ្រងដំណើរការ ក្នុងការទទួលបានវ៉ាក់សាំងផ្សេងទៀត រួមទាំងវ៉ាក់សាំង Pfizer, Johnson និង Johnson និង Moderna ជាដើម។

 

លោកបានបន្ថែមថា “រហូតមកដល់បច្ចុប្បន្ន យើងបានចុះកុងត្រានិងកិច្ចសន្យា ផ្គត់ផ្គង់ចំនួន ១០៥,៥ លានដូស ដើម្បីចែកចាយនៅឆ្នាំនេះ ដោយដាក់គោលដៅយ៉ាងច្បាស់លាស់ សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានទាន់ពេលវេលា។ យោងតាមផែនការបច្ចុប្បន្ន យើងនឹងគ្រប់គ្រងជាមធ្យមប្រមាណ ១០ លានដូសក្នុងមួយខែ ចាប់ពីខែកក្កដា ដូច្នេះនៅដើមខែតុលា មនុស្សជិត ៥០ លាននាក់ នឹងទទួលបានយ៉ាងហោចណាស់ ការចាក់ដូសដំបូងរបស់ពួកគេ។”

 

ប្រទេសថៃគ្រោងនឹងចាប់ផ្តើមគម្រោងសាកល្បងមួយ នៅខែក្រោយ ដែលនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ ចូលទៅកម្សាន្តក្នុងកោះភូកេត ដោយគ្មានការកំណត់។ 

 

ប៉ុន្តែអ្វីដែលគេហៅថា “Phuket sandbox” នៅតែតម្រូវឲ្យ មានការរឹតត្បិត រួមទាំងតម្រូវការស្នាក់នៅលើកោះនេះ រយៈពេល ១៤ ថ្ងៃ មុនពេលធ្វើដំណើរទៅកាន់ដីគោកផងដែរ។