ការដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មានន័យយ៉ាងណា?

គិតមកត្រឹមឆ្នាំ២០២១ តំបន់អភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក មានចំនួន ១,១៥៣ កន្លែងមកហើយដែលបានចុះក្នុងបញ្ជីរបស់អង្គការ UNESCO មានមូលដ្ឋាននៅទីក្រុងបារីស ប្រទេសបារាំង រួមមានតំបន់សម្បត្តិវប្បធម៌ តំបន់អភិរក្សធម្មជាតិ និងតំបន់ប្រវត្តិសាស្ត្រជាដើម ដែលស្ថិតនៅក្នុង ១៦០ ប្រទេសនិងរដ្ឋ ក្នុងនោះប្រទេសអ៊ីតាលីមានតំបន់អភិរក្សដោយ UNESCO ច្រើនជាងគេដល់ ៥៨ កន្លែង, តាមពីក្រោយដោយប្រទេសចិន មានចំនួន ៥៦ កន្លែង។ 

UNESCO World Heritage Sites បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៨ ជារៀងរាល់ឆ្នាំគេតែងតែចុះបញ្ជីបន្ថែមនូវតំបន់សម្បត្តិបេតិកភណ្ឌពិភពលោកសំខាន់ៗ ដែលបង្កើននូវភាពល្បីល្បាញ និងទាញប្រយោជន៍យ៉ាងហោចណាស់ពីវិស័យទេសចរណ៍។ ជាក់ស្ដែង ប្រាសាទអង្គរវត្ត, ប្រាសាទ Machu Picchu, ប្រឡាយទឹកទីក្រុង Venice, តំបន់ថ្មក្រហម Grand Canyon ជាដើម សុទ្ធសឹងតែជាគោលដៅទេសចរណ៍សម្បត្តិបេតិកភណ្ឌពិភពលោកសំខាន់ៗ។ 

១. តើគេអាចដាក់បញ្ជូលជាសម្បត្តិបេតិភណ្ឌពិភពលោក ដោយរបៀបណា?

សម្បត្តិបេតិកភណ្ឌ ត្រូវបានគេអោយនិយមន័យខុសៗគ្នាទៅលើវប្បធម៌ខុសគ្នា និងការផ្ដល់តម្លៃ។ ប៉ុន្តែសម្រាប់អង្គការ UNESCO ការចាត់ទុកជាសម្បត្តិបេតិកភណ្ឌពិភពលោក បានបែងចែកចេញជា ៣ ផ្នែកធំៗគឺ Cultural Significance (តំបន់វប្បធម៌សំខាន់) ឧទាហរណ៍តំបន់ប្រាសាទសំបូរព្រៃគុក, Environmental Significance (តំបន់ធម្មជាតិសំខាន់) ឧទាហរណ៍តំបន់ហ្វូស៊ីលថនិកសត្វ នៅប្រទេសអូស្ត្រាលី, និងការបញ្ជូលគ្នា Cultural and Environmental Significance ឧទាហរណ៍ភូមិវប្បធម៌តំបន់ភ្នំ Uramanat ប្រទេសអ៊ីរ៉ង់។

ចំណែកដំណើរការចុះចូលទៅក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺមានលក្ខណៈស្មុគស្មាញ និងត្រូវការវាយតម្លៃជាច្រើនផ្នែក ហើយជម្រុះមុននឹងក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ។ ដំបូងបណ្ដាប្រទេសសាម៉ី ត្រូវរៀបចំឯកសារប្រវត្តិសាស្ត្រ ការអភិរក្សការពារ យន្ដការគ្រប់គ្រង និងគោលបំណងស្នើទៅកាន់អង្គការ UNESCO ដាក់ក្នុងបញ្ជីបណ្ដោះអាសន្នហៅថា Tentative Lists ជាក់ស្ដែងសម្រាប់ប្រទេសកម្ពុជាយើង បានដាក់ស្នើក្នុងបញ្ជីបណ្ដោះអាសន្ននេះចំនួន ៨ មកហើយរួមមាន៖ 

● អតីតរាជធានីឧត្តុង្គ 

● ប្រាសាទបឹងមាលា

● សារមន្ទីរគុកទួលស្លែង និងវាលពិឃាតជើងឯក

● ក្រុមប្រាសាទកោះកេរ អតីតរាជធានី ឆោកគគ៌្យបុរៈ 

● តំបន់ធម្មជាតិនិងវប្បធម៌ ភ្នំគូលេន

● ប្រាសាទព្រខ័នកំពង់ស្វាយ

● ប្រាសាទបន្ទាយឆ្មារ

● ប្រាសាទភ្នំដា អតីតក្រុងអង្គរបុរី

ជំហានបន្ទាប់គឺដំណាក់កាលវាយតម្លៃ ដំណាក់កាលនេះ ត្រូវការរយៈពេលយ៉ាងតិចបំផុត ២ ឆ្នាំដើម្បីជ្រើសរើស ហើយបេក្ខភាពដាក់ស្នើទាំងអស់ក៏មិនប្រាកដថានឹងជាប់ដែរ ព្រោះត្រូវការវាយតម្លៃខ្ពស់និងប្រកួតប្រជែងប្រៀបដូចជាការដណ្ដើមមេដាយមាសនៅកីឡា Olympic អ៊ីចឹង ប៉ុន្តែការមិនបានជាប់ក្នុងឆ្នាំនេះក៏មិនប្រាកដថាអត់សង្ឃឹមដែរ ព្រោះថាអង្គការ UNESCO អាចនឹងផ្ដល់នូវសំណើ ឬសំណូមពរដើម្បីកែលំអរបន្ថែម ឬអាចស្ថិតនៅក្នុងការពិចារណារាប់ឆ្នាំក៏មាន។ ម្យ៉ាងទៀត អង្គការ UNESCO ក៏មានសិទ្ធក្នុងការដកបេក្ខភាពចេញពីបញ្ជីបេតិកភណ្ឌពីភពលោកផងដែរ ក្នុងករណីដែលតំបន់នោះមានការអភិវឌ្ឍន៍សាងសង់ធ្វើឲ្យខុសទម្រង់លក្ខណៈដើម មិនបានគោរពតាមលក្ខខណ្ឌរបស់គេ។ 

២. តម្លៃនៃការផ្សព្វផ្សាយទៅកាន់ពិភពលោក

លោកស្រី Maria Graviari-Barbas ប្រធានសម្របសម្រួលកម្មវិធី ទេសចរណ៍ វប្បធម៌ និងអភិវឌ្ឍន៍ នៃអង្គការ UNESCO បានបង្ហាញថា ជាការពិតណាស់ដែល UNESCO បានជួយជំរុញតំបន់បេតិកភណ្ឌពិភពលោកមួយ ឲ្យមនុស្សទូទាំងពិភពលោកបានឃើញ និងបានស្គាល់កាន់តែទូលាយ ហើយតំបន់នោះក៏អាចទាក់ទាញភ្ញៀវទេសចរច្រើន ដែលគេហៅថាតម្លៃរូបិយវត្ថុទេសចរណ៍តំបន់នោះបានកើនតម្លៃ។ ត្រង់ចំណុចនេះ អង្គការ UNESCO ប្រៀបដូចជាអ្នកជួយផ្សព្វផ្សាយសកលលោកដោយឥតគិតថ្លៃ (free global advertising) ដែលបង្ហាញអំពីចំណុចពិសេសនៃតំបន់មួយ ហើយមូលហេតុអ្វីខ្លះដែលតំបន់នោះត្រូវបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិ។ ម្យ៉ាងវិញទៀត ការដាក់បញ្ជូលសម្បត្តិបេតិកភណ្ឌពិភពលោក បានជំរុញឲ្យមានការអភិរក្សតំបន់នោះ អភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ និងការវិនិយោគបម្រើសេវាបដិសណ្ឋារកិច្ចនានា ដូចជាភោជនីយដ្ឋាន សណ្ឋាគារស្នាក់នៅ និងការលក់វត្ថុអនុស្សាវរីយ៍ជាដើម ដែលលើកស្ទួយទាំងវប្បធម៌តំបន់មួយនោះ និងបង្កើនប្រាក់ចំណូលផងដែរ។ 

ចំពោះលោក Michael Turtle ជនជាតិអូស្ត្រាលី ដែលបានទៅទស្សនាតំបន់បេតិកភណ្ឌពិភពលោកចំនួន ៣២២ កន្លែងមកហើយ និងបានចងក្រងជាសៀវភៅ Great World Wonders: 100 Remarkable World Heritage Sites លោកយល់ឃើញថា ការដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលជួយឲ្យយើងអាចសិក្សាពីដើមកំណើតវប្បធម៌មនុស្សជាតិនៅលើភពផែនដីបានយ៉ាងងាយ លើសពីនេះក៏អាចស្វែងយល់ពីតំបន់ធម្មជាតិល្បីៗពីការកកើត និងអាចកត់ជាគោលដៅទេសចរណ៍ដែលគួរទៅនៅវិស្សមកាលក្រោយផងដែរ។