គម្រោងអគារអភិវឌ្ឍចម្រុះថ្មីដ៏ធំមួយនៅក្នុងទីក្រុង Shenzhen ត្រូវបានទទួលបន្ទុកឌីហ្សាញដោយក្រុមហ៊ុនស្ថាបត្យកម្ម Aedas!

ក្រុមហ៊ុនស្ថាបត្យកម្ម Aedas បានបង្ហាញពីការរចនារបស់ខ្លួនសម្រាប់ Shirble-The Prime ដែលជាការអភិវឌ្ឍ នៃអគារប្រើប្រាស់ចម្រុះដែលនឹងធ្វើឱ្យតំបន់ឧស្សាហកម្ម Ba Gua Ling រស់ឡើងវិញ ដែលវាក៏ជាតំបន់កណ្តាលនៃទីក្រុង Shenzhen ផងដែរ។ 

ការរចនានេះ នឹងរួមមានបិវេណសំខាន់ៗមួយចំនួនដូចជា វេទិកាលក់រាយ ដែលមានអគារការិយាល័យមួយ និងអគារលំនៅដ្ឋានចំនួនបី ដែលមានកម្ពស់ផ្សេងៗគ្នា ហើយភ្ជាប់គ្នាដោយឧទ្យាន Sky-park នៅរយៈកម្ពស់ ១៥០ ម៉ែត្រពីដី។ ការអភិវឌ្ឍនៃកំណើនដ៏ខ្ពស់នេះ មានគោលបំណងឆ្លើយតបទៅនឹងតម្រូវការលំនៅដ្ឋានរបស់ទីក្រុង ខណៈដែលគម្រោងនេះក៏នឹងនាំមកនូវទិដ្ឋភាពជាច្រើន នៃជីវិតទីក្រុងទៅក្នុងអគារតែមួយ។

ដោយមានហេដ្ឋារចនាសម្ព័ន្ធទីក្រុងទ្រង់ទ្រាយធំ អគារចាស់ Ba Gua Ling គឺជាអតីតមជ្ឈមណ្ឌលឧស្សាហកម្មបោះពុម្ព ដែលបច្ចុប្បន្នពុំជាមានសង្វាក់ផលិតកម្មច្រើន និងខ្វះការវិនិយោគ។ ដោយសារទីក្រុង Shenzhen បន្តការបង្កើនសន្ទុះកំណើនទីក្រុងឡើងវិញជាបន្ទាន់នោះ តំបន់នេះឥឡូវនេះគឺជាចំណុចផ្តោតនៃផែនការបង្កើតឡើងវិញ។ ការរចនាដែលស្នើឡើងដោយ Aedas មានរាងទាក់ទងទៅនឹងទេសភាព និងបណ្តាញដឹកជញ្ជូនដែលនៅជុំវិញ ជាមួយនឹងការពង្រីកទិដ្ឋភាពអតិបរមា និងខ្យល់ចេញចូល។ ដូចដែលបានបញ្ជាក់ដោយអ្នករចនា ផ្នែក Crown នៃប៉មនីមួយៗ គឺជាលំនាំដូចទៅនឹងស្លាបចំហរ (open wings) របស់បក្សីភេង - Peng birds ដែលជាការបង្ហាញពីភាពលេចធ្លោរបស់ Shenzhen។

សម្រាប់ប៉មលំនៅដ្ឋានមានទំហំឯកតាផ្សេងៗគ្នា ចាប់ពីផ្ទះតូចរហូតដល់ផ្ទះល្វែងធំ។ ដោយឡែក Sky-park ផ្តល់នូវកន្លែងរួម សម្រាប់កម្មវិធីលំនៅដ្ឋានដែលមានសួនឧទ្យាន ក្លឹបហាត់ប្រាណ ក្លឹបកម្សាន្ត និងកន្លែងកម្សាន្តផ្សេងទៀតជាច្រើន។ កន្លែងប្រមូលផ្តុំសង្គម - ឬគេហៅថាកន្លែងបើកចំហរសម្រាប់ការជួបជុំ ក៏អាចត្រូវបានរកឃើញនៅក្នុងវេទិកាលក់រាយ រួមជាមួយតំបន់ខាងក្នុង និងខាងក្រៅ (Indoor & Outdoor areas) ដែលអាចផ្តល់ជូនអ្នកក្នុងទីក្រុង ក៏ដូចជាសហគមន៍មូលដ្ឋានផងដែរ។

ដោយទាក់ទងទៅនឹង រូបភាពស្ថាបត្យកម្មនៃគម្រោងប៉មលំនៅដ្ឋានមានយ៉រកោង ជាមួយនឹងអាលុយមីញ៉ូមប្រាក់ពណ៌ស ខណៈអគារការិយាល័យបង្ហាញពីជញ្ជាំងវាំងននតូចបំផុត។ ការរចនាត្រូវបានធ្វើឱ្យប្រសើរ សម្រាប់ខ្យល់ចេញចូលអតិបរមា ខណៈពេលដែលយុទ្ធសាស្រ្តភ្លើងបំភ្លឺ ត្រូវបានប្រើដើម្បីជៀសវាងពន្លឺចាំងខ្លាំង។ ធាតុរចនាប្រភេទ Biophilic ត្រូវបានណែនាំតាមរយៈដំបូលពណ៌បៃតង សួនច្បារ Podium និងជញ្ជាំងពណ៌បៃតងខាងក្នុង។