ក្រុមហ៊ុនស្ថាបត្យកម្ម Bjarke Ingels កំពុងរចនាគម្រោងទីក្រុងថ្មី “New City in America” សម្រាប់ប្រជាជន ៥ លាននាក់

ក្រុមហ៊ុនស្ថាបត្យកម្ម Bjarke Ingels របស់ប្រទេសដាណឺម៉ាកកំពុងរៀបចំផែនការទីក្រុងថ្មីមួយឈ្មោះថា Telosa ដែលស្ថិតក្រោមការវិនិយោគទន់របស់សហគ្រិនល្បីឈ្មោះលោក Marc Lore។

តាមការប្រកាសនៅលើបណ្តាញសង្គម Twitter ដោយផ្ទាល់របស់ស្ថាបត្យកម្ម Bjarke Ingels បានឲ្យដឹងថា គម្រោងសាងសង់ទីក្រុងនេះនឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ១៥០.០០០ ហិកតាដែលនៅភាគខាងលិចសហរដ្ឋអាមេរិក។ គម្រោងទីក្រុងថ្មីនេះគឺជាការផ្ដួចផ្ដើមគំនិតរបស់លោក Marc Lore តែម្ដង ដែលជាសហគ្រិន និងជាអតីតនាយកប្រតិបត្តិពាណិជ្ជកម្មអេឡិចត្រូនិកនៅក្រុមហ៊ុនលក់រាយ Walmart។

លោក Marc Lore បានលក់គេហទំព័រលក់អនឡាញរបស់គាត់ឈ្មោះ Jet.com ទៅឱ្យផ្សារទំនើបយក្ស Walmart ក្នុងតម្លៃ ៣,៣ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៦ ដើម្បីយកដើមទន់ទៅកសាងគម្រោងមួយនេះ។

លោក Marc Lore បានបង្ហាញថានៅក្នុងរយៈពេល ៣០ ឆ្នាំខាងមុខទៀតគម្រោងមួយនេះអាចនឹងលេចចេញជារូបរាងពេញលេញហើយ ដោយវាអាចជាទីក្រុងទំនើបមួយដែលអាចឲ្យមនុស្សរស់នៅបានជាង ៥ លាននាក់។

គួរបញ្ជាក់ផងដែរថា Ingels គឺជាស្ថាបនិកនៃក្រុមហ៊ុនស្ថាបត្យកម្ម BIG ដែលជាស្ថាបត្យកម្មដ៏ជោគជ័យបំផុតមួយរបស់ពិភពលោក។ ថ្មីៗនេះ Ingels បានបើកដំណើរការក្រុមហ៊ុនរចនាគេហដ្ឋានមួយទៀតដែលផ្ដោតលើប្រធានបទ“ reimagine the way we build our homes” ។