ពលរដ្ឋរាប់សិបម៉ឺននាក់នៅហ្វីលីពីន រងគ្រោះឥទ្ធិពលព្យុះ Chanthu និងបន្តដំណើរទៅវាយប្រហារកោះតៃវ៉ាន់!

ម៉ានីល៖ ជារៀងរាល់ឆ្នាំ ហ្វីលីពីន គឺជាប្រទេស ដែលតែងតែរងគ្រោះ ដោយសារតែឥទ្ធិពលខ្យល់ព្យុះតូចធំ រាប់ភ្លិច ដែលបង្ករឱ្យមានការខូចខាតយ៉ាងច្រើនទៅលើទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ពលរដ្ឋ។ ជាក់ស្ដែង ជិតចូលដល់ពាក់កណ្ដាលខែកញ្ញានេះ ហ្វីលីពីន បានកំពុងរងគ្រោះដោយឥទ្ធិពលខ្យល់ព្យុះ Chanthu ដែលបានវាយប្រហារតំបន់ខាងជើងប្រទេសយ៉ាងខ្លាំងក្លា។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា ខ្យល់ព្យុះ Chanthu បានកំពុងវាយប្រហារប្រទេសហ្វីលីពីននៅភាគខាងកើត ឈាងខាងជើងប្រទេស ធ្វើឱ្យពលរដ្ឋហ្វីលីពីនម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍នោះ ដោយសារតែជំនន់ទឹកភ្លៀង និងមាន ១៧ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ភាគច្រើនជាអ្នកនេសាទ។ ហេតុការណ៍វាយប្រហារនៃខ្យល់ព្យុះនេះ ត្រូវបានភ្នាក់ងារឧតុនិយមជាតិរបស់ហ្វីលីពីន កំណត់ថាជាខ្យល់ព្យុះធំមួយប្រចាំឆ្នាំ ២០២១ នេះ ដែលត្រូវបានប្រកាសអាសន្ន និងព្រមានទៅដល់ពលរដ្ឋនៅក្នុងតំបន់ជាច្រើន ដែលអាចនឹងរងគ្រោះថ្នាក់ជាយថាហេតុ។

តាមការបញ្ជាក់របស់ក្រុមប្រឹក្សាជាតិ គ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បានបញ្ជាក់ឱ្យដឹងដូច្នេះថា នៅតាមបណ្ដាខេត្តជាច្រើនលើផ្ទៃប្រទេស ពិសេសនៅតំបន់កណ្ដាល និងភាគខាងជើង បានរងគ្រោះដោយសារតែជំនន់ទឹកភ្លៀងតិច ឬក៏ច្រើន ដោយសារតែឥទ្ធិពលនៃខ្យល់ព្យុះឈ្មោះថា Chanthu ដែលបាននាំមកនូវល្បឿនខ្យល់កន្ត្រាក់ដល់ទៅ ១៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ ខ្យល់ព្យុះធំមួយនេះ ត្រូវបានព្យាករណ៍ថា នឹងវាយប្រហារខេត្ត Cagayan ក្នុងថ្ងៃសៅរ៍ ហើយនឹងបន្តដំណើរទៅកាន់ភាគខាងជើង ឆ្ពោះទៅកាន់កោះតៃវ៉ាន់។

ហេតុការណ៍នេះពលរដ្ឋហ្វីលីពីនប្រមាណជា ១ ម៉ឺននាក់បានភៀសខ្លួនទៅរកទីតាំងមានសុវត្ថិភាព ដោយក្នុងនោះក្រុង Santa Ana ដែលមានពលរដ្ឋរស់នៅប្រមាណ ៣៥,០០០ នាក់ បានកំពុងត្រៀមខ្លួនទប់ទល់ទៅនឹងឥទ្ធិពលព្យុះមួយនេះ ខណៈអ្នករស់នៅតាមដែនកោះជាច្រើន បានភៀសខ្លួនជាបន្តបន្ទាប់។ ផ្ទះសំបែង ទ្រព្យសម្បត្តិ ស្រែចំការ ជាច្រើន ត្រូវបានបំផ្លិចបំផ្លាញដោយកម្លាំងខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង កាលពីថ្ងៃសុក្រកន្លងទៅនេះ ដោយឥទ្ធិពលព្យុះត្រូវបាយព្យាករណ៍ថា នឹងស្ងប់ស្ងាត់ទៅវិញនៅល្ងាចថ្ងៃសោរ៍។

តាមការតាមដាននៃដំណើររបស់ខ្យល់ព្យុះមួយនេះបានឱ្យដឹងថា ព្យុះ Chanthu មានចម្ងាយប្រមាណ ៥៨០ គីឡូម៉ែត្រពីកោះតៃវ៉ាន់ ហើយឥទ្ធិពលដ៏ខ្លាំងរបស់វា នឹងចាប់ផ្ដើមប៉ះពាល់ទៅដល់កោះតៃវ៉ាន់នាចន្លោះថ្ងៃទី១១ ទៅដល់ទៅ ១៣ តទៅ ជាមួយល្បឿនខ្យល់អាចកើនឡើងដល់ទៅ ២៣៤ គីឡូម៉ែត្រ ក្នុងមួយម៉ោង ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ដែលនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ពលរដ្ឋតៃវ៉ាន់ ពិសេសអ្នក់រស់នៅភាគខាងកើតប្រទេស៕