ក្រោយការធ្លាក់ចុះ នៅពេលនេះទីផ្សារអចលនទ្រព្យនៅទីក្រុងឌូប៉ៃ ចាប់ផ្ដើមល្អប្រសើរឡើងវិញ!

ឌូប៉ៃ៖ តម្លៃអចលនទ្រព្យ នៅទីក្រុងមហាសេដ្ឋីប្រេងកាត បានរងផលប៉ះពាល់មិនធម្មតានោះទេដោយសារតែជំងឺកូវីដ ១៩ ដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះរងគ្រោះដោយសារតែធ្លាក់ចុះនៃចំនួនវិនិយោគិនអន្តរជាតិ កាលពីពេលកន្លងទៅ និងបានធ្វើឱ្យតម្លៃទីផ្សារលំនៅឋានជាច្រើន មានតម្លៃគាំង ឬពុំមានការកើនឡើង ដោយសារតែគ្មានតម្រូវការពីទីផ្សារ។ យ៉ាងណាមិញ នៅពេលនេះកំណើនតម្លៃអចលនទ្រព្យ បានចាប់ផ្ដើមល្អប្រសើរឡើងវិញហើយ។

តម្លៃទីផ្សារអចលនទ្រព្យនៅទីក្រុងឌូប៉ៃ ក្រោយការធ្លាក់ចុះជាង ១ ឆ្នាំកន្លងទៅដោយសារតែជំងឺកូវីដ ១៩ ដែលជាដើមចមសំខាន់ ដែលធ្វើឱ្យតម្លៃទទួលរងនូវផលប៉ះពាល់ នៅពេលនេះបានងើបឡើងវិញហើយ ពិសេសគឺតម្លៃលំនៅឋាន មានតម្លៃថ្លៃៗជាប្រភេទផ្ទះវីឡាដ៏ស្កឹមស្កៃ។ ប្រភពព័ត៌មានក្នុងស្រុករបស់អារ៉ាប់ បានចុះផ្សាយឱ្យដឹងថា តម្លៃអចលនទ្រព្យ ដែលផ្តោតទៅលើលំនៅឋាន បានងើបឡើងវិញនាខែសីហា កន្លងទៅនេះ ពិសេសនៅតំបន់ Arabian Raches, Jumeriah Islands, Dubai Hill Estates និង The Lakes ជាដើម។

តាមរបាយការណ៍ ចេញដោយ ValuStrat Price Index ហៅកាត់ថា (VPI) បានឱ្យដឹងថា ទីតាំងទាំង ១៣ កន្លែងជាប្រភេទលំនៅឋានប្រណិត ជាប្រភេទផ្ទះវីឡា និងទីតាំងខុនដូ ជាប្រភេទអគារសហកម្មសិទ្ធិចំនួន ២១ កន្លែង ក្នុងដែនដីភូមិសាស្ត្រនៃទីក្រុងឌូប៉ៃ បានកើនឡើងតម្លៃគួរឱ្យកត់សម្គាត់ បើធៀបទៅនឹងខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។ ការកើនឡើងតម្លៃលំនៅឋាននេះ គឺដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអារ៉ាប់ ដែលបានធ្វើកំណែទម្រង់បន្ថែមជុំវិញការពង្រឹងលទ្ធភាពបែបបទ នៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង ទាំងជាតិ និងអន្តរជាតិឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។ 

ទន្ទឹមនឹងការកើនឡើងតម្លៃ ចំនួននៃការទិញលក់អចលនវត្ថុ ស្ថិតក្នុងដំណាក់កាលធ្វើលទ្ធកម្មកម្មសិទ្ធិ ក៏បានកើនឡើងស្ថិតក្នុងអត្រា ៤៩% នៃចំនួនលក់ បើធៀបទៅនឹងខែកក្កដា កន្លងទៅ ខណៈចំនួនលក់ ដែលបានធ្វើលទ្ធកម្មរួចរាល់កើនឡើងដល់ទៅ ៥៧%។ លោក Calum White អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ White and Co., ប្រចាំទីក្រុងឌូប៉ៃ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នទីផ្សារអចលនទ្រព្យ ដែលកំពុងមានវត្តមានក្នុងទីផ្សារ បានកំពុងចាប់ផ្ដើមឡើងវិញ នៅពេលតម្រូវការពីទីផ្សារចាប់ផ្ដើមកើនឡើង។ លោកបញ្ជាក់ទៀតថា ទន្ទឹមនឹងការកើនឡើងនៃតម្រូវការទីផ្សារ និយតករក្រុងឌូប៉ៃ ក៏បានចាប់ផ្ដើមធ្វើការរឹតបន្តឹងជុំវិញគម្រោងអភិវឌ្ឍលំនៅឋានថ្មីៗ ដើម្បីធានាថាលំនៅឋាននៅក្នុងទីផ្សារ នឹងពុំមានច្រើនហួសហេតុ នៃតម្រូវការទីផ្សារ។

ការកើនឡើងនៃតម្លៃអចលនទ្រព្យនៅទីក្រុងឌូប៉ៃនៅពេលនេះ រំពឹងថានឹងល្អប្រសើរឡើងថែមទៀតនាខែកញ្ញា និងតទៅមុខ ស្របគ្នាទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់អាមេរិក ក្នុងការពង្រីកទំហំសេដ្ឋកិច្ចជាតិរបស់ខ្លួនឱ្យកើនឡើងដល់ទៅ ១៥០ ពាន់លានដុល្លារ នាឆ្នាំ ២០៣០ ខាងមុខ ហេតុនេះវិនិយោគិនអន្តរជាតិ នឹងចាប់ផ្ដើមចាប់ដៃជាមួយអារ៉ាប់ ហើយកំណើននៃទីផ្សារអចលនទ្រព្យ ក៏នឹងកើនឡើងជាបន្តបន្ទាប់ផងដែរ៕