ឌូបៃកំពុងបើកកងកន្ត្រកវិលជិះមើលទេសភាព ខ្ពស់ជាងគេបំផុតនៅលើពិភពលោក

ជាធម្មតា នៅពេលដែលឌូបៃធ្វើអ្វីមួយ យើងអាចដឹងថា វានឹងក្លាយជាកំណែដ៏ធំបំផុត លឿនបំផុត ឬប្រណិតបំផុត នៅលើពិភពលោក។ ជាក់ស្តែងនៅខែក្រោយនេះ តាមបរិបទរបស់ឌូបៃ ទីក្រុងនេះនឹងដាក់បង្ហាញកងកន្ត្រកវិលសម្រាប់ជិះមើលទេសភាពដែលធំជាងគេ និងខ្ពស់ជាងគេបំផុត នៅលើពិភពលោក។

វាគ្រោងនឹងបើកនៅថ្ងៃទី ២១ ខែតុលានេះ កងនេះត្រូវបានគេស្គាល់ថា វាមានឈ្មោះ Ain Dubai Ferris Wheel នឹងឡើងដល់កម្ពស់ជាង ៨២០ ហ្វីត (២៥០ ម៉ែត្រ) ពីលើដី ដោយផ្តល់ជូននូវទេសភាពនៃ Dubai Marina ទេសភាពចែងចាំងនៃអគារខ្ពស់ៗជាច្រើន និងកោះ Bluewaters Island។

ប៉ុន្តែការពិតនេះ មិនដូចបទពិសោធន៍ក្នុងការជិះកង Ferris Wheel ធម្មតាទេ។ ភ្ញៀវវីអាយភី នឹងមានឱកាសទទួលទានអាហារក្នុងកាប៊ីនផ្ទាល់ខ្លួនរបស់ពួកគេ ឬកក់ស្រាក្រឡុកដើម្បីញ៉ាំបែបឯកជន នៅពេលកង់ចាប់ផ្តើមវិលបាន។

 

ការធ្វើដំណើរជុំវិញកង នឹងមានរយៈពេលប្រហែល ៣៨ នាទី ហើយអាចកក់បានទាំងពេលថ្ងៃ ឬពេលយប់។ ខណៈកំពុងរង់ចាំឡើងជិះកង Ain Dubai ភ្ញៀវអាចមើលអេក្រង់ LED ធំមួយ ដែលដាក់នៅលើកងនោះ ដើម្បីមើល Highlight ពីទេសភាពទីក្រុងថតចេញពេលដែលនៅអង្គុយនៅក្នុងកង ពេលដែលវាចាប់ផ្តើមវិលនោះ។

Ain Dubai មានន័យថា “Dubai Eye” ជាភាសាអារ៉ាប់ ប៉ុន្តែវាខ្ពស់ជាង “ភ្នែក” ដទៃទៀត នៅជុំវិញពិភពលោក។ កងនឹងឡើងដល់ជិតពីរដងនៃកម្ពស់ London Eyes ហើយជើងនីមួយៗនៃកងមានប្រវែងជាង ៤០០ ហ្វីត (វែងជាងប្រវែងឡានក្រុងរបស់ទីក្រុងឡុងដ៍ប្រមាណ ១៥ គ្រឿង)។ កងនេះ អាចផ្ទុកអ្នកដំណើរបានរហូតដល់ ១.៧៥០ នាក់ក្នុងពេលតែមួយ នៅក្នុងកាប៊ីន ៤៨ ដាច់ដោយឡែកពីគ្នា។

 

កងនេះនឹងផ្តល់ជូននូវកាប៊ីនខុសៗគ្នាជាច្រើន ដែលមានម៉ាស៊ីនត្រជាក់ ប្រឆាំងនឹងកម្តៅនៃទីក្រុងឌូបៃ។ អ្នកដំណើរអាចជ្រើសរើសរវាងកាប៊ីនទេសភាព/ observation cabins ឬកាប៊ីនបែបសង្គម/social cabins (មានបារនៅខាងក្នុង) ហើយមានសូម្បីតែកាប៊ីនឯកជន ដែលអាចកក់ទុកសម្រាប់ព្រឹត្តិការណ៍ពិសេស ដូចជាអាពាហ៍ពិពាហ៍ឬថ្ងៃកំណើតទៀតផង។

ឥឡូវនេះសំបុត្រអាចកក់បានហើយ ដោយចាប់ផ្តើមពីតម្លៃ ៣៥ ដុល្លារ (AED ១៣០)។

ការបើកកងនេះ កើតឡើងស្របពេលជាមួយនឹងពិព័រណ៍ពិភពលោកឌូបៃ ដែលត្រូវបានពន្យារពេលកាលពីឆ្នាំមុន ដោយសារជម្ងឺរាតត្បាតកូវីដ-១៩។ ពិព័រណ៍ពិភពលោកឆ្នាំ ២០២០ គ្រោងនឹងបើកនៅថ្ងៃទី ១ ខែតុលាខាងមុខនេះ ហើយនឹងដំណើរការរហូតដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២២ ផងដែរ។