បាងកក៖ រដ្ឋាភិបាលថៃ បានរៀបចំផែនការរួចជាស្រេច ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ ខណៈពេលថៃកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារតែការឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ ស្ថិតក្នុងទ្រង់ទ្រាយធំ។ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍បច្ចុប្បន្ន រដ្ឋាភិបាលថៃ បានប្រកាស បើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញ ក្នុងការចូលទៅក្នុងទីក្រុងបាងកក ប្រសិនបើអវិជ្ជមានជំងឺកូវីដ ១៩ ហើយទទួលបានការចាក់វាក់សាំងត្រឹមត្រូវ និងគ្រប់ចំនួន។
រដ្ឋាភិបាលថៃ បានប្រកាសស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិទៅកាន់ទីក្រុងបាងកកវិញហើយ បន្ទាប់ពីបានបិទជាបណ្ដោះអាសន្នអស់ពេលជាច្រើនខែ ដោយសារតែជំងឺកូវីដ ១៩។ បើទោះបីជាស្ថានការណ៍បច្ចុប្បន្នពុំទាន់អំណោយផល ស្របពេលវីរុសបម្លែងខ្លួន Delta (ដែលតា) កំពុងកើនឡើងជាបន្តបន្ទាប់នោះ រដ្ឋាភិបាលថៃ ដែលមានក្រសួងទេសចរណ៍ ជាសេនាធិកា បានរៀបចំផែនការ បើកទីក្រុងឡើងវិញ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ និងវិស័យទេសចរណ៍។
តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសរណ៍ថៃ បានបញ្ជាក់ឱ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះតទៅ ភ្ញៀវទេសចរណ៍អន្តរជាតិទាំងអស់នឹងអនុញ្ញាតឱ្យចូលទៅកាន់ទីក្រុងបាងកក ឡើងវិញហើយ ជាមួយនឹងខេត្ត ៤ ផ្សេងទៀតដូចជា៖ Chiang Mai, Chon Buri, Phetchaburi និង Prachuap Khiri Khan។ ការបើកឱ្យភ្ញៀវទេសចរណ៍អន្តរជាតិទៅកាន់រាជធានីខេត្តទាំង ៥ នេះ គឺតម្រូវឱ្យភ្ញៀវទេសចរណ៍នោះទទួលបានការចាក់វ៉ាក់សាំងត្រឹមត្រូវ និងគ្រប់ចំនួន ហើយត្រូវស្នាក់នៅក្នុងដែនសមត្ថកិច្ចកំណត់ដោយអាជ្ញាធរចំនួន ៧ ថ្ងៃសិន ក៏ដូចជាធ្វើតេស្ដរកវីរុសបន្ថែម។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់បន្ថែមទៀតថា នៅថ្ងៃទី២១ ខែតុលា រដ្ឋាភិបាល ក៏នឹងបន្ថែមគោលដៅ ៣ ផ្សេងទៀត ឱ្យបើកទ្វារស្វាគមន៍ភ្ញៀវទេសចរណ៍ផងដែរ រួមមានដូចជាខេត្ត Chiang Rai, ខេត្ត Sukhothai និងតំបន់ឆ្នេរសមុទ្រ Rayong។ បើទោះបីជាមានការបើកទ្វារស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញក៏ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានព្រមាន និងប្រកាសឱ្យពលរដ្ឋរបស់ខ្លួន មានការប្រុងប្រយ័ត្នជុំវិញការទៅកំសាន្តនៅថៃ ដោយហេតុថា ចំនួនឆ្លងកំពុងតែបន្តកើនឡើង ដោយពុំទាន់មានភាពស្រាកស្រាននៅឡើយទេ។
គិតមកត្រឹមពាក់កណ្ដាលខែកញ្ញានេះ ចំនួនប្រជាពលរដ្ឋថៃប្រមាណ ១៦% នៃចំនួនសរុប បានទទួលការចាក់វ៉ាក់សាំងប្រឆំាំងជំងឺកូវីដ១៩ បាន ២ ដូសរួចហើយ។ គួរបញ្ជាក់ផងដែរថា ផែនការបើកឡើងវិញនៃទីក្រុងបាងកក ក៏ដូចជាបណ្ដាខេត្តមួយចំនួនរបស់ថៃនៅពេលនេះ ធ្វើឡើងគឺដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ និងជួយទៅដល់វិស័យទេសចរណ៍ តែមិនមែនជាការបើកដំណើរការប្រទេសទាំងមូលឡើងវិញនៅឡើយទេ ដោយត្រូវរង់ចាំរហូតដល់ដើមឆ្នាំ ២០២២ ខាងមុខ៕