កាលពីថ្ងៃពុធថ្មីៗនេះ ប្រទេសអ៊ីស្លង់ទើបតែបានចាប់ផ្តើមដំណើរការរោងចក្រដ៏ធំដែលជារោងចក្រសម្រាប់ទាញយកកាបូនឌីអុកស៊ីតចេញពីបរិយាកាស។ រោងចក្រមួយនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Climeworks ដែលមានទីតាំងស្ថិតនៅលើតំបន់ខ្ពង់រាបភ្នំភ្លើងភាគនិរតីនៃប្រទេសអ៊ីស្លង់ដែលជារោងចក្រចាប់យកឧស្ម័នធំបំផុតរបស់ពិភពលោក។
អ្នកជំនាញខាងអាកាសធាតុជាច្រើនបាននិយាយថា កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតបច្ចេកវិទ្យាស្រូបយកកាបូនឌីអុកស៊ីតចេញពីខ្យល់នឹងក្លាយជាវិធីសាស្ដ្រចម្បងមួយក្នុងការធ្វើឱ្យបរិយាកាសពិភពលោកមានភាពល្អប្រសើឡើងជាងមុនក្នុងរយៈពេលប៉ុន្មានទសវត្សខាងមុខទៀត។
នេះបើយោងតាមអនុសាសន៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិបានឲ្យដឹងថា ប្រសិនបើរោងចក្រស្រូបយកឧស្ម័ន CO2 ចាប់ផ្ដើមដំណើរការពីដើមឆ្នាំក្រោយនេះ នៅត្រឹមឆ្នាំ ២០៥០ រោងចក្រនេះនឹងអាចទាញឧស្ម័នកាបូនឌីអុកស៊ីតចេញពីបរិយាកាសបានប្រហែលជិតមួយពាន់លានតោនជារៀងរាល់ឆ្នាំ។
ការដំណើរការស្រូបយកឧស្ម័ន CO2 នេះត្រូវបានធ្វើឡើងដោយការបំពាក់កង្ហារជាច្រើននៅលើប្រអប់កុងទីនឺមានទំហំ ៤០ ហ្វីត ដែលវាមានតួនាទីក្នុងការស្រូបយកឧស្ម័ន CO2 ពីបរិយាកាស។ យ៉ាងណាមិញ ដំណើរការស្រូបយកឧស្ម័ន CO2 ពីបរិយាកាសនេះក៏ត្រូវចំណាយដើមទុនច្រើនផងដែរ។ ដើម្បីស្រូបយកឧស្ម័ន CO2 ក្នុងចំនួនមួយតោន CO2 គឺត្រូវការចំណាយប្រាក់ចាប់ពី ៦០០ ដុល្លារទៅ ៨០០ដុល្លារឯណោះ។