ភ្នំពេញ៖ ផ្លូវជាតិលេខ ៣ ដែលតភ្ជាប់ពីទីរួមខេត្តកំពត ឆ្ពោះទៅកាន់វាលរេញ នៃផ្លូវជាតិលេខ ៤ ដែលមានរយៈចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ត្រូវបានធ្វើការសាងសង់ និងស្ដារឡើងវិញរួចហើយកាលពីពេលកន្លងទៅ តែពុំទទួលបានលទ្ធផលតាមការចង់បានរបស់រដ្ឋាភិបាលកម្ពុជានោះទេ។ ដើម្បីសាងសង់កំណាត់ផ្លូវមួយនេះឱ្យល្អប្រសើរ ពិសេសគឺធានាគុណភាពអាចប្រើប្រាស់បានយូអង្វែង ចិន នឹងធ្វើការសិក្សាជុំវិញការរៀបចំស្ដារផ្លូវមួយនេះជូនរដ្ឋាភិបាលកម្ពុជា។
ស្ថិតក្នុងឱកាសទស្សនកិច្ចរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា ក្នុងរយៈពេល ២ ថ្ងៃកន្លងទៅនេះ កម្ពុជា និងចិន បានបំបែកកំណត់ត្រាថ្មីៗជាច្រើន ថែមទាំងជម្រុញឱ្យទំនាក់ទំនងរដ្ឋទាំងពីរកាន់តែរឹងម៉ាំថែមមួយកម្រិតទៀត។ ក្នុងនោះ ចិន បានសន្យាថា នឹងបញ្ជូនអ្នកបច្ចេកទេសជំនាញ ក្នុងការសាងសង់ផ្លូវ ឱ្យមកចុះធ្វើការសិក្សា និងសាងសង់កំណត់ផ្លូវជាតិលេខ ៣ ផងដែរ ដែលតភ្ជាប់ពីទីរួមខេត្តកំពត ឆ្ពោះទៅកាន់តំបន់វាលរេញនាពេលខាងមុខឆាប់ៗនេះផងដែរ។
តាមការបញ្ជាក់របស់ ឯកឧត្ដម ស៊ុន ចាន់ថុល ដែលមានវត្តមានក្នុងឱកាសទទួលទានអាហារពេលព្រឹកនាថ្ងៃទី១៣ ខែកញ្ញាម្សិលមិញនេះ បានឱ្យដឹងថា ការខូចខាតប្រវែង ២០គីឡូម៉ែត្រនេះ មានកំណាត់ផ្លូវប្រវែង ១៥គីឡូម៉ែត្រ ខូចដោយសារតែស្ថានភាពកសាងគ្រឹះមិនបានរឹងមាំ ដោយប្រវែង ៥គីឡូម៉ែត្រ មានស្ថានភាពដីខាងក្រោម ស្អុយជម្រៅដល់ទៅ ១៨ម៉ែត្រ ដែលជាដើមចមចម្បងមួយនាំឱ្យផ្លូវសាងសង់ហើយតែងតែខូចទៅវិញ។ ហេតុដូចនេះកម្ពុជា ត្រូវការអ្នកជំនាញ និងបច្ចេកទេសក្នុងការមកធ្វើការសិក្សា ក៏ដូចជាវាយតម្លៃធ្វើយ៉ាងណាកសាងផ្លូវមួយខ្សែនេះឱ្យបានរឹងម៉ាំ ដើម្បីធានាទៅដល់ការប្រើប្រាស់បានយូរអង្វែងថែមទៀត។
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ដើម្បីឱ្យកំណាត់ផ្លូវប្រវែង ២០គីឡូម៉ែត្រនេះ ជាប់មាំល្អ លែងខូច ក្នុងនោះប្រវែង ១៥គីឡូម៉ែត្រ ត្រូវកាយដីចាក់គ្រឹះឡើងវិញ ហើយចាក់បេតុង កម្រាស់ ២.៦តឹក និងពង្រីកទទឹងផ្លូវទៅ ១២ម៉ែត្រ។ ដោយឡែកប្រវែងផ្លូវប្រមាណ ៥គីឡូម៉ែត្រ ទៅផ្លូវបំបែកវាលរេញ ត្រូវចាក់សសរគ្រឹះចូលទៅក្នុងដី រួចទើបចាក់ បេតុង ពីលើកម្រាស់ ២.៦តឹក និងពង្រីកទទឹងផ្លូវដល់ទៅ ១៦ម៉ែត្រ ហើយត្រូវការ ថវិកាក្នុងរង្វង់ជាង ៦០លានដុល្លារអាមេរិកយកមកសាងសង់ នឹងធ្វើឱ្យកំណាត់ផ្លូវនេះជាប់ ហើយលែងខូច។
គួរបញ្ជាក់ផងដែរថា ក្រៅពីសន្យាជួយទៅដល់កិច្ចការងារស្ដារផ្លូវជាតិលេខ ៣ ដែលតែងតែទទួលរងការខូចខាតខាងលើ រដ្ឋាភិបាលចិន ក៏បានសម្រេចជួយពង្រឹង និងពន្លឿនបន្ថែមទៀតជុំវិញកិច្ចការងារសាងសង់ផ្លូវលេខ ៧១C ដែលតភ្ជាប់ពីខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ដោយឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន ត្រង់ស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ មានប្រវែងសរុបប្រមាណ ១១៤គីឡូម៉ែត្រ ដោយចំនាយទឹកប្រាក់ជាង ១០០ លានដុល្លារ និងពេលសាងសង់ជាង ៣៦ខែ៕