សប្ដាហ៍ទី២ ក្នុងខែកញ្ញានេះ ភ្ញៀវទេសចរជាង ៦ ម៉ឺននាក់បានចេញធ្វើដំណើរកំសាន្ត លើផ្ទៃប្រទេស

ភ្នំពេញ៖ ស្ថិតនៅក្នុងខែកញ្ញានេះ ភ្ញៀវទេសចរផ្ទៃក្នុងទាំងជាតិ និងអន្តរជាតិ បានចេញធ្វើដំណើរក្នុងចំនួនកើនឡើង បើធៀបទៅនឹងខែសីហា កន្លងទៅ ដោយនៅក្នុងសប្ដាហ៍ទី ២ នៃខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ចំនួនភ្ញៀវទេសចរ ចេញធ្វើដំណើរទៅកាន់រមណីយដ្ឋាននានា លើផ្ទៃប្រទេស មានចំនួនជាង ៦ ម៉ឺននាក់ ដោយក្នុងនោះខេត្តកំពតទទួលបានភ្ញៀវច្រើនជាងគេ។

របាយការណ៍ចេញផ្សាយដោយក្រសួងទេសចរណ៍ ដែលបានប្រមូលចេញពីមន្ទីរទេសចរណ៍ រាជធានី-ខេត្ត បានបញ្ជាក់ឱ្យដឹងថា គិតនៅក្នុងសប្ដាហ៍ទី២ ពិសេសគឺនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែកញ្ញា ភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនប្រមាណ ៦៣,៤២១ នាក់ (ភ្ញៀវជាតិប្រមាណ ៦២,៤៦២ នាក់ និងភ្ញៀវអន្តរជាតិប្រមាណ ៩៥៩នាក់) បានចេញធ្វើដំណើរទៅកាន់រមណីយដ្ឋានទេសចរណ៍ លើផ្ទៃប្រទេស ដោយក្នុងនោះមានខេត្តចំនួន ៥ ដែលទទួលបានភ្ញៀវច្រើនជាងគេ ដូចជា៖

១. ខេត្តកំពត ទទួលភ្ញៀវបានប្រមាណ ១៥,៧២១ នាក់

២. ខេត្តកែប ទទួលភ្ញៀវបានប្រមាណ ៧,៥៧០ នាក់

៣. ខេត្តតាកែវ ទទួលភ្ញៀវបានប្រមាណ ៣,៧៣៦ នាក់

៤. ខេត្តព្រះសីហនុ ទទួលភ្ញៀវបានប្រមាណ ២,២៨៥ នាក់

៥. ខេត្តពោធិ៍សាត់ ទទួលភ្ញៀវបានប្រមាណ ៣,២៥៤ នាក់

ជុំវិញការចេញធ្វើដំណើរទេសចរណ៍ផ្ទៃក្នុងនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា តួលេខនេះមានការកើនឡើងប្រមាណ ២៤.២៥% បើធៀបនឹងសប្តាហ៍ទី១ នាខែកញ្ញា កន្លងទៅថ្មីៗនេះ។ ជាការវាយតម្លៃបឋម ចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅមិនទាន់មានចំនួនច្រើននៅឡើយទេ ខណៈពេលដែល រាជធានី-ខេត្ត មួយចំនួននៅបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែក ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ជាបន្តទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា មន្ទីរទេសចរណ៍ដែលជាសេនាធិការឲ្យរដ្ឋបាលរាជធានី-ខេត្តបាននិងកំពុងជំរុញការផ្សព្វផ្សាយ និងចុះអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១កន្លងមក នៅតាមមូលដ្ឋានអាជីវកម្មស្នាក់នៅ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដើម្បីធានាការបើកដំណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាពពីជំងឺកូវីដ-១៩ និងធានាបាននូវគុណភាពសេវាកម្មប្រកបដោយភាពពេញចិត្ត។

គួរបញ្ជាក់ផងដែរថា រាជធានីភ្នំពេញ ក៏បានទទួលភ្ញៀវទេសចរផ្ទៃក្នុងផងដែរ មានចំនួនសរុប ១៨,៨៤៦ នាក់ នាថ្ងៃចុងសប្ដាហ៍ កន្លងទៅនេះ។ មិនតែប៉ុណ្ណោះ ក្រសួងទេសចរណ៍ ក៏បានកំពុងរៀបចំ និងពង្រឹងបន្ថែមទៀត នៅតាមមន្ទីររាជធានី-ខេត្ត ជុំវិញការគ្រប់គ្រងចរន្តភ្ញៀវទេសចរណ៍ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីធានាទៅដល់គុណភាពនៃការធ្វើដំណើរ ជាពិសេសទប់ស្កាត់ ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ផងដែរ ព្រោះចំនួនចេញធ្វើដំណើរអាចនឹងកើនឡើងខ្ពស់៕

 

 

ប្រភព៖ ក្រសួងទេសចរណ៍