ផ្លូវដែកវៀតណាម ខាតបង់ថវិការរាប់សិបលានដុល្លារ និងកំពុងប្រឈមមុខសម្ពាធនៃការធ្លាក់ចុះចំនួនអ្នកធ្វើដំណើរ

ហាណូយ៖ ក្រុមហ៊ុនផ្លូវដែកវៀតណាម (Vietnam Railways Corporation) ហៅកាត់ថា VNR ដោយគ្រប់គ្រង និងចាត់ចែងដោយរដ្ឋ បានកំពុងទទួលរងសម្ពាធយ៉ាងខ្លាំងជុំវិញការខាតបង់ ធ្លាក់ប្រាក់ចំណូល ដោយសារតែជំងឺកូវីដ ១៩ ដែលបានបង្ខំចិត្តឱ្យរដ្ឋាភិបាលធ្វើការបិទខ្ទប់ទីក្រុងសំខាន់ៗ និងរឹតត្បឹតការធ្វើដំណើររបស់ប្រជាពលរដ្ឋលើផ្ទៃប្រទេស។

ប្រភពព័ត៌មានក្នុងស្រុករបស់វៀតណាម ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែករបស់វៀតណាម បានធ្លាក់ចុះជាខ្លាំងរួចទៅហើយកាលពីឆ្នាំ២០២០ កន្លងទៅ ហើយនៅពេលនេះ បានកំពុងដាំក្បាលធ្លាក់ដុនដាបកាន់តែខ្លាំងបន្ថែមទៀត ដោយសារតែការឆ្លងជំងឺកូវីដ ១៩ សាយភាយនៅពេញសហគមន៍។ ការធ្លាក់ចុះប្រាក់ចំណូល ក្នុងស្ថានការណ៍ចុងក្រោយនៃការឆ្លងជំងឺកូវីដ ១៩ នេះបានធ្វើឱ្យ ប្រាក់ចំណូលទទួលបានមានតែប្រមាណជា ៥ លានដុល្លារអាមេរិកប៉ុណ្ណោះ កាលពីខែសីហា កន្លងទៅនេះ។

ចំនួនអ្នកធ្វើដំណើរពេញមួយខែ នាខែសីហា កន្លងទៅនេះ មានតែប្រមាណ ៨,៦០០ នាក់ប៉ុណ្ណោះ ជាតួរលេខមួយយ៉ាងទាបបំផុត ឬស្មើនឹង ៦.៥% នៃចំនួនអ្នកធ្វើដំណើរសរុបនាខែសីហា ក្នុងឆ្នាំ២០២០ កន្លងទៅ។ បញ្ហានេះ កំពុងតែធ្លាក់ដុនដាប និងកំពុងដាក់សម្ពាធជាខ្លាំងទៅដល់ក្រុមហ៊ុនរបស់រដ្ឋាភិបាលវៀតណាមមួយនេះ រហូតឈានដល់ការលុបចោល ការធ្វើដំណើររបស់រថយន្តភ្លើងជាច្រើននៅលើផ្ទៃប្រទេស ដោយសារតែចំនួនអ្នកធ្វើដំណើរទាបបំផុត និងការកើនឡើងនៃចំនួនឆ្លងក្នុងសហគមន៍ ពិសេសធានាទៅដល់ប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីបន្តដំណើរការទៅមុខទៀត។

ខណៈពេលចំនួនអ្នកធ្វើដំណើរមានការធ្លាក់ចុះ ការដឹកជញ្ជូនមុខទំនិញបានងើបឡើងបានខ្លះមកវិញផងដែរ ឬស្មើនឹងអត្រា ៥.៤% បើធៀបទៅនឹងឆ្នាំ២០២០ កន្លងទៅ ក្នុងទម្ងន់បូកសរុប នាខែសីហា កន្លងទៅមានចំនួន ៤១៤,០០០ តោន។ លោក Dang Sy Manh អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន VNR បានឱ្យដឹងដូច្នេះថា ការកើនឡើងនៃការដឹកជញ្ជូនទំនិញនេះ ក៏ដោយសារតែតម្រូវការផ្ទៃក្នុងមានការកើនឡើង ពីសំណាក់ប្រជាពលរដ្ឋ ហើយដើម្បីបង្ការកុំឱ្យមានការធ្លាក់ចុះ ឬកកស្ទះ VNR បានស្នើសុំឱ្យក្រសួងដឹកជញ្ជូនវៀតណាម ជួយជ្រុំជ្រែងលើបញ្ហានេះ ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ទៅដល់ការផ្គត់ផ្គង់ចង្វាក់ផលិតកម្ម និងគាំទ្រឱ្យមានការដឹកជញ្ជូនតាមផ្លូវដែក តាមដែលអាចធ្វើទៅបាន។

ក្រុមហ៊ុនផ្លូវដែក VNR ក៏បាននឹងកំពុងដាក់សំណើរកម្ចីឥណទានក្នុងទឹកប្រាក់ ៨០០ ទ្រីលានដុង ឬជាង USD ៣៥ លានដុល្លារអាមេរិក ដើម្បីធានាទៅដល់ថវិការរបស់ក្រុមហ៊ុនមានគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ និងចាត់ចែងទៅលើប្រតិបត្តិការប្រចាំថ្ងៃតទៅមុខទៀត ព្រោះថាបច្ចុប្បន្នថវិការមានការធ្លាក់ចុះជាខ្លាំង ដែលមិនអាចទប់ទល់ទៅនឹងការចំនាយបាន រាប់បញ្ចូលទាំងការបើកប្រាក់បៀវត្សរ៍ជូនទៅកម្មករនិយោជិតផងដែរ។ ផ្លូវដែកវៀតណាម ព្យាករណ៍ថានឹងបន្តរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ ១៩ បន្តទៅមុខទៀត ប្រសិនបើចំនួនឆ្លងពុំមានការថាំថយនោះទេ៕