ការរលាយទឹកកកនៅសមុទ្រទឹកកកអាកទិច នឹងធ្វើឲ្យរដូវរងារចុះត្រជាក់ជាងមុននៅឆ្នាំនេះ!

គិតចាប់ពីឆ្នាំ១៩៧៩ អត់រយៈពេលជាង ៤ ទសវត្សកន្លងមកនេះ ការចាប់ទិន្នន័យពីផ្កាយរណបបានចាប់ផ្ដើមបង្ហាញពីការឡើងកម្ដៅនៃភពផែនដី បានជះឥទ្ធិភពយ៉ាងខ្លាំងទៅលើប៉ូលទឹកកកខាងជើង អាកទិច បណ្ដាលរលាយទឹកកកខ្លាំង និងមានកំណកតិចនៅរដូវរងារ។ ថ្មីៗនេះអ្នកវិទ្យាសាស្ត្របានរកឃើញថា ការឡើងកម្ដៅនៅតំបន់ប៉ូលខាងជើងបណ្ដាលឲ្យមហាសមុទ្រអាកទិចរលាយទឹកកកនោះ នឹងជះឥទ្ធិពលមកដល់អាកាសធាតុនៅតំបន់ជុំវិញនោះ ជាពិសេសនៅក្នុងរដូវរងាខាងមុខនេះ អាចបណ្ដាលឲ្យតំបន់មួយចំនួនចុះត្រជាក់ខ្លាំងជាងមុន។

បញ្ហាកំណើនកម្ដៅផែនដី កំពុងតែធ្វើឲ្យមហាសមុទ្រទឹកកកអាកទិច រួមតូចនៅក្នុងរដូវក្ដៅ ហើយបញ្ហានេះនឹងប៉ះពាល់ទៅដល់ពិភពលោកផងដែរ ជាពិសេសនៅទ្វីបអាមេរិចខាងជើង និងប្រទេសអាស៊ីបូព៌ា នឹងមានអាកាសធាតុចុះត្រជាក់ខ្លាំងវិញ នៅរដូវរងារខាងមុខ ចាប់ពីខែធ្នូ ទៅដល់ខែកុម្ភៈ ដោយសារខ្យល់ត្រជាក់ពីតំបន់ប៉ូលនឹងជះឥទ្ធិភពខ្លាំងមកតាមអ័ក្សរង្វិលផែនដីដែលគេស្គាល់ថា Polar Vortex។ យោងតាមគម្រូខាងលើនេះ អ្នកស្រាវជ្រាវបានអះអាងថា ការរលាយទឹកកកនៅសមុទ្រ Barents និងសមុទ្រ Kara ប៉ូលខាងជើង នឹងបណ្ដាលឲ្យមានព្រិលធ្លាក់ខ្លាំងនៅតំបន់ Siberia ហើយក៏ពាំនាំខ្យល់ត្រជាក់មកកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិច ភាគខាងជើងទ្វីបអាមេរិច (ភាគច្រើនមានប្រទេសកាណាដា និងសហរដ្ឋអាមេរិច) និងអាស៊ីប៉ូព៌ា (មានប្រទេសចិន ជប៉ុន កូរ៉េ តៃវ៉ាន់ -ល-) ចំណែកតំបន់ធ្លាក់ព្រិលក៏អាចនឹងធ្លាក់ព្រិលខ្លាំង បង្ករឲ្យមានបញ្ហាបាត់បង់ជម្រក និងគម្រាមកំហែងដល់អាយុជីវិតមនុស្សសត្វទៀតផង។ 

យោងតាមលោកសាស្ត្រាចារ្យ Chaim Garfinkel មកពីសកលវិទ្យាល័យ Habrew University នៃទីក្រុង Jerusalem បានបង្ហាញឲ្យដឹងថា ការចុះត្រជាក់ខ្លាំងនៅរដូវរងាខាងមុខនេះ មិនមែនមានន័យថាពិភពលោកមិនមានកំណើនកម្ដៅផែនដីនោះទេ ប៉ុន្តែវាបញ្ជាក់អំពីសញ្ញាអាក្រក់នៃការបាត់បង់ទឹកកកលើភពផែនដី។ ម្យ៉ាងទៀតវាក៏បង្ហាញអំពី បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកើនឡើងក្ដៅខ្លាំងនៅរដូវខ្លាំង និងចុះត្រជាក់ខ្លាំងនៅរដូវរងាផងដែរ។