គ្រាន់តែបញ្ហាអាកាសធាតុឆ្នាំនេះ អាមេរិកត្រូវខាតបង់ថវិការជាតិច្រើនជាង ១០០ ពាន់លានដុល្លារ

អាមេរិក៖ តាមការបញ្ជាក់របស់លោកប្រធានាធិបតីអាមេរិក Joe Biden ក្នុងឱកាសចុះទស្សនកិច្ច ៣ ថ្ងៃ ទៅកាន់ភាគខាងកើតប្រទេស និងបានធ្វើសេចក្ដីថ្លែងនៅក្នុងរដ្ឋ Colorado កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅនេះ បានបញ្ជាក់ឱ្យដឹងថា អាមេរិក ត្រូវខាតបង់ថវិការជាតិច្រើនជាង ១០០ ពាន់លានដុល្លារឯណោះ ដោយសារតែបញ្ហាអកាសធាតុនៅលើផ្ទៃប្រទេស សម្រាប់ឆ្នាំ២០២១ នេះ។

សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២១ នេះត្រូវបានវាយតម្លៃថា នឹងខាតបង់ថវិការជាតិច្រើនជាង ១០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយសារតែបញ្ហាអាកាសធាតុ ដែលបង្ករឡើងដោយស្នាដៃមនុស្សលោក ធ្វើឱ្យបម្រែបម្រួលអាកាសធាតុ កាន់តែមានសភាពធ្ងន់ធ្ងរឡើងៗឥតឈប់ឈរ។ ការលើកឡើងនេះធ្វើឡើងនៅក្នុងដំណើរទស្សកិច្ចពិសេស ទៅកាន់មន្ទីរពិសោធន៍ថាមពលកកើតឡើងវិញ នៅក្នុងរដ្ឋ Colorado នាដើមសប្ដាហ៍កន្លងទៅនេះ។

ស្ថិតក្នុងដំណើរទស្សនាកិច្ចនោះ លោក Joe Biden បានឆ្លងកាត់តំបន់រងគ្រោះដោយសារតែភ្លើងឆេះព្រៃ ឡើងកម្ដៅខ្ពស់ និងជួបប្រទះគ្រោះរាំងស្ងួត ដោយប្រធានាធិបតីរូបនេះបានព្រមាន និងបង្ហាញអំពីក្ដីបារម្មណ៍អំពីការមកដល់នាថ្ងៃអនាគត អំពីបញ្ហាអកាសធាតុ ដែលនឹងវាយប្រហារអាមេរិក ឱ្យទទួលរងនូវផលប៉ះពាល់ជាច្រើន។ លោកបានបញ្ជាក់ថា “អាមេរិក ត្រូវតែធ្វើការវិនិយោគ ដើម្បីជួយទៅដល់បញ្ហាបម្រែបម្រួលអាកាសធាតុផែនដីនៅថ្ងៃនេះ មិនមែនថ្ងៃស្អែក”។

លោកបញ្ជាក់បន្ថែមទៀតថា “បញ្ហាអាកាសធាតុ នឹងមកដល់ ហើយនឹងកាន់តែធ្ងន់ធ្ងរឡើងៗ បើទោះបីជានៅខាងក្រោយផ្ទះរបស់អ្នកពុំទទួលរងផលប៉ះពាល់ក៏ដោយ តែអ្នកមានអារម្មណ៍ថា បានរងគ្រោះដោយប្រយោល”។ ជាក់ស្ដែងព្យុះ Ida នាពេលកន្លងទៅ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើន ដោយក្នុងនោះរួមមានអាយុជីវិតពលរដ្ឋអាមេរិក មួយចំនួនផងដែរ ហើយនៅពេលនេះព្យុះ Nicholas បានកំពុងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ Texas និងឈូងសមុទ្ររដ្ឋ Louisiana បង្ករឱ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់ជាច្រើនប៉ះពាល់ផ្ទះ និងអាជីវកម្មរាប់ពាន់ខ្នង។

លោក Biden សង្ឃឹមថា អាមេរិក នឹងឈានដល់ការសម្រេច ក្រោមសេចក្ដីអនុម័តរបស់ព្រឹទ្ធសភាព ជុំវិញកញ្ចប់ថវិការ ៣.៥ ទ្រីលានដុល្លារ ដើម្បីយកមកធ្វើការដោះស្រាយបញ្ហាប្រឈមនៅតាមតំបន់រងគ្រោះជាច្រើន។ ជុំវិញបញ្ហាអាកាសធាតុនេះ អាមេរិក ក៏កំពុងដើរទៅរកការកាត់បន្ថយការសាយភាយនៃឧស្ម័នពុល ក្នុងគោលដៅឆ្ពោះទៅឆ្នាំ ២០៣០ និង ២០៥០ ដូចបណ្ដាប្រទេសផ្សេងៗទៀតផងដែរ ដោយកាត់បន្ថយការប្រើប្រាស់ប្រេងឥទ្ធនៈ ការផលិតថាមពលអគ្គិសនីដោយដុតធ្យូងថ្ម និងជាច្រើនផ្សេងៗទៀត៕