អគារសហកម្មសិទ្ធិសម័យថ្មី ពង្រីកខ្លួនពីតូចទៅធំ ត្រៀមចាប់កំណើតនៅកណ្ដាលទីក្រុងញូវយ៉ក

ក្រុមស្ថាបត្យករអាមេរិក ODA កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញអំពីស្នាដៃ និងការច្នៃប្រឌិតដ៏អស្ចារ្យមួយ នៃសំណង់អគារ មានរូបរាងរចនាបទប្លែក តាមរយៈការពង្រីកមាឌកាន់តែធំនៅផ្ទៃខាងលើ ដែលកម្រនឹងបានឃើញ ឬជួបប្រទះ។ អគារនេះ នឹងក្លាយទៅជាលំនៅឋានឯកជនប្រណិត ទំនើប និងមានភាពច្នៃប្រឌិតមួយនៅសហរដ្ឋអាមេរិក នាពេលដ៏ខ្លីខាងមុខ។

ជួបជាមួយនឹង ERA ឈ្មោះគម្រោង អគារសហកម្មសិទ្ធិ (ខុនដូរ) មានកម្ពស់សរុប ៧៦ ម៉ែត្រ មាន ២០ ជាន់ និង ៥៧ បន្ទប់ ដែលមានទំហំខុសៗគ្នាទៅតាមការជ្រើសរើសរបស់អតិថិជន នឹងចាប់កំណើតឡើងនៅក្នុងតំបន់ Manhattan ជាមួយផ្ទៃក្រឡាសរុបប្រមាណ ១៣៦,៦៣៩ ម៉ែត្រក្រឡា។ អគារនេះមានលក្ខណៈសម្បត្តិប្លែងត្រង់ថា នៅផ្នែកខាងក្រោម គឺជាអគារមានរូបរាងតូច តែបានពង្រីកមាឌកាន់តែធំឡើងៗ នៅផ្ទៃខាងលើ គួបផ្សំជាមួយរចនាបទផ្ទាំងកញ្ចក់ ដែលបញ្ចេញពន្លឺពីខាងក្នុង។

តាមការបញ្ជាក់របស់ក្រុមហ៊ុនស្ថាបត្យកម្ម ODA បានឱ្យដឹងថា រចនាបទនៃស្រទាប់អគារ ត្រូវបានរៀបចំឡើងធ្វើយ៉ាងណាឱ្យមានទីធ្លាទូលាយ និងអាចឱ្យការសាងសង់ឡើងទៅលើ ក្នុងទំហំផ្ទៃក្រឡាធំ ហើយមានលទ្ធភាពអាចសាងសង់អាងហែលទឹកធំមួយ នៅលើតំបូលអគារ ដែលអាចហាត់ប្រាណ គយគុនទេសភាពទីក្រុង និងដងទន្លេរ Hudson។ មិនតែប៉ុណ្ណោះខុនដូរមួយនេះ ក៏ភ្ជាប់មកជាមួយសេវាកម្មក្លឹបហាត់ប្រាណ Yoga បណ្ណាល័យ និងទីន្លែងសម្រាប់កុមារលេងកំសាន្តផងដែរ។

ជាងនេះទៅទៀត បន្ថែមពីរចនាបទមានភាពលេចធ្លោនៅផ្នែកខាងក្រៅ ដែលបង្ហាញរៀងដាច់ដោយដុំ ផ្នែកខាងក្នុងត្រូវបានរៀបចំឡើងយ៉ាងពិសេស និងប្រណិតផងដែរ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ក្នុងការទុបតែងដេគ័រ រំលេចជាមួយភ្លើងប្រដេញ ដែលមានភាពចែងចាំង មានកាំជណ្ដើររង្វិលជុំ។ ការរស់នៅក្នុងអគារប្រភេទនេះ នឹងផ្ដល់នូវភាពស៊ីវិល័យ និងទាន់សម័យ ប្រកបទៅដោយប្រណិតភាព និងការជឿជាក់ ទៅលើគុណភាពនៃអគារ ស្ថិតនៅក្នុងទីក្រុងដ៏មម៉ាញឹក។

The Era នឹងត្រៀមចាប់កំណើតស្ថិតនៅផ្លូវ ២៥១ ក្នុងតំបន់ Manhattan ស្ថិតនៅចំកណ្ដាលទីក្រុងញូវយ៉ក ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដោយអាចជ្រើសរើសទំហំបន្ទប់ចាប់ពី ២ ទៅ ៥ បន្ទប់គេង អាស្រ័យតាមសមាជិកគ្រួសារនីមួយៗ។ យ៉ាងណាក៏ដោយពុំទាន់មានកាលបរិច្ឆេទ កំណត់អំពីការចាប់ផ្ដើមសាងសង់ពីក្រុមស្ថាបត្យករ ODA នៅឡើយទេ។ អគារនេះ ត្រូវបានរំពឹងទុកថានៅពេលបិទបញ្ចប់ការដ្ឋានសាងសង់ នឹងក្លាយទៅជាអគារសកម្មសិទ្ធិធំមួយប្រចាំតំបន់៕