នេះជាសួនឧទ្យានខ្លាឃ្មុំផេនដាដែលទាក់ទាញជាងគេនៅក្នុងប្រទេសចិន

បើនិយាយអំពីសំណង់អាគារ យើងប្រាកដជាផ្តោតទៅលើអាគារដែលខ្ពស់ស្គឹមស្គៃ និងប្រណីតក្នុងទីក្រុង តែមានរូបរាងជាជ្រុងការ៉េស្រដៀងៗគ្នា ដើម្បីបង្កើតបានជាបន្ទប់ច្រើនសម្រាប់ការរស់នៅរបស់មនុស្ស តែបើប្រលេកមកមើលសំណង់អាគារមួយនេះវិញ អ្នកជំនាញស្ថាបត្យករ បង្កើតឡើងសម្រាប់ការសិក្សាស្រាវជ្រាវ និងថែរក្សាពពួកសត្វខ្លាឃ្មុំផេនដា ដោយមានការរចនាឡើងនៅក្បូរក្បាច់រចនាដ៏គួរឲ្យទាក់ទាញ ថែមទាំងស្វាគមន៍ជនរួមជាតិ ជនបរទេស និងអ្នកសិក្សាដែលអាចអញ្ជើញមកទស្សនា និងស្វែងយល់លម្អិតពីសត្វខ្លាឃ្មុំផេនដា។ខ្លាឃ្មុំផេនដាជាប្រភេទសត្វកម្រនិងស្ទើរតែផុតពូជនាប៉ុន្មានឆ្នាំមុននេះ ដូច្នេះប្រទេសចិនប្រកាសអះអាងថានឹងថែទាំការពារសត្វនេះឲ្យមានការកើនឡើងវិញ។ 

នៅលើទឹកដី Sichuan ប្រទេសចិន មានអាគារដ៏ទាក់ទាញមួយឈ្មោះ សួនឧទ្យានជាតិផេនដា Ya’an និងជាមជ្ឈមណ្ឌលអប់រំវិទ្យាសាស្រ្តផងដែរ ដោយពួកគេសាងសង់ឡើងលើទំហំដីសរុប 14,000 ម៉ែត្រការ៉េ តែបើគិតតែសំណង់អាគារប្រើប្រាស់ទំហំដី 5,342 ម៉ែត្រការ៉េ។ ជុំវិញអាគារនេះពោរពេញដោយដើមឈើ និងដើមឬស្សីធម្មជាតិដ៏ស្រស់បំព្រងជាច្រើន។ 

បើយើងសម្លឹងពីលើការរចនារបស់អាគារនេះមានរាងជារង្វង់កោងកាត់គ្នា ដោយយើងអាចឃើញពីជំហៀងបាន ដោយរង្វង់នោះកាត់គ្នាចំនួន 3 ថ្នាក់ និងការសម្លឹងមើលពីជ្រុងនីមួយៗ ក៏មានភាពខុសគ្នាទៀតផង ដែលពិតជាធ្វើឲ្យកោតសសើរលើស្ថាបត្យកររបស់អាគារនេះមែនទែន។  ស្ថាបត្យករគិតគូរខ្ពស់លើខ្យល់អាកាស និងពន្លឺ ចេញចូលគ្រប់គ្រាន់ ដើម្បីធ្វើឲ្យទីនេះកាន់តែមានភាពស្រស់បំព្រងចំពោះមនុស្សជាតិ និងសត្វខ្លាឃ្មុំផេនដា។ អាគារនេះនៅដាច់ដោយឡែកឆ្ងាយល្មមពីទីប្រជុំជន ដូច្នេះមិនមានសម្លេងរំខានពីចរាចរតាមដងផ្លូវ ឬសម្លេងរំខានរបស់រោងចក្រនានានោះទេ។ 

នៅក្នុងអាគារក៏មានការរចនាឡើងដោយភាពច្នៃប្រឌិត អមជាមួយការដាក់តាំងនូវរូបភាព និងសកម្មភាពរបស់អ្នកអភិរក្ស និងការថែរក្សាខ្លាឃ្មុំផេនដា មើលទៅពិតជាគួរឲ្យស្រលាញ់មែនទែន។ នេះជាការលើកចិត្តមួយដល់អ្នកស្រលាញ់សត្វ ជាពិសេសសត្វខ្លាឃ្មុំផេនដានេះត្រូវការការថែទាំយ៉ាងយកចិត្តដាក់ខ្លាំងបំផុតដើម្បីកុំឲ្យពួកគេស្ថិតក្នុងការករណីផុតពូជនាពេលអនាគត។