កោះបាលី បង្កើតចំណុចទេសចរណ៍ថ្មី ដោយតម្លើងយន្តហោះខ្នាតធំ នៅទីជម្រាលថ្មភ្នំខ្ពស់មួយ

បាលី៖ យន្តហោះប្រភេទបូអីញ (Boeing) មានវ័យចំណាស់ និងពុំមានលទ្ធភាពក្នុងការហោះហើរ តាមផ្លូវអាកាស មួយគ្រឿង ត្រូវបានយកទៅតម្លើង និងបង្ហាញខ្លួននៅចំណុចច្រាំងថ្មចោទ ស្ថិតនៅលើដែនកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីជាសញ្ញាណ បង្ហាញទៅកាន់អន្តរជាតិ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យទៅកំសាន្តក្រោយចប់កូវីដ។

យន្តហោះខ្នាតធំ (Boeing 737) ចំណាស់មួយគ្រឿងត្រូវបានលើកយកទៅតម្លើង នៅលើជម្រាលថ្មខ្ពស់មួយ ស្ថិតនៅក្បែតំបន់ឆ្នេរ Nyang Nyang នាដើមសប្ដាហ៍កន្លងទៅនេះ ដើម្បីបង្កើតទៅជារីសតតូចមួយ ក្នុងគោលដៅបង្ហាញទៅដល់អន្តរជាតិ និងជាសារបង្ហើបអំពីចំណុចទេសចរណ៍ថ្មី ដែលនឹងចាប់កំណើតនាពេលដ៏ខ្លីខាងមុខនេះ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យទៅកំសាន្ត ក្រោយពេលកោះមួយនេះបើកទទួលភ្ញៀវឡើងវិញនាពេលអនាគត។

តាមការបញ្ជាក់របស់លោក Felix Demin ជនជាតិរុហ្ស៊ី ដែលជាម្ចាស់យន្តហោះចំណាស់មួយគ្រឿងនោះបានបញ្ជាក់ឱ្យដឹងថា ផែនការសំខាន់របស់លោក គឺកែច្នៃយន្តហោះដែលត្រូវបានបោះបង់ចោល មិនអាចធ្វើដំណើរបាននេះឱ្យមានប្រយោជន៍ តាមរយៈការបង្កើតឱ្យក្លាយជាចំណុចទេសចរណ៍ ដែលមិនគួរមើលរំលង សម្រាប់ការធ្វើដំណើរកំសាន្តនៅលើដែនកោះដ៏ធំមួយនេះ។ ការរៀបចំគម្រោងនេះឡើង គឺចំនាយពេល ១ សប្ដាហ៍ក្នុងការដឹកជញ្ជូនទៅកាន់ច្រាំងថ្មខាងលើ និងចំនាយពេលបន្ថែមទៀតក្នុងការតុបតែង សម្អាត តាមផែនការដែលបានរៀបចំទុក។

លោក Demin សង្ឃឹមថា ក្រោយការស្ថាបនាចំនុចទេសចរណ៍ខ្នាតតូចនៅលើច្រាំងថ្ម ដែលអាចមើលឃើញទេសភាពនៅជុំវិញនេះរួច វានឹងបង្ហាញទៅកាន់អន្តរជាតិ អំពីភាពទាក់ទាញ និងការច្នៃប្រឌិតថ្មីមួយនៅលើកោះបាលី ថែមទាំងញាំងឱ្យ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកកំសាន្តកាន់តែច្រើន និងអាចផ្ដិតយករូបភាព ថតរូប ដើម្បីចែកចាយជាបន្តបន្ទាប់ទៀត។ សកម្មភាពទាំងនោះ នឹងនាំមកនូវដំណោះស្រាយ ក្នុងការសង្គ្រោះទៅដល់វិស័យទេសចរណ៍ ដែលកំពុងរងផលប៉ះពាល់ជាខ្លាំង ដោយសារតែជំងឺកូវីដ ១៩ ចាប់តាំងពីឆ្នាំ ២០២០ មកម្លេះ។

ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះកោះបាលី នៅមិនទាន់ទទួលបានភ្លើងខៀវពីរដ្ឋាភិបាល ដើម្បីបើកទទួលភ្ញៀវទេសចរណ៍ឡើងវិញនៅឡើយទេ ធ្វើឱ្យកោះមួយនេះមានភាពស្ងាត់ជ្រងំ ខណៈមុនឆ្នាំ ២០២០ ធ្លាប់ជាកោះ ដែលទាក់ទាញភ្ញៀវទេសចរណ៍រាប់សិបលាននាក់ឱ្យទៅកំសាន្តក្នុងមួយឆ្នាំៗ៕