យន្តហោះដំណើរការដោយថាមពលអគ្គសនីរបស់ Rolls Royce នឹងចាប់ផ្ដើមបម្រើការហោះហើរនាឆ្នាំ ២០២៦

ឌូប៉ៃ៖ អនាគត នៃការធ្វើដំណើរ នឹងងាកទៅរកថាមពលអគ្គិសនីទាំងអស់ ដោយបច្ចុប្បន្ននេះ ពិភពលោក ពិសេសបណ្ដាប្រទេសធំៗ បានកំពុងចាប់ផ្ដើមតម្រង់ទិសទៅកាន់ថាមពលអគ្គិសនីហើយ ដែលជាគោលដៅដ៏សំខាន់ ក្នុងការទុបស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាស។ ក្នុងដំណើរទៅមុខនោះដែរ ក្រុមហ៊ុន Rolls Royce បានកំពុងចាប់ផ្ដើមផលិតយន្តហោះ ដំណើរការដោយថាមពលអគ្គិសនីជាលើកដំបូងរបស់ខ្លួនហើយ។

ក្រុមហ៊ុនផលិតរថយន្តទំនើប លំដាប់អភិជន និងជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ ដែលមានភាពល្បីល្បាញពាសពេញពិភពលោក មួយនេះ បានប្រកាសជាផ្លូវការថា បាននឹងកំពុងធ្វើការរៀបចំការផលិតយន្តហោះដំបូងគេបង្អស់ ដែលដំណើរការឡើងដោយថាមពលអគ្គិសនី ដែលត្រៀមនឹងបង្ហាញខ្លួន ហើយហោះហើរជាលើកដំបូង នាឆ្នាំ ២០២៦ ខាងមុខ។ ការបង្កើតយន្តហោះដំណើរការដោយថាមពលអគ្គិសនី នេះ គឺជាការចាប់ផ្ដើមដ៏សំខាន់មួយ ក្នុងការរួមចំនែកការលុបបំបាត់ចោលបន្តិចម្ដងៗ នូវការបំភាយឧស្ម័នទៅក្នុងបរិស្ថាន ដែលបច្ចុប្បន្នមានយន្តហោះជាច្រើន បានបំភាយឧស្ម័នក្នុងទំហំមួយធំធេង។

ស្ថិតក្នុងឱកាសហោះហើរសាកល្បងជាលើកដំបូង នូវយន្តហោះខ្នាតតូច ដែលមានកម្លាំងម៉ាស៊ីន 400KW ឬ 500HP ដំណើរការដោយថាមពលអគ្គសនីទាំងស្រុង ស្ថិតនៅបន្ទាយទាហានកងទ័ព្ធជើងអាកាសរបស់អង់គ្លេស Boscomebe Down សបង្ហាញអំពីការបោះជំហានទៅមុខបន្ថែមទៀត នៃការវិវឌ្ឍខ្លួនរបស់ Rolls Royce ដែលបានចំនាយពេលជិត ២ ឆ្នាំក្នុងការរៀបចំឱ្យចេញជាផ្លែផ្កាជាលើកដំបូង។ យន្តហោះខ្នាតតូចនោះ មានលទ្ធភាពអាចធ្វើដំណើរបានក្នុងល្បឿនលឿនបំផុត ៤៨២ គីឡូម៉ែត្រ ក្នុង ១ ម៉ោង តែថិរវេលានៃការហោះហើរ ពុំបានប្រកាសឱ្យដឹងនោះទេ។

តាមរយៈការទទួលបាននូវផ្លែផ្កាលើកនេះ លោក Warren East អគ្គនាយកក្រុមហ៊ុន Rolls Royce បានបញ្ជាក់ឱ្យដឹងដូច្នេះថា “យើងកំពុងផ្ដោតសំខាន់ទៅលើកាបង្កើតឱ្យមានបច្ចេកវិទ្យាដ៏អស្ចារ្យមួយ ដែលជាតម្រូវការរបស់សង្គមក្នុងការទប់ស្កាត់ការបំភាយឧស្ម័នពុល តាមរយៈការធ្វើដំណើរនៅតាមផ្លូវអាកាស ផ្លូវដី និងតាមផ្លូវសមុទ្រ ដោយយកឱកាសនោះបង្កើតទៅជាការផ្លាស់ប្ដូរទៅកាន់ពិភព ដែលគ្មានផ្សែងពុល”។ 

ផែនការផលិតយន្តហោះ ដំណើរការដោយថាមពលអគ្គិសនីទាំងស្រុងនេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាលអង់គ្លេស ធ្វើយ៉ាងណាឱ្យលទ្ធភាពក្នុងការសិក្សាស្រាវជ្រាវ ផលិត និងកែច្នៃឱ្យបាននូវបច្ចេកវិទ្យាទំនើប ដោយវិនិយោគទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងគោលដៅឱ្យអនាគតមនុស្សអាចប្រើប្រាស់ថាមពលបៃតងកាន់តែច្រើន។ 

ក្រៅពីគម្រោងផលិតយន្តហោះដំណើរការដោយថាមពលអគ្គិសនីទាំងស្រុងនេះ ក្រុមហ៊ុន Rolls Royce បានសហការណ៍ជាមួយដៃគូជាច្រើន ក្នុងការផលិត និងវិនិយោគទៅលើការបង្កើតឱ្យមានការផ្លាស់ប្ដូរ ទៅកាន់ការប្រើប្រាស់ថាមពលជាច្រើនផ្សេងៗទៀតផងដែឬ ដូចជាគម្រោងបង្កើតឱ្យមាន Air-taxis ជាដើម ដែលនឹងរួមចំនែកយ៉ាងច្រើន ក្នុងការដោះស្រាយបញ្ហាធ្វើដំណើរនៅតាមទីក្រុងទំនើបៗនាពេលអនាគត តែវានឹងត្រូវចំនាយពេលច្រើនឆ្នាំបន្ថែមទៀតក្នុងការស្រាវជ្រាវ និងផលិត ម្យ៉ាងការធ្វើដំណើរតាមអាកាស នឹងតម្រូវឱ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន៕