មកមើលរចនាសម្ព័ន្ធដែលគួរឲ្យចាប់អារម្មណ៍ទាំងពីរដែលនឹងត្រូវបង្ហាញក្នុងពិព័ណ៌ស្ថាបត្យកម្ម Expo នៅឌូបៃខាងមុខ

រចនាសម្ព័ន្ធអគារពិព័ណ៌ចំនួនពីរដែលគ្រោងនឹងបើកឲ្យអ្នកទស្សនានៅក្នុងពិព័រណ៍ Expo ឆ្នាំ ២០២០ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលាខាងមុខនេះ។ រចនាសម្ព័ន្ធទាំងពីរមានលក្ខណៈពិសេស និងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកទស្សនាខុសពីរចនាសម្ព័ន្ធដទៃ ដោយសារតែរចនាសម្ព័ន្ធមួយជាសាលពិព័ណ៌ដែលមានទឹកធ្លាក់ហូបញ្រ្ចាសទៅលើ និងមួយទៀតជាសួនច្បារលើអាកាស។

សាលពិព័ណ៌ដែលមានទឹកធ្លាក់ហូរបញ្រ្ចាសទៅលើត្រូវបានគេឲ្យឈ្មោះថា Reverse Waterfall ដែលមានជញ្ជាំងកោងមូលកម្ពស់ ១៣ ម៉ែត្រព័ទ្ធជុំវិញសួនច្បារ ហើយមានបំពាក់ប្រព័ន្ធបាញ់ទឹកបញ្ច្រាសទៅលើតាមរយៈផ្ទៃជញ្ជាំងនោះ ដែលបង្កើតបានជាទស្សនីយភាពគួរឲ្យចាប់អារម្មណ៍មួយ។

ចំណែករចនាសម្ព័ន្ធមួយទៀតត្រូវបានគេឲ្យឈ្មោះថាសួនច្បារលើអាកាស ឬ Flying Park ដែលជាបង្គោលអគារកម្ពស់ ៥៥ ម៉ែត្រពីដី ជាមួយនឹងសួនច្បារនៅលើកំពូលប៉មដែលអនុញ្ញាតឲ្យអ្នកទស្សនាមើលឃើញទីក្រុងឌូប៉ៃបាន ៣៦០ ដឺក្រេក្នុងរយៈចម្ងាយ ៤.៣៨ គីឡូម៉ែត្រការ៉េ។

លក្ខណៈពិសេសនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន WET Design ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាដែលបានសាងសង់នូវរចនាសម្ព័ន្ធទឹក និងរចនាសម្ព័ន្ធនិមិត្តរូបដ៏ល្បីល្បាញជាច្រើនរបស់ពិភពលោករួមទាំងរចនាសម្ព័ន្ធទឹករាំនៅឯ Burj Khalifa ទីក្រុងឌូបៃទៀតផង។