ក្រុមហ៊ុនស្ថាបត្យកម្ម Kengo Kuma ប្រែក្លាយតំបន់ដែលគេបោះបង់ចោលនៅ Paris ឲ្យមានសោភ័ណ្ឌភាពឡើងវិញ

តំបន់មួយនៅក្នុងទីក្រុងបារីសដែលមានឈ្មោះថា Issy-les-Moulineaux ត្រូវបានគេទុកចោល និងមិនសូវមានសភាពអ៊ូអរឡើយ។ ដូច្នេះក្រុមហ៊ុនស្ថាបត្យកម្ម Kengo Kuma របស់ប្រទេសជប៉ុនបានរចនាប្លង់អគារប្រភេទ Groundscraper ដែលទុកសម្រាប់សាងសង់នៅលើតំបន់នោះដើម្បីស្ដារឡើងវិញនូវសោភ័ណ្ឌភាព និងទាក់ទាញមនុស្សឲ្យមានសកម្មភាពនៅក្នុងតំបន់មួយនេះ។

អគារនេះមានឈ្មោះថា EDA ដែលមានពាក្យពេញថា "Experience d'Avant-Garde" និងលាតសន្ធឹងនៅលើផ្ទៃដីដែលមានផ្លូវចរាចរណ៍បំបែកជា ៣ និងមានកម្ពស់ទាំងអស់ ៧ ជាន់រួមជាមួយនឹងការដាំលម្អសួនច្បារព័ណ៌ខៀវស្រស់បំព្រងនៅតាមជាន់នីមួយៗ។

សំណង់អគារប្រហែលជា ៧០% ត្រូវបានយកវត្ថុធាតុដើមមកប្រើប្រាស់សម្រាប់ការរចនាម៉ូតអគារ។ ទាំងផ្នែកខាងមុខច្រកចូល និងផ្នែកបញ្ឈរត្រូវបានរចនាឡើងឲ្យឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត។ គួបផ្សំជាមួយនឹងប្រើប្រាស់ផ្ទាំងកញ្ចក់សម្រាប់ធ្វើការជញ្ជាំង និងវេរ៉ងដាបានធ្វើឲ្យអគារមួយនេះបង្កើននូវសោភ័ណ្ឌភាពបន្ថែមមួយកម្រិតទៀត។

ចំណែកឯ នៅផ្នែកជាន់ផ្ទាល់ដី និងជាន់ទី១ ត្រូវបានរចនាសម្រាប់ជាកន្លែងសាធារណៈ ដែលអនុញ្ញាតឲ្យមនុស្សដើរឆ្លងកាត់ ឬអង្គុយលេងជាដើម ហើយសម្រាប់ទីតាំងចំណតយានយន្ដផ្សេងៗ ត្រូវបានដាក់នៅជាន់ក្រោមដី។

តាមការបង្ហាញពីក្រុមហ៊ុនស្ថាបត្យកម្មបានឲ្យដឹងថាគម្រោងសាងសង់អគារនេះអាចនឹងត្រូវបើកសម្ពោធជាផ្លូវការនៅក្នុងឆ្នាំ ២០២២ ខាងមុខ។