វិមាន Arc de Triomphe នៅកណ្ដាលទីក្រុងប៉ារីស ហុំព័ទ្ធដោយផ្ទាំងក្រណាត់ ដើម្បីបង្ហាញស្នាដៃសិល្បៈ

ប៉ារីស៖ វិមាន Arc de Tromphe ដែលមានភាពល្បីល្បាញពាសពេញសកលោក មានទីតាំងស្ថិតនៅចំកណ្ដាលទីក្រុងប៉ារីស ត្រូវបានរៀបចំជាពិសេស ដើម្បីបង្ហាញអំពីស្នាដៃសិល្បៈ ហុំព័ទ្ធជុំវិញ ដោយសាច់ក្រណាត់ពិសេស នៃស្នាដៃទទួលស្គាល់ជាអន្តរជាតិ របស់ស្ថាបត្យករ លោក Christo និងលោកស្រី Jeanne-Claude កំពុងទទួលបានចំណាប់អារម្មណ៍ជាខ្លាំងពីមហាជន។

វិមាន Arc de Tromphe សាងសង់ឡើងនាឆ្នាំ ១៨០៦ ក្នុងរជ្ជកាល Napoleon ដែលមានកម្ពស់ ៤៩.៥ ម៉ែត្រ ត្រូវបានហុំព័ទ្ធទៅដោយសាច់ក្រណាត់ពណ៌ទឹកប្រាក់ នៅលើផ្ទៃក្រឡាសរុបប្រមាណ ២៥,០០០ ម៉ែត្រក្រឡា កំពុងបង្ហាញខ្លួននៅចំកណ្ដាលទីក្រុងប៉ារីស ក្រោមការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន។ ការរៀបចំហុំព័ទ្ធសាច់ក្រណាត់ពណ៌ទឹកប្រាក់នេះ គឺជាស្នាដៃសិល្បៈដ៏សំខាន់របស់ស្ថាបត្យករ Christo និង Jeanne, Claude ដែលបានរៀបចំគម្រោងនេះក្រោមឈ្មោះ (L’Arc de Triomphe, Wrapped)។

ការរៀបចំហុំព័ទ្ធនេះឡើង បានកំណត់កាលបរិច្ឆេទធ្វើឡើងក្នុងឆ្នាំ ២០២០ កន្លងទៅ តែដោយសារតែមានការរាតត្បាតនៃជំងឺឆ្លងកូវីដ ១៩ ក៏បានពន្យាពេលមកដល់ឆ្នាំ ២០២១ វិញ។ ជុំវិញការរៀបចំហុំព័ទ្ធសាច់ក្រណាត់ពណ៌ទឹកប្រាក់ ដែលផ្លាស់ប្ដូរពណ៌ទៅតាមពន្លឺចាំងត្រូវនេះ បានចំនាយពេលជិត ១២ សប្ដាហ៍ ក្នុងការរៀបចំ ដោយចំនាយកម្លាំងមនុស្សជាច្រើន ដើម្បីបំពេញកិច្ចការងារសំខាន់ៗ ព្រោះត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការតម្លើង និងរៀបចំស្នាដៃសិល្បៈនេះ ឱ្យដូចគំរូ ដែលបានគ្រោងទុក ថែមទាំងធានាទៅដល់គុណភាពអគារ ជាសវាងការប៉ះទង្គិច ឬខូចខាតណាមួយជាយថាហេតុ។

តាមការបញ្ជាក់របស់លោកស្រី Anne Burghart វិស្វករគម្រោងមួយនេះបានឱ្យដឹងថា ការងារសំខាន់បំផុតរបស់ក្រុមការងារនៃស្នាដៃមួយនេះ គឺធ្វើយ៉ាងណាបង្ហាញអំពីស្នាដៃហុំព័ទ្ធសាច់ស្រណាត់ តាមបំណង និងក្ដីស្រម៉ៃរបស់លោក Christo ចង់បាន ដោយយោងតាមស្នាដៃគំនូរ។ ការហុំព័ទ្ធសាច់ក្រណាត់នេះ ក៏ត្រូវពិចារណាទៅលើកត្តាជាច្រើនផ្សេងទៀត ទៅលើទំហំសំណង់ ការប្រើប្រាស់ក្រណាត់ កម្លាំងខ្យល់ ជាដើម ធ្វើយ៉ាងណាឱ្យក្រណាត់ នៅរក្សាសភាពដើមបានល្អ ទោះត្រូវខ្យល់មកពីគ្រប់ជ្រុង ឬទិសណាក៏ដោយ ជាពិសេសធានាទៅដល់ផលប៉ះពាល់ស្នាដៃដើមមិនឱ្យមានការខូចខាត បើទោះបីជាទទួលបានការអនុញ្ញាតឱ្យខួងររន្ធតូចៗក្ដី តែត្រូវធានាថាផលប៉ះពាល់គឺមានតិចបំផុត។

ស្ថិតក្នុងដំណាក់កាលរៀបចំនេះ ត្រូវពឹងផ្អែកទៅលើគ្រឿងចក្រ និងច្ចេកវិទ្យាមួយចំនួនផងដែរ ដូចជាកាំរស្មី Lazer ក្នុងការវិភាគ និងវាយតម្លៃទៅលើគុណភាពសំណង់ ការប្រើប្រាស់ Drone ដើម្បីស្កេនមាឌអគារ ចំណុចស្មុគស្មាញនៃអគារជាដើម។ តាមការបញ្ជាក់របស់ក្រុមវិស្វករ បានឱ្យដឹងថា គម្រោងហុំព័ទ្ធសាច់ក្រណាត់ នៃវិមាន Arc de Tromphe ទាំងមូលចំនាយថវិការអស់ជាង ១៤ លានអឺរ៉ូ ឬប្រមាណជា USD ១៦.៥ លានដុល្លារសហរដ្ឋអាមេរិកឯណោះ ដោយនឹងចាប់ផ្ដើមបើកបង្ហាញជាផ្លូវការ កាលពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ខាងមុខ៕