ទីក្រុងបាងកក ត្រូវបានពន្យាពេលបើកឡើងវិញ ដោយរដ្ឋាភិបាលត្រូវជម្រុញការចាក់វ៉ាក់សាំងជូនពលរដ្ឋបន្ថែម

បាងកក៖ រដ្ឋាភិបាលថៃ បានសម្រេចធ្វើការពន្យាពេលបើកទីក្រុងបាងកក ដើម្បីទទួលភ្ញៀវទេសចរណ៍ក្នុងរយៈពេលខ្លីមួយ ដោយយកការពន្យាពេលនោះ ទៅជម្រុញឱ្យការចាក់វ៉ាក់សាំងជូនទៅប្រជាពលរដ្ឋ រស់នៅក្នុងទីក្រុងឱ្យទទួលបានដូសទី២ ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ការពន្យាពេលនេះ គឺដើម្បីធានាឱ្យបាននូវភាពធន នៃរបាំងការពារជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។

ក្រសួងទេសចរណ៍ និងកីឡា របស់ថៃ បានចេញសេចក្ដីប្រកាសជាផ្លូវការ ថានឹងពន្យាការបើកទីក្រុងបាងកក សម្រាប់រយៈពេល ២ សប្ដាហ៍ ដោយតាមផែនការ ទីក្រុងបាងកក ត្រូវបើកទទួលភ្ញៀវនាថ្ងៃទី០១ ខែតុលា ខាងមុខ តែនៅពេលនេះបានសម្រេចទៅបើកនៅថ្ងៃទី១៥ ខែតុលា វិញ។ ការពន្យាពេល ១៤ ថ្ងៃនេះ គឺយកពេលវេលាបន្ថែមទៀត ក្នងការចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋ ដែលតាមការព្យាករណ៍គឺអាចមានលទ្ធភាពចាក់បានប្រមាណ ៧០% នៃចំនួនពលរដ្ឋនៅទីក្រុងបាងកកសរុប។

តាមការបញ្ជាក់របស់លោក Phiphat Ratchakiprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានបញ្ជាក់ ដូច្នេះថា ស្ថិតក្នុងកិច្ចប្រជុំជាមួយអភិបាលក្រុងបាងកក ឃើញថា ទីក្រុងមួយនេះពុំទាន់ត្រៀមលក្ខណៈរួចរាល់ ក្នុងការបើកស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញនៅឡើយទេ។ ជាក់ស្ដែង តួរលេខនាពេលបច្ចុប្បន្ន ពលរដ្ឋនៅទីក្រុងបាងកកតែជាង ៣៧% ប៉ុណ្ណោះ ដែលទទួលបានការចាក់វ៉ាក់សាំង ២ ដូសគ្រប់ចំនួន ខណៈ ៣៣% ទៀត កំពុងរង់ចាំចាក់ដូសទី២ ក្នុងចន្លោះ ៨-១២ សប្ដាហ៍របស់ខ្លួន។ ដូច្នេះការពន្យាពេលគឺជម្រុញល្បឿនចាក់ឱ្យលឿន ហើយនឹងបន្តចាក់រហូតបានគ្រប់តួរលេខ ១០០%។

ជាមួយនឹងការបើកទីក្រុងបាងកកឡើងវិញនេះដែរ រាល់ភ្ញៀវទេសចរណ៍អន្តរជាតិ ឬពលរដ្ឋថៃវិលត្រឡប់ចូលស្រុកពីបរទេសវិញ តម្រូវឱ្យស្នាក់នៅក្នុងទីក្រុងចំនួន ៧ថ្ងៃ សិន តែមិនមែនជាការធ្វើចត្តាឡីស័កនោះទេ ប្រសិនបើមានការបង្ហាញកាតចាក់វ៉ាក់សាំង និងធ្វើតេស្ដអវិជ្ជមាន។ បន្ទាប់ពីស្នាក់នៅទីក្រុងបាងកក បាន ៧ ថ្ងៃរួច ភ្ញៀវទេសចរណ៍ទាំងអស់ អាចចេញធ្វើដំណើរទៅកាន់ខេត្តចំនួន ៨ នៅលើដែនដីជាតិរបស់ថៃ ស្ថិតក្រោមកម្មវិធី Sandbox programme។ ផែនការនេះ ក្រសួងទេសចរណ៍ និងកីឡាថៃ រំពឹងថា នឹងអាចទាញភ្ញៀវទេសចរណ៍បានជាង ១ លាននាក់ឱ្យទៅកំសាន្តនៅថៃ។

គិតចាប់ពីពាក់កណ្ដាលខែតុលា ខាងមុខនេះតទៅ ថៃនឹងចាប់ផ្ដើមបើកទូលាយទទួលស្វាគមន៍ភ្ញៀវទេសចរណ៍មកពីគ្រប់បណ្ដាប្រទេសជុំវិញពិភពលោក សម្រាប់ដំណើរកំសាន្ត និងឈានដល់ការបើកប្រទេសទាំងមូលឡើងវិញតាមផែនការ ដែលបានគ្រោងទុក៕