Joe Biden ប្រកាសផ្ដល់ជំនួយវ៉ាក់សាំង ៥០០ លានដូសបន្ថែមដល់ពិភពលោក ជាការបំបែកកំណត់ត្រាថ្មីរបស់អាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធីបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសជាផ្លូវការហើយថា សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយវ៉ាក់សាំងកាន់តែច្រើនបន្ថែមទៀត ទៅកាន់បណ្ដាប្រទេសនៅទូទាំងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលនេះគឺជាការបំបែកកំណត់ត្រាមិនធ្លាប់មានរបស់អាមេរិក ក្នុងការផ្ដល់ជំនួយទៅកាន់បណ្ដាប្រទេសនៅទូទាំងពិភពលោក ដែលកំពុងប្រឈមមុខនឹងទុក្ខលំបាកនាពេលបច្ចុប្បន្ន។

លោក Joe Biden បានប្រកាសជាផ្លូវការចេញពីសេតាក់វិមាន (White House) អំពីការយកចិត្តទុកខ្ពស់ទៅដល់ផលប្រយោជន៍រួមរបស់មនុស្សជាតិ ក្នុងការផ្ដល់ជំនួយវ៉ាក់សាំងបន្ថែមទៀត ទៅកាន់បណ្ដាប្រទេសទាំងឡាយណា ដែលកំពុងប្រឈមមុខនឹងជំងឺកូវីដ ១៩ ឬមិនទាន់ស្រាកស្រាន ដោយសារតែវ៉ាក់សាំងនៅមានកម្រិត ឬមានកង្វះខាតជាដើម។ ការសម្រេចចិត្តផ្ដល់វ៉ាក់សាំង ៥០០ លានដូសបន្ថែម របស់អាមេរិក នេះគឺសំដៅទៅដល់គ្រប់បណ្ដាប្រទេស ដែលមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋប៉ុណ្ណោះ។

ការផ្ដល់ជំនួយឧបត្ថមវ៉ាក់សាំង ៥០០ លានដូស ជាប្រភេទ Pfizer គឺជាការប្ដេជ្ញាចិត្តក្នុងការជួយពិភពលោកទាំងមូលឱ្យងើបឡើង និងចាកចេញពីជំងឺកូវីដ ១៩ នោះ ដោយបូករួមនឹងវ៉ាក់សាំង ដែលអាមេរិក ធ្លាប់បានបញ្ជូនទៅជួយនៅតាមបណ្ដាប្រទេសជាច្រើននាពេលកន្លងទៅហើយនោះ បានធ្វើឱ្យអាមេរិកបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរ នៃការផ្ដល់ជំនួយវ៉ាក់សាំងក្នុងចំនួនសរុបជាង ១.១ ពាន់លានដូសឯណោះ។ ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺច្រើនជាងវ៉ាក់សាំងនៅក្នុងពិភពលោកសរុបចូលគ្នាទៅទៀត។

ស្ថិតក្នុងសេចក្ដីប្រកាសនោះ លោក Joe Biden បានលើកឡើងដូច្នេះថា “អាមេរិកនឹងក្លាយទៅជាឃ្លាំងផ្ទុកវ៉ាក់សាំង ខណៈពេលដែលយើងគឺជាឃ្លាំងប្រជាធិបតេយ្យក្នុងសង្គ្រាមលោកលើកទី២”។ លោកបានបន្ថែមទៀតថា “យើងបានបញ្ចូនវ៉ាក់សាំងចំនួន ១៦០ លានដូស ទៅកាន់បណ្ដាប្រទេសចំនួន ១០០ នៅទូទាំងពិភពលោករួចទៅហើយ ដោយបានចាក់ ១ ដូសសម្រាប់ពលរដ្ឋអាមេរិក ហើយនៅពេលនេះយើងប្ដេជ្ញាចិត្តក្នុងការចាក់ឱ្យបានដូសទី៣ សម្រាប់បណ្ដាប្រទេសទាំងឡាយនៅទូទាំងពិភពលោក ដោយការឧបត្ថមនេះគឺផ្ដល់ជូនទៅដល់មនុស្សគ្រប់រូបដោយពុំជាប់ពាក់ព័ន្ធទៅនឹងបញ្ហានយោបាយឡើយ”។ 

ជុំវិញការផ្ដល់ជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នេះ លោក Joe Biden បានបញ្ជាក់ផងដែរថា ការងារនេះមិនអាចធ្វើឡើងដោយអាមេរិកតែឯកនោះទេ គឺតម្រូវឱ្យបណ្ដាប្រទេសអភិវឌ្ឍ ឬប្រទេសអ្នកមាន លូកដៃ និងជ្រុមជ្រែងក្នុងការជួយគ្នាទៅវិញទៅមក ក្នុងមហិច្ឆិតា រំលាយជំងឺមួយនេះចេញពីពិភពលោក។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក  បានប្រកាសធ្វើការដោះស្រាយបញ្ហាប្រឈមជាមួយថ្នាក់ដឹកនាំកំពូលៗនៅទូទាំងពិភពលោក អំពីបញ្ហាវ៉ាក់សាំងនេះ ធ្វើយ៉ាងណាឱ្យគ្រប់ប្រទេសទាំងអស់ជុំវិញពិភពលោកទទួលបានការចាក់វ៉ាក់សាំងក្នុងអត្រា ៧០% ទៅកាន់ពលរដ្ឋរបស់ខ្លួនឱ្យបានមុនខែកញ្ញា ឆ្នាំ២០២២ មកដល់៕