រដ្ឋាភិបាលសឹង្ហបុរី បង្គាប់ឱ្យពលរដ្ឋធ្វើកិច្ចការងារ និងសិក្សាពីផ្ទះឡើងវិញ ខណៈចំនួនឆ្លងកំពុងកើនឡើង!

សឹង្ហបុរី៖ ក្រោយស្ថានការណ៍បានធូស្បើយមួយរយៈពេលខ្លី នាពេលថ្មីៗកន្លងទៅនេះ ដែលធ្វើមានការបើកដំណើការសកម្មភាពអាជីវកម្មជាច្រើន និងមានការបន្ធូរបន្ថយលើសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរួចមក។ ឈានដល់ចុងខែកញ្ញានេះ រដ្ឋាភិបាលបានចាប់ផ្ដើមរឹតបន្តឹងឡើងវិញ និងបង្គាប់ឱ្យធ្វើសកម្មភាពជាច្រើន នៅតាមលំនៅឋានឡើងវិញ ក្នុងគោលដៅការពារការឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។

រដ្ឋាភិបាលរបស់ប្រទេសសឹង្ហបុរី បានប្រកាសឱ្យពលរដ្ឋរបស់ខ្លួននៅទូទាំងប្រទេស ចាប់ផ្ដើមមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែម និងឡើងវិញម្ដងទៀត ស្របពេលករណីឆ្លងនៅក្នុងសហគមន៍ ត្រូវបានរកឃើញ នៅក្នុងចំនួនមួយគួរឱ្យព្រួយបារម្មណ៍ដល់ទៅជាង ១,៥០០ ករណីក្នុងមួយថ្ងៃៗ ដោយចំនួននេះត្រូវបានព្យាករណ៍ថាអាចនឹងកើនឡើងទៅដល់ជាង ៦,០០០ ករណីក្នុងមួយថ្ងៃ បើពុំមានការចាត់វិធានការណាមួយបន្ទាន់នៅះទេ។ ហេតុផលនេះទើបបានជារដ្ឋាភិបាល សម្រេចចិត្តដាក់ចេញវិធានការរឹតត្បឹងឡើងវិញដើម្បីធានាទៅដល់សុខភាពសាធារណៈ។

ពលរដ្ឋសឹង្ហបុរី និងសិស្សានុសិស្សនៅទូទាំងប្រទេស តម្រូវឱ្យបំពេញការងារពីលំនៅឋាន និងបង្វែការសិក្សានៅផ្ទះវិញជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៧ កញ្ញា ដល់ថ្ងៃទី៧ ខែតុលា តទៅហើយ ដើម្បីបញ្ជៀសការឆ្លងជំងឺតគ្នានៅក្នុងសហគមន៍ ដែលពេលនេះកំពុងកើនឡើងគួរឱ្យបារម្មណ៍។ ការសម្រេចចិត្តនេះ គឺជាមធ្យោបាយល្អតែមួយគត់ ដែលមិនអាចជាសវាងបាន បើមិនដូច្នោះទេ សឹង្ហបុរីអាចនឹងត្រូវឈានដល់ការបិទខ្ទប់ម្ដងទៀត នាពេលដ៏ខ្លីខាងមុខនេះ ទោះបីដឹងថានឹងប៉ះពាល់ទៅដល់អាជីវកម្មយ៉ាងច្រើនក្ដី នេះបើយោងតាមការលើកឡើងរបស់លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានប្រយុទ្ធប្រឆាំងវីរុសសឹង្ហបុរី។

លោក Gan Kim Yong បានបញ្ជាក់ថា វិធានការនេះពិតជាលំបាកសម្រាប់យើង បើទោះបីជាការចាត់វិធានការនេះនឹងមិនអាចបន្ថយអត្រាឆ្លងក្នុងល្បឿនមួយដ៏ខ្លីក៏ដោយ តែវានឹងជួយកាត់បន្ថយល្បឿននៃការឆ្លងបាន និងការពារមិនឱ្យមានការដាក់សម្ពាធធ្ងន់ធ្ងរទៅកាន់មន្ទីរពេទ្យ។ ស្ថិតក្នុងការអនុវត្តវិធានការថ្មី ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែតុលា ខាងមុខនេះ សឹង្ហបុរីព្យាករណ៍ថា ចំនួនអ្នកជំងឺកូវីដ ១៩ នៅតាមមន្ទីរពេទ្យលើផ្ទៃប្រទេសនឹងធ្លាក់ចុះបាន ១០% តែអត្រាឆ្លងអាចនឹងកើនដល់ ៥,០០០ ករណី បើសិនពលរដ្ឋពុំសហការណ៍។

ទន្ទឹមគ្នានោះដែរ រដ្ឋាភិបាលសឹង្ហបុរី ក៏ត្រៀមនឹងបើកការធ្វើតេស្ដស្វែងរកវីរុសកូវីដ ១៩ ទៅលើប្រជាពលរដ្ឋផងដែរបើទោះបីជាពលរដ្ឋរូបនោះបានចាក់វ៉ាក់សាំងរួចរាល់ក្ដី នាពេលដ៏ខ្លីខាងមុខ ប្រសិនបើករណីឆ្លងនៅតែបន្តកើនឡើង។ ម្យ៉ាងពលរដ្ឋអាយុចាប់ពី ៥០ ទៅ ៥៩ ឆ្នាំ នឹងត្រៀមចាក់វ៉ាក់សាំង ១ ដូសបន្ថែមទៀតជាប្រភេទ ដូសជំនួយចាប់ពីថ្ងៃទី០៤ ខែតុលា ខាងមុខ។ រដ្ឋាភិបាលសឹង្ហបុរី ក៏កំពុងរៀបចំផែនការផ្សេងៗក្នុងការគ្រប់គ្រងទៅលើការធ្វើដំណើរចេញចូល ឬឆ្លងកាត់ប្រទេសរបស់ខ្លួនផងដែរ ដើម្បីធានាទៅដល់សុខសុវត្ថិភាព ខណៈពេលដែលស្ថានការណ៍កំពុងមានការប្រែប្រួល៕