សេដ្ឋកិច្ចឥណ្ឌូនេស៊ី មានតែ ៤.៥% ប៉ុណ្ណោះ ធ្លាក់ជិត ៣% បើធៀបនឹងត្រីមាសទី២ កន្លងទៅ

ហ្សាកាតា៖ សេដ្ឋកិច្ចប្រទេសឥណ្ឌូនេស៊ី រំពឹងថានឹងល្អប្រសើរឡើងវិញក្រោយពីការធ្លាក់ចុះនៃចំនួនឆ្លងជំងឺកូវីដ ១៩ ដ៏ច្រើនសន្ធឹកសន្ធាប់ជាង ៤ ម៉ឺននាក់ក្នុងមួយថ្ងៃ មកសល់ត្រឹមតែជាង ៤០០ ករណីនាចុងខែតុលា ឆ្នាំ២០២១ តែពន្លឺនៃភាពល្អប្រសើរនោះអាចនឹងមានបញ្ហាប្រឈមនៅខាងមុខ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។

ប្រភពព័ត៌មានអន្តរជាតិចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ដែលមានទំហំធំជាងគេទី១ នៅអាស៊ីអាគ្នេយ៍ មានភាពល្អប្រសើរកាលពីត្រីមាសទី២ កន្លងទៅ ដោយកំណើនសេដ្ឋកិច្ចហក់ឡើងដល់ទៅ ៧.០៧% ឯណោះ។ ចំនួនកើនឡើងនោះ ក៏បានធ្លាក់ចុះទៅវិញយ៉ាងលឿន ដោយសារតែការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ កាលពីខែកក្កដា កន្លងទៅ និងបានអូសបន្លាយពេលវេលា រហូតដល់សីហា ទើបចំនួននោះចាប់ផ្ដើមធ្លាក់ចុះវិញ ជាលទ្ធផលធ្វើឱ្យសេដ្ឋកិច្ចប្រទេសមួយនេះរងផលប៉ះពាល់ជាខ្លាំង។

បញ្ហាសុខភាពសាធារណរបស់ឥណ្ឌូនេស៊ី កាលពីពេលកន្លងទៅនេះ បានទាញឱ្យសេដ្ឋកិច្ចប្រទេសមួយនេះរងផលប៉ះពាល់ជាទម្ងន់នៅគ្រប់វិស័យ ធ្វើឱ្យកំណើនសេដ្ឋកិច្ចមានតែ ៤.៥% ប៉ុណ្ណោះ កាលពីត្រីមាសទី៣ កន្លងទៅ នេះបើយោងតាមរបាយការណ៍ផ្លូវការ ចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុ កាលពីថ្ងៃច័ន្ទកន្លងទៅ។ ការថយចុះពីអត្រា ៧% មក ៤.៥% នេះ លោកស្រី Sri Mulyani INdrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ថា តម្រូវការពីទីផ្សារអន្តរជាតិ ចាប់ផ្ដើមកើនឡើងនាសប្ដាហ៍ទី២ ក្នុងខែសីហា កន្លងទៅ ធ្វើឱ្យការនាំចេញរបស់ឥណ្ឌូនេស៊ីទៅអន្តរជាតិកើនឡើង។

លោកស្រីបញ្ជាក់ទៀតថា ការកើនឡើងនៃការនាំចេញសបង្ហាញអំពីភាពល្អប្រសើរសម្រាប់សេដ្ឋកិច្ច បើទោះបីជាមិនអាចធៀបទៅនឹងត្រីមាសទី២ ក៏ដោយ តែបើពុំមានជំងឺកូវីដ ១៩ កំណើនសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ី នៅតែបន្តកើនឡើង និងកាន់តែប្រសើរកាលពីត្រីមាសទី៣ កន្លងទៅថែមទៀតផង។ តាមការព្យាករណ៍របស់លោកស្រីរដ្ឋមន្ត្រីបង្ហាញថា ត្រីមាសទី៤ ឆ្នាំ ២០២១ សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីរំពឹងថា នឹងចាប់ផ្ដើមល្អប្រសើរឡើងវិញ តែស្ថិតក្នុងល្បឿនធម្មតាប៉ុណ្ណោះ ហើយពេញមួយឆ្នាំនេះ សេដ្ឋកិច្ចអាចប្រសើរជាងឆ្នាំ២០២០ ប្រមាណ ៤% ខុសពីការព្យាករណ៍លើកមុន ដែលថាសេដ្ឋកិច្ចអាចងើបឡើងចន្លោះពី ៣.៧% ទៅ ៤.៥%។

កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ពឹងផ្អែកខ្លាំងទៅលើទីផ្សារពិភពលោកផងដែរ ដែលជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់ រួមមានអាមេរិក សហភាពអឺរ៉ុប និងចិន ដូច្នេះបើចង់ឱ្យសេដ្ឋកិច្ចឥណ្ឌូនេស៊ីមានស្ថេរភាព គឺត្រូវធ្វើយ៉ាងនាឱ្យសេដ្ឋកិច្ចពិភពលោកមានភាពប្រក្រតី ឬល្អប្រសើរឡើងវិញ។ យ៉ាងណាក៏ដោយ ករណីពុំមានការព្យាករណ៍ណាមួយត្រូវបានធ្វើឡើងនៅឡើយទេ សម្រាប់ដំណើរសេដ្ឋកិច្ចនាឆ្នាំ ២០២២ ខាងមុខ៕