គម្រោងស្ថានីយអាកាសយានដ្ឋានថ្មី ដែលកំពុងសាងសង់នៅទីក្រុង Pittsburgh កំពុងទទួលបានចំណាប់អារម្មណ៍ច្រើនពីសាធារណជន

ទីក្រុង Pittsburgh កំពុងតែនឹងទទួលបានព្រលានយន្តហោះថ្មី ដែលបុគ្គលិកផ្នែកអាកាសចរណ៍ជាច្រើនយល់ថា វានឹងជាក្លាយជាគម្រូម៉ូឌែល សម្រាប់ការរចនាព្រលានយន្តហោះថ្មីនៅសតវត្សរ៍ទី ២១។

អាកាសយាន្តដ្ឋានអន្តរជាតិ Pittsburgh (Pittsburgh International Airport - PIT) បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៩ តុលាថ្មីៗនេះ លើស្ថានីយបច្ចេកវិទ្យាឆ្ពោះទៅមុខជាមួយតម្លៃ ១.៤ ពាន់លានដុល្លារ ដែលនេះក៏ជាស្ថានីយថ្មីដំបូងគេ ដែលត្រូវបានសាងសង់នៅក្នុងប្រទេស ចាប់តាំងពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ មក។ វាត្រូវបានគេហៅថាគម្រោងទំនើបកម្មនៃស្ថានីយព្រលានយន្តហោះ ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៥ ដោយអាកាសយានដ្ឋាននេះរួមមានចំណតរថយន្តទំហំ ៧០០.០០០ ហ្វីតការ៉េ យានដ្ឋានចំណតរថយន្តដែលមានទំហំអាចចតបាន ៣.៣០០ កន្លែង និងមជ្ឈមណ្ឌលដឹកជញ្ជូននៅជាន់ផ្ទាល់ដី ដែលមានកន្លែងជួលរថយន្តផងដែរ។ វាគឺជាគម្រោងមួយដែលបានចាប់ផ្តើមមុនពេលមានជម្ងឺរាតត្បាត ហើយត្រូវបានគេផ្អាកដំណើរការនៅពេលដែលមេរោគកូរ៉ូណាផ្ទុះឡើង។

លោក Larry Studdiford ស្ថាបនិកក្រុមហ៊ុន Studdiford Technical Solutions ដែលជាក្រុមហ៊ុនប្រឹក្សាសន្តិសុខប្រព័ន្ធនិងឥវ៉ាន់ នៅអាកាសយានដ្ឋាននៅទីក្រុង Alexandria រដ្ឋ Virginia និយាយថា ស្ថានីយនេះគឺជាការបង្ហាញនូវបច្ចេកវិទ្យាជំនាន់ក្រោយ និងប្រកបដោយនិរន្តរភាព។

អគារនេះនឹងត្រូវបានបំពាក់ដោយក្រឡាចត្រង្គខ្នាតតូច របស់ព្រលានយន្តហោះ (Airport’s own micro-grid) ដែលមានបន្ទះសូឡាចំនួន ១០,០០០ និងម៉ាស៊ីនបង្កើតឧស្ម័នធម្មជាតិចំនួន ៥។ កំឡុងពេលសាងសង់ បើយោងតាមប្រភពពី Pitt Transformed site ដែលរៀបរាប់លម្អិតគម្រោងថា “កាកសំណល់អប្បបរមា ៧៥% នឹងត្រូវកែច្នៃឡើងវិញ ឬប្រើឡើងវិញ រួមទាំងបេតុងពីផ្លូវដែលមានស្រាប់ ដែលនឹងត្រូវប្រើឡើងវិញសម្រាប់ផ្លូវថ្មី។” ការប្រមូលផលទឹកភ្លៀង និងកិច្ចខិតខំប្រឹងប្រែង អភិរក្សទឹកផ្សេងទៀត ក៏មាននៅក្នុងគម្រោងនេះផងដែរ។

Studdiford និយាយថា “ការពឹងផ្អែកលើ Micro-grid ដើម្បីទ្រទ្រង់ខ្លួនឯង និងសហការជាមួយសាកលវិទ្យាល័យមួយចំនួន ដើម្បីកំណត់រចនាសម្ព័ន្ធបច្ចេកវិទ្យា ដែលប្រើនៅក្នុងស្ថានីយពិតជាមានភាពច្នៃប្រឌិត។ វាមិនមែនជាអ្វីដែលឧស្សាហកម្មបានឃើញនោះទេ។ ព្រលានយន្តហោះធ្លាប់ជាមជ្ឈមណ្ឌលរបស់ក្រុមហ៊ុនអាកាសចរណ៍ US Airways ហើយនៅពេលនោះ ការរចនានិងប្លង់ត្រូវបានគេចាត់ទុកថាទំនើបនៅក្នុងពិភពព្រលានយន្តហោះ និងអនុញ្ញាតឱ្យមានប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ នេះគឺជាឧទាហរណ៍មួយទៀតនៃ Pittsburgh ដើម្បីសម្លឹងមើលទៅអនាគតបន្តទៀត។”

តាមគ្រោងការណ៍ ការរចនាស្ថានីយមានគោលបំណងធ្វើឱ្យបទពិសោធន៍សម្រាប់អ្នកដំណើរ កាន់តែមានប្រសិទ្ធភាព។ លក្ខណៈពិសេសរួមមានចម្ងាយនឹងខ្លីជាងមុន សម្រាប់ការមកដល់ និងការចាកចេញរបស់អ្នកដំណើរ ដែលកាត់បន្ថយពេលវេលាដែលត្រូវការ ដើម្បីធ្វើដំណើរពីផ្លូវចុះចតដល់យន្តហោះ ៥០% ឆ្លងកាត់បរិវេណខាងក្រៅ មុននិងក្រោយកន្លែងត្រួតពិនិត្យ មានបំពាក់ដោយរុក្ខជាតិជាច្រើន ការតាំងពិព័រណ៌បៃតងស្រស់បំព្រង និងការតាំងបង្ហាញសិល្បៈនានា។ ធាតុសំខាន់ៗផ្សេងទៀតរួមមាន បច្ចេកវិទ្យាខ្យល់អាកាសបរិសុទ្ធ និងការដឹកជញ្ជូនឥវ៉ាន់កាន់តែមានប្រសិទ្ធភាព និងលឿនជាងមុន។

មិនតែប៉ុណ្ណោះ បច្ចុប្បន្នព្រលានយន្តហោះនេះ ក៏កំពុងសហការជាមួយ Carnegie Mellon ដើម្បីសាកល្បងបច្ចេកវិទ្យាដែលអាចប្រើ AI ដូចជារថយន្តបើកបរដោយខ្លួនឯង មនុស្សយន្តដែលស្អាត មានសុវត្ថិភាពក្នុងការទទួលបម្រើសេវាកម្មដល់អ្នកដំណើរ និងការដឹកជញ្ជូនឥវ៉ាន់ដោយស្វ័យប្រវត្តិជាដើម។

PIT មិនមែនជាព្រលានយន្តហោះតែមួយគត់នៅក្នុងសហរដ្ឋអាមេរិក ដែលពឹងផ្អែកលើបច្ចេកវិទ្យាចុងក្រោយប៉ុណ្ណោះ Studdiford និយាយថាស្ថានីយផ្សេងទៀត កំពុងឈានទៅមុខដូចគ្នាដែរ ដូចជាព្រលានយន្តហោះអន្តរជាតិ Dallas/Forth Worth ដែលមានក្រុមច្នៃប្រឌិតថ្មី រួមបញ្ចូលទាំងបុគ្គលិកដែលមកពីឧស្សាហកម្មផ្សេងៗគ្នា ក្រៅពីវិស័យអាកាសចរណ៍ផងដែរ។

ទោះយ៉ាងណាចំណតរបស់ស្ថានីយព្រលានយន្តហោះ Pittsburgh កំពុងមានភាពលេចធ្លោ និងទាក់ទាញចំណាប់អារម្មណ៍ច្រើនពីសាធារណជន ជាពិសេសប្រជាជនដែលរស់នៅក្នុងទីក្រុង Pittsburgh ផ្ទាល់។ លោក Studdiford មានប្រសាសន៍ថា “គម្រោងនេះនឹងលេចធ្លោ និងរចនាសម្ព័ន្ធថ្មី និងឆ្លុះបញ្ចាំងទៅកាន់បច្ចេកវិទ្យានាពេលអនាគត។”