ហុងកុងដាក់បង្ហាញបណ្តាញបច្ចេកវិទ្យាអន្តោប្រវេសន៍ថ្មី ដោយគ្មានការធ្វើទំនាក់ទំនងជាមួយមនុស្ស

ទីក្រុងហុងកុង៖ បណ្តាញបច្ចេកវិទ្យាអន្តោប្រវេសន៍ដោយគ្មានទំនាក់ទំនង (Contactless immigration clearance channels using) ដោយប្រើប្រាស់ QR Code និងបច្ចេកវិទ្យាសម្គាល់មុខ ត្រូវបានណែនាំ និងដាក់បង្ហាញជាលើកដំបូង កាលពីថ្ងៃពុធ (១ ធ្នូ) នៅចំណុចត្រួតពិនិត្យព្រំដែនហុងកុងចំនួន ៣។

អ្នករស់នៅទីក្រុងហុងកុង ដែលមានអាយុចាប់ពី ១១ ឆ្នាំឡើងទៅ ដែលចុះឈ្មោះនៅលើកម្មវិធីទូរស័ព្ទអាចចូល និងចាកចេញពីទីក្រុងតាមរយៈ "បណ្តាញអេឡិចត្រូនិចគ្មានទំនាក់ទំនង" ដែលបានតម្លើងនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង ស្ពាន Hong Kong-Zhuhai-Macau និង ច្រកព្រំដែនសមុទ្រ Shenzhen។

ជំនួយការនាយកនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់ប្រព័ន្ធព័ត៌មាន លោក Gavin Ho Ka-wing បាននិយាយថា បណ្តាញថ្មីនេះបានបង្កើនភាពងាយស្រួល និងសុវត្ថិភាពនៃដំណើរការបោសសំអាតផ្នែកអន្តោប្រវេសន៍ដោយកាត់បន្ថយទំនាក់ទំនងជាមួយមនុស្ស ជាពិសេសក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតកូវីដ-១៩។

លោកបានបន្តថា៖ “ដំណើរការកាន់តែមានភាពងាយស្រួល ព្រោះយើងមិនត្រូវយកអត្តសញ្ញាណប័ណ្ណចេញពីហោប៉ៅ និងកាបូបរបស់យើងទេ។ វាមានអនាម័យជាងមុន ដោយសារយើងមិនចាំបាច់ចែករំលែក ស្នាមម្រាមដៃ នៅលើគម្រូម៉ាស៊ីនសម្គាល់ស្នាមម្រាមដៃដូចគ្នា។"

ផ្លូវគ្មានទំនាក់ទំនងថ្មី (Contactless route) នឹងផ្តល់ឱ្យអ្នកធ្វើដំណើរចូលទីក្រុង នូវជម្រើសមួយសម្រាប់បញ្ជរលំនាំចាស់ និងបណ្តាញអេឡិចត្រូនិចស្កេនស្នាមម្រាមដៃ ដែលមានស្រាប់។

លោក Ho បានកត់សម្គាល់ថា ប្រព័ន្ធថ្មីនេះក៏អនុញ្ញាតឱ្យអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែនក្នុងរយៈពេលត្រឹមតែ ៧ វិនាទីប៉ុណ្ណោះ "មួយវិនាទីលឿនជាងបណ្តាញអេឡិចត្រូនិចដែលមានស្រាប់របស់យើង។" 

លោកបានបន្ថែមថា "តាមពិតមួយវិនាទី គឺច្រើនណាស់ ពីព្រោះប្រសិនបើមានអ្នកធ្វើដំណើរច្រើននៅចំណុចត្រួតពិនិត្យ និយាយថា ៣០០ លាននាក់ក្នុងឆ្នាំ ២០១៨ វានឹងលឿនជាង ៣០០ លានវិនាទី។" 

បន្ថែមពីនេះ ប៉ុស្តិ៍បញ្ជរអេឡិចត្រូនិចគ្មានទំនាក់ទំនងចំនួន ៤ ទៅ ៥ ត្រូវបានដំឡើងនៅក្នុងបន្ទប់ចេញដំណើរ និងមកដល់នៃចំណុចត្រួតពិនិត្យនីមួយៗ។

មុនពេលប្រើចំណុចត្រួតពិនិត្យ អ្នកដំណើរនឹងត្រូវបញ្ចូលព័ត៌មានលម្អិតអំពីអត្តសញ្ញាណប័ណ្ណរបស់ពួកគេ នៅក្នុងកម្មវិធីទូរស័ព្ទ "iAM Smart" របស់ហុងកុង ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេ សម្រាប់សេវាកម្មរដ្ឋាភិបាល។

បន្ទាប់មកពួកគេអាចទាញយកកម្មវិធីទូរស័ព្ទ "Contactless e-Channel" និងបំពេញការចុះឈ្មោះរបស់ពួកគេ ដោយមានជំនួយពី "iAM Smart" ។

បន្ទាប់ពីបង្ហាញកូដ QR ដែលបង្កើតដោយកម្មវិធី ទៅកាន់ម៉ាស៊ីនស្កេននៅបញ្ជរអេឡិចត្រូនិច បន្ទាប់មកអ្នកដំណើរត្រូវមើលកាមេរ៉ា សម្រាប់ការផ្ទៀងផ្ទាត់ផ្ទៃមុខ ដូច្នេះដំណើរការត្រួតពិនិត្យអន្តោប្រវេសន៍នឹងត្រូវបានបញ្ចប់។ 

លោក Ho បាននិយាយថា ការសម្គាល់មុខរបស់ប្រព័ន្ធនេះ គឺមានភាពត្រឹមត្រូវរហូតដល់ ៩៩% ឯណោះ។ ទោះបីជាយ៉ាងនេះក្តី លោកបានបន្ថែមថា "យើងនឹងមានការប្រុងប្រយ័ត្នចំពោះកត្តាសុវត្ថិភាពបន្ថែម។ ដូចគ្នាទៅនឹងស្នាមម្រាមដៃដែរ មានមនុស្សដែលមិនអាចឆ្លងកាត់ការផ្ទៀងផ្ទាត់ស្នាមម្រាមដៃ ក៏ជឿថាអាចមានមនុស្សដែលមិនអាចឆ្លងកាត់ការផ្ទៀងផ្ទាត់ផ្ទៃមុខផងដែរ។"

ជាការដោះស្រាយទៅលើបញ្ហា Privacy លោក Ho បាននិយាយថា រូបថតដែលថតនៅ e-channels នឹងត្រូវបានលុបភ្លាមៗ បន្ទាប់ពីអ្នកដំណើរបានផ្ទៀងផ្ទាត់ផ្នែកអន្តោប្រវេសន៍រួច ជៀសវាងការប្រមូលព័ត៌មានផ្ទាល់ខ្លួន។ លោកបានបន្ថែមថា រដ្ឋាភិបាលនឹងពិចារណាលើការពង្រីកសេវាកម្ម ដល់អ្នកមិនមែនពលរដ្ឋហុងកុង នៅឆ្នាំក្រោយ។

អ្នកធ្វើដំណើរត្រូវចុះឈ្មោះតែម្តងប៉ុណ្ណោះ សម្រាប់សេវាកម្ម ហើយទិន្នន័យចល័តមិនចាំបាច់បើក សម្រាប់កម្មវិធីដើម្បីបង្កើតកូដ QR នោះទេ។ ដើម្បីជៀសវាងការប្រើខុស និងប្រើកូដ QR ឡើងវិញ មុខងារថតអេក្រង់ (Screen capture) នឹងត្រូវបានបិទ នៅពេលដែលកម្មវិធីកំពុងប្រើប្រាស់។ លេខកូដ QR ថ្មី ក៏នឹងត្រូវបានបង្កើតរៀងរាល់ ៣០ វិនាទី នៅពេលដែលបង្ហាញលេខកូដចាស់មិនត្រឹមត្រូវ។

ដោយឡែកសម្រាប់ កុមារដែលមានអាយុពី ១១ ទៅ ១៧ ឆ្នាំ ត្រូវការការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់ ដើម្បីចុះឈ្មោះ។ អ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដែលមិនមានស្មាតហ្វូន នៅតែអាចចុះឈ្មោះដោយខ្លួនឯង ដោយអាចឱ្យពួកគេបង្ហាញអត្តសញ្ញាណប័ណ្ណជំនួសឱ្យ QR code នៅ e-channel ហើយបន្ទាប់មកប្រើប្រាស់សេវាកម្មសម្គាល់មុខជំនួសឱ្យម៉ាស៊ីនស្កេនស្នាមម្រាមដៃ។

លោក Ho បាននិយាយថា ទីក្រុងក៏មានគម្រោងដាក់ឱ្យដំណើរការបណ្តាញអេឡិចត្រូនិចថ្មី នៅតាមច្រកព្រំដែនផ្សេងទៀតផងដែរ ប៉ុន្តែមិនបានផ្តល់ពេលវេលាកំណត់ណាមួយច្បាស់លាស់នៅឡើយនោះទេ។