មន្ត្រីជំនាញចាប់ផ្តើមសិក្សាលើការជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រឡាយមេនិងប្រព័ន្ធលូនានាឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោតបានស្រកចុះ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យមន្ត្រីជំនាញធ្វើការ សិក្សានិងលើកជាគម្រោង ដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ប្រឡាយមេ បណ្ដាញលូជាដើមឡើងវិញ ក្រោយ ពីទឹកជំនន់ស្ទឹងព្រែកត្នោតបានគំរាមកំហែងនិងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនកាលពី ១ខែ មុននេះ និងដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការគំរាមកំហែងដោយជំនន់ទឹកស្ទឹងព្រែកត្នោតនេះនៅបណ្តាឆ្នាំ ក្រោយៗទៀត។ ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង ខណៈដែលឯកឧត្តម បានដឹកនាំមន្ត្រីជំនាញសាលារាជធានីនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាព ជាក់ស្ដែងនៅតាមបណ្ដា ប្រឡាយមេ ផ្លូវមួយចំនួននៅតាមដងស្ទឹងព្រែកត្នោត និងតំបន់លិចទឹកក្នុងភូមិ សាស្ត្រខណ្ឌដង្កោ។ 

ឯកឧត្តម ឃួង ស្រេង បានចុះពិនិត្យមើលស្ថានភាព ការដាក់លូនៅផ្លូវបេតុងចូលទៅបឹងតាម៉ាត ស្ថិតក្នុង ភូមិសាស្ត្រភូមិម័ល និងភូមិសំបួរ សង្កាត់ដង្កោ។ ជុំវិញការចុះពិនិត្យទីតាំងនេះ ឯកឧត្តម អភិបាលរាជ ធានីភ្នំពេញបានជំរុញឱ្យស្ថាបនាលូជាមុនសិន ទើបស្ថាបនាផ្លូវតាមក្រោយ ដើម្បីរំដោះការលិចលង់ដោយ ជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើ ។ គិតត្រឹមថ្ងៃទី០២ ធ្នូនេះ បើតាមមន្ត្រីជំនាញថា ការដាក់ បណ្តាញលូ នៅផ្លូវបេតុងចូលទៅបឹងតាម៉ាតនេះ ការងារ ដាក់លូ ទំហំ១ម៉ែត្រ៥០គុណ២ម៉ែត្រ បានប្រវែង ៤៥០ម៉ែត្រ ក្នុងប្រវែងសរុប៧២៩ម៉ែត្រ ស្មើ៦០%ហើយ។ ចំពោះកាងារដាក់លូ ទំហំ១ម៉ែត្រ ក្រុមការងារ ដាក់លូបានប្រវែង១៩០ម៉ែត្រក្នុងប្រវែងសរុប៩៩៦ម៉ែត្រ ស្មើនឹង១៥%។ ឯកឧត្តម ឃួង ស្រេង ក៏បានចុះ ពិនិត្យស្ថានភាពប្រឡាយជើងឯក ស្ថិតនៅក្នុងភូមិកំរៀង ក្នុងសង្កាត់ព្រៃវែង។ 

ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការដោះទឹកចេញពីផ្លូវជាតិលេខ៣ចូលមកបឹងជើងឯក ដែល មានប្រវែង ១២គីឡូម៉ែត្រ ។ ពាក់ព័ន្ធនឹងប្រឡាយមេនេះ ឯកឧត្តម ឃួង ស្រេងបានស្នើឱ្យ មន្ត្រីជំនាញនៃ មន្ទីរជំនាញលើកជាគម្រោងដើម្បីស្ថាបនាស្ពាន នៅក្នុងភូមិកំរៀងសង្កាត់ព្រៃវែងនេះ ដោយដាក់ទ្វារទឹកផង ដែរ។ ប្រឡាយនេះជាគម្រោងនឹងធ្វើការស្ដារ ឱ្យបានទទឹងពី១៥ទៅ១៦ម៉ែត្រ។ ឯកឧត្តម ឃួង ស្រេង ក៏បាន ចុះពិនិត្យស្ថានភាពផ្លូវមួយចំនួនទៀតនៅតាមបណ្ដោយស្ទឹងព្រែកត្នោតផងដែរ ដោយផ្លូវទាំងនេះ ត្រូវតែធ្វើការជួសជុលឡើងវិញ និងស្ថាបនាឱ្យបានធំនិងខ្ពស់ជាងមុន។ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញបានបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតពីមួយឆ្នាំទៅមួយឆ្នាំ កម្ពស់ទឹកចេះតែកើន ឡើង ដោយសារមានការអភិវឌ្ឍន៍ច្រើននៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ដែលធ្វើឱ្យទឹកហូរចូលមក ទឹកស្ទឹងព្រែកត្នោតតែមួយ ។ដូច្នេះហើយទើបកម្ពស់ទឹកកើនឡើងជាលំដាប់។ 

ដោយហេតុនេះហើយ រដ្ឋបាលរាជធានីភ្នំពេញ និងលើកជាទំនប់តាមបណ្ដោយសណ្តស្ទឹងព្រែកត្នោតនេះ ឱ្យបានខ្ពស់ជាងមុន ធ្វើយ៉ាងណាទប់ស្កាត់ការលិចលង់ឱ្យបាននៅឆ្នាំក្រោយៗទៀត។