ករណីឆ្លងជំងឺកូវីដ ១៩ នៅអង់គ្លេស ផ្ទុះឡើងជាថ្មី ត្រឹម ២៤ម៉ោង ឆ្លងច្រើនជាង ១០ ម៉ឺននាក់

ឡុងដ៌៖ គិតចាប់ពីឆ្នាំ ២០២០ ដែលអង់គ្លេសរកឃើញករណីឆ្លងលើកទី១ មកដល់ដំណាច់ឆ្នាំ ២០២១ នេះ ចក្រភពអង់គ្លេសពុំធ្លាប់ឈានដល់ករណីឆ្លងជំងឺកូវីដ ១៩ ច្រើនសន្ធឹកសន្ធាប់រហូតលើសចំនួន ១០ ម៉ឺននាក់ ក្នុងរយៈពេល ២៤ ម៉ោងនោះទេ តែនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នេះ ករណីឆ្លងមានច្រើនជាងការរំពឹងទុក ដែលកំពុងបង្ករជាក្ដីកង្វល់ជាខ្លាំងនៅក្នុងសហគមន៍។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ ១៩ ថ្មីៗ នៅចក្រភពអង់គ្លេស បានកំពុងផ្ទុះឡើងជាខ្លាំងម្ដងទៀត ស្ថិតក្នុងតួរលេខប្រកាសអាសន្ន បន្ទាប់ពីប្រទេសមួយនេះបានស្រាកស្រានបានជាច្រើនខែកន្លងមកនេះ។ តួរលេខផ្លូវការ របស់រដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់ថា ការកើនឡើងចំនួនដ៏ច្រើននេះ មានរហូតដល់ទៅ ១០៦,១២២ ករណី ឯណោះ ត្រឹមតែ ២៤ ម៉ោងចុងក្រោយ នាយប់ថ្ងៃពុធ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ខណៈថ្ងៃទី២១ មានចំនួនឆ្លងថ្មី ៩០,៦២៩ នាក់។

អត្រាកើនឡើងច្រើនជាង ១០ ម៉ឺននាក់ នេះត្រូវបានចាត់ទុកថាជាអត្រាខ្ពស់បំផុតមួយ និងជាលើកដំបូងបង្អស់ដែលអង់គ្លេសពុំធ្លាប់ជួបប្រទះ ដោយបញ្ហានេះ រួមចំណែកចេញពីវីរុសអូមីក្រុងថ្មីផងដែរ ដែលអត្រាឆ្លងគឺលឿនជាទីបំផុត ស្របពេលអង់គ្លេសកំពុងស្ថិតក្នុងរដូវរងារ និងជារដូវការជួបជុំក្រុមគ្រួសារ មិត្តភក្ដិ បងប្អូន និងមនុស្សជាទីស្រលាញ់។ អត្រាឆ្លងនេះ បានកំពុងធ្វើឱ្យវិស័យជាច្រើននៅអង់គ្លេស ជួបការលំបាក និងរកសម្ពាធជាខ្លាំង ដោយសារតែកង្វះខាតកម្លាំងពលកម្ម និងមន្ទីរពេទ្យជាច្រើនពោពេញទៅដោយអ្នកជំងឺ ក្នុងថិរវេលាមួយដ៏ខ្លីបំផុត។

ទិន្នន័យផ្លូវការ របស់រដ្ឋាភិបាលអង់គ្លេស បង្ហាញថា វីរុសអូមីក្រុង ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ បានធ្វើឱ្យករណីឆ្លងកើនឡើងរហូតដល់ទៅ ៦៤៣,២១៩ ឬកើនឡើង ៥៩% បើធៀបទៅនឹងអត្រាឆ្លងមុនពេលមានវីរុសអូមីក្រុងមកដល់។ ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានប្រកាសចេញនូវបទបញ្ជាថ្មីៗ ដែលត្រូវគោរព និងអនុវត្តតាម ដោយធ្វើការរឹតបន្តឹងឡើងវិញ មុនថ្ងៃ Christmas មកដល់ ដោយសារតែស្ថានការប្រែប្រួលលឿនពេក គប្បីពលរដ្ឋយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពជាចំបង រក្សាគម្លាត កាត់បន្ថយការជួបជុំ និងពាក់ម៉ាសការពារជាអាទិ៍។

បច្ចុប្បន្នស្ថានការណ៍លើផ្ទៃប្រទេសនៅចក្រភពអង់គ្លេស កំពុងតែតានតឹងជាទីបំផុត ដោយក្នុងនោះករណីឆ្លងដោយសារតែវីរុសអូមីក្រុង មាន ១៩៥ ករណីថ្មី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងមានជាង ៨,០០៨ នាក់ ផ្សេងទៀត ដែលបានឆ្លងជំងឺកូវីដ ១៩ ត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅតាមន្ទីរពេទ្យនានា លើផ្ទៃប្រទេសត្រឹមរយៈពេល ៧ ថ្ងៃចុងក្រោយ គិតចាប់ពីថ្ងៃទី១៦ ខែធ្នូ។ ចំនួនឆ្លងនេះ នឹងបន្តកើនឡើងបន្តទៀត ហើយកាន់តែច្រើនឡើងៗ ដែលពិបាកនឹងគ្រប់គ្រង ជាហេតុនាំឱ្យប៉ះពាល់ទៅដល់សង្គមសេដ្ឋកិច្ចជាខ្លាំង៕