តម្លៃប្រេងក្នុងទីផ្សារអន្តរជាតិបន្តឡើងថ្លៃជាប់ៗគ្នា ស្របពេលពិភពលោកចាប់ផ្ដើមចាត់វិធានការថ្មីៗ

តម្លៃប្រេងឆៅក្នុងទីផ្សារអន្តរជាតិ បានកំពុងបន្តកើនឡើងតម្លៃបន្ថែមទៀត គិតត្រឹមថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ដែលជាការកើនឡើងបន្ថែមពីអត្រា ដែលបានឡើងខ្ពស់រួចទៅហើយកាលពីថ្ងៃពុធ កន្លងទៅ។ ការឡើងថ្លៃប្រេងនេះ នឹងញាំងឱ្យតម្លៃទីផ្សារប្រេង នៅតាមបណ្ដាប្រទេសជាច្រើន រួមមានប្រទេសកម្ពុជាយើងផងដែរ រងផលប៉ះពាល់សម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។

តម្លៃប្រេងក្នុងទីផ្សារអន្តរជាតិ បានកើនឡើងជាប់ៗគ្នាអស់រយៈពេល ៣ ថ្ងៃមកហើយ គិតចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃអង្គារមកម្លេះ ដែលស្ថាប័នប្រេងធំៗដូចជា US West Texas Intermediate (WTI) កើនឡើងតម្លៃប្រេង ៣៥ សេន បន្ថែមទៀត ធ្វើឱ្យក្នុង ១ បារ៉ែល អាចលក់ចេញក្នុងតម្លៃ USD ៧៣.១១ ដុល្លារអាមេរិក ខណៈស្ថាប័នប្រេង Brent Crude កើនឡើង ៤០ សេន ឬលក់ក្នុង ១ បារ៉ែល តម្លៃ USD ៧៥.៦៨ ដុល្លារអាមេរិក។

ការឡើងថ្លៃនៃតម្លៃប្រេងនេះ ត្រូវបានឱ្យដឹងថា ដោយសារតែបណ្ដាប្រទេសជាច្រើន មានសុទិដ្ឋិនិយម នៃការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក បើទោះបីជាពេលបច្ចុប្បន្នវីរុសអូមីក្រុង បានកំពុងគំរាមកំហែងពិភពលោកកម្រិតណាក្ដី។ បើយើងក្រលែងមើលពិភពលោកគិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅប៉ែកអឺរ៉ុប កំពុងកើនឡើងករណីឆ្លង ដោយរដ្ឋាភិបាលបានចាប់ផ្ដើមរឹតបន្តឹងការធ្វើដំណើរ ការរក្សាគម្លាត ពាក់ម៉ាស និងរឹតត្បឹតការឆ្លងដែនទៅវិញទៅមក ខណៈទីក្រុង Xian របស់ចិន បានប្រកាសឱ្យពលរដ្ឋជាង ១៣ លាននាក់បន្តស្នាក់នៅក្នុងលំនៅឋាន ព្រោះរកឃើញករណីឆ្លងច្រើនជាងដើម។

មិនតែប៉ុណ្ណោះ នៅបណ្ដាប្រទេសជាច្រើនផ្សេងទៀត ដូចជាអូស្ត្រាលី ស្កុតឡែន បានកំពុងរឹងបន្តឹងការធ្វើដំណើរ សកម្មភាព ការជួបជុំរបស់ប្រជាពលរដ្ឋ ពាក់ម៉ាសការពារ ដោយសារតែករណីឆ្លងថ្មីៗកំពុងកើនឡើង រីឯអង់គ្លេសឯណោះវិញ មានករណីឆ្លងផ្ទុះឡើងច្រើនជាង ១០ ម៉ឺននាក់ទៅហើយ។ ម្យ៉ាងទៀត តម្លៃប្រាក់ដុល្លារ ក៏កំពុងធ្លាក់ថ្លៃ ជាកត្តាមួយធ្វើឱ្យក្រុមហ៊ុន ឬអ្នកធ្វើអាជីវកម្មក្នុងវិស័យប្រេង ប្រើប្រាស់រូបបិយប័ណ្ណមួយនេះរងផលប៉ះពាល់មិនតិចនោះទេ បើគិតជាសាច់ប្រាក់។

ទន្ទឹមនឹងការឡើងថ្លៃនោះ អង្គការ OPEC និងរួមជាមួយសម្ព័ន្ធរបស់ខ្លួនហៅកាត់ថា OPEC+ ក៏បានកំណត់ចំនួនបូមប្រចាំថ្ងៃផងដែឬ ដោយមួយថ្ងៃបូមតែ ៤០០,០០០ បារ៉ែលប៉ុណ្ណោះ សម្រាប់ផ្គត់ផ្គង់ទៅដល់ទីផ្សារនាខែមករា ឆ្នាំ២០២២ ខាងមុខ។ តាមការព្យាករណ៍របស់អ្នកជំនាញបានឱ្យដឹងថា បើទោះបីជាវីរុសអូមីក្រុង បានរាតត្បាតខ្លាំងនៅអឺរ៉ុប និងមួយចំនួនទៀតនៅអាស៊ី ក៏ដោយ តែតម្លៃប្រេងអាចនឹងពុំអាចធ្លាក់ថ្លៃដូចកាលពីអំឡុងឆ្នាំ ២០២០ ទៀតនោះទេ ដោយសារតែអង្គការ OPEC+ អាចធ្វើការកែប្រែចំនួនបូមប្រេងរបស់ខ្លួនបានយ៉ាងងាយស្រួល ដោយពុំបូមលើសចំនួនហួសហេតុ ដូចលើកមុខ ដែលធ្វើឱ្យតម្លៃប្រេងឆៅក្នុងទីផ្សារអន្តរជាតិធ្លាក់ចុះនោះឡើយ៕