ធនាគារអភិវឌ្ឍអាស៊ី សម្រេចផ្ដល់ជំនួយហិរញ្ញប្បទានដល់ហ្វីលីពីន និងឥណ្ឌូនេស៊ី ដើម្បីកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម

ធនាគារអភិវឌ្ឍអាស៊ី ឬ The Asian Development Bank ហៅកាត់ថា (ADB) បានប្រកាសចេញគម្រោងផែនការសំខាន់ និងជាពិសេសសម្រាប់ប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មនៅលើផ្ទៃប្រទេស ជាការឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលពិភពលោកកំពុងយកចិត្តទុកដាក់។

ធនាគារ ADB បានធ្វើសេចក្ដីប្រកាសស្ថិតក្នុងកិច្ចប្រជុំកំពូល COP លើកទី២៦ ស្ថិតនៅប្រទេសស្កុតឡែនថា នឹងផ្ដល់ជំនួយហិរញ្ញប្បទាន សម្រាប់រដ្ឋាភិបាលប្រទេសហ្វីលីពីន និងរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី ក្នុងការរៀបចំគោលនយោបាយជាតិ និងផែនការរយៈពេលវែង ធ្វើយ៉ាងណាអាចឱ្យការប្រើប្រាស់ធ្យូងថ្មលើផ្ទៃប្រទេស អាចកាត់បន្ថយបាន ៥០% ដោយចំនាយពេល ១០ ទៅ ១៥ ឆ្នាំខាងមុខ។ គម្រោងការនេះត្រូវបានដាក់ឈ្មោះឱ្យថា (Energy Transition Mechanism) ជាមូលនិធិមានទឹកប្រាក់រហូតដល់ទៅជាង ២ ពាន់លានដុល្លារអាមេរិក។

លោក Masatsugu Asakawa ប្រធានធនាគារ ADB បានបញ្ជាក់ថា ជំនួយហិរញ្ញប្បទាន នេះគឺបង្កើតជាមូលនិធិ ក្រោមជំនួយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពីបណ្ដាប្រទេសជាច្រើន ដោយក្នុងនោះ ជប៉ុន ត្រៀមផ្ដល់ថវិការប្រមាណ ២៥ លានដុល្លារ។ តាមរយៈមូលនិធិពិសេសនេះ នឹងបែកចែកជាទិសដៅ ២ ជុំវិញការប្រើប្រាស់ថវិការ ដោយ១ នឹងយកទៅប្រើប្រាស់កាត់បន្ថយ និងលុបបំបាត់ចោលនៃការប្រើប្រាស់ធ្យូងថ្ម នៅតាមរោងចក្រ ឬស្ថានីយ៍ផលិត បង្កើតថាមពលអគ្គិសនី និងទី២ យកទៅប្រើប្រាស់ វិនិយោគលើវិស័យថាមពលបៃតងឱ្យកាន់តែច្រើន និងសំបូរបែប។

ជំនួយពិសេសរបស់ធនាគារ អភិវឌ្ឍអាស៊ីនេះ រំពឹងថានឹងអាចកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាសបានច្រើននៅប្រទេសទាំង ២ ដោយជំហានទី១ អាចនឹងបិទដំណើរការរោងចក្រ ឬស្ថានីយផលិតថាមពលអគ្គិសនី ចន្លោះពី ៥ ទៅ ៧ កន្លែង នៅប្រទេសទាំង ២ ដោយចាប់ផ្ដើមផ្គង់ផ្គង់ថាមពល ផលិតចេញពីថាមពលកកើតឡើងវិញបានជំនួស។ តែយ៉ាងណាក៏ដោយ ផែនការរបស់ ADB ក៏ត្រូវបានគ្រឹះស្ថានឯកជន អង្គការក្រៅរដ្ឋាភិបាល មួយចំនួនធ្វើការរិះគន់ដែរ ព្រោះគម្រោងរបស់ ADB ពុំមានព័ត៌មាន ឬទិន្នន័យច្បាស់លាស់នៅឡើយ ជាមូលហេតុធ្វើឱ្យប៉ះពាល់ខ្លាំងទៅដល់ការប្រើប្រាស់ និងទីផ្សារធ្យូងថ្មនៅប្រទេសទាំងពីរ។

ផែនការផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ប្រទេសទាំង ២ នេះ នឹងជួយសម្រាលបន្ទុក និងអាចផ្ដល់ជាដំណោះស្រាយល្អសម្រាប់រដ្ឋាភិបាលទាំង ២ ក្នុងការៀបចំ និងមានថវិការដើម្បីវិនិយោគ កែប្រែការផលិតថាមពលរបស់ខ្លួន ដោយជំនួសមកវិញនូវថាមពលកកើតឡើងវិញ សម្រាប់ការបន្តដំណើរទៅកាន់ថ្ងៃអនាគតជាមួយបណ្ដាប្រទេសជាច្រើនទៀតក្នុងពិភពលោក។ មូលនិធិរបស់ធនាគារ ADB ពុំត្រូវបានបញ្ជាក់នោះទេ ថានឹងចំនាយថវិការប៉ុន្មានដើម្បីផ្ដល់ជំនួយទៅកាន់ប្រទេសទាំង ២ ហើយការផ្ដល់ជំនួយនោះនឹងចាប់ផ្ដើមនៅពេលណាក៏ពុំទាន់បញ្ជាក់ឱ្យដឹងនោះដែរ៕