ឧបករណ៍បញ្ចូល ថាមពលយានយន្តអគ្គិសនីមួយទៀត ត្រូវបានដាក់ឲ្យប្រើប្រាស់ នៅស្ថានីយប្រេងឥន្ធនៈកាល់តិច សាខាទី៥០


ភ្នំពេញ៖ កាលពីថ្ងៃទី ២៦ ខែមេសាកន្លងទៅថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ បើកឱ្យដំណើរការជាផ្លូវការ ស្ថានីយប្រេងឥន្ធនៈកាល់តិចទី ៥០ និងស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនី ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួង លោក Pongtorn Tangmanuswong ប្រធានក្រុមហ៊ុនឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង លោកស្រី Sim Kongkea ម្ចាស់ស្ថានីយប្រេងឥន្ធនៈកាល់តិច និងស្ថានីយបញ្ចូលថាមពល យានយន្តអគ្គិសនី។

ថ្លែងក្នុងមតិស្វាគមន៍ នាឱកាសចាប់ផ្តើមកម្មវិធី លោកប្រធានក្រុមហ៊ុនឈេហ្វរ៉ុន បានកត់សម្គាល់ពីដំណាក់កាលរីកចម្រើនថ្មីមួយទៀត នៅក្នុងការផ្តល់សេវារបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុង ការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន នៅក្នុងពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត។ ទន្ទឹមជាមួយគ្នានោះដែរ ថ្លែងក្នុងមតិ សំណេះសំណាលទៅកាន់ អង្គពិធីទាំងមូល ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាមួយនឹងការគាំទ្ររបស់ UNDP ក្រសួងបាននឹងកំពុងធ្វើការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសេចក្តីព្រាង គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍ វិស័យដឹកជញ្ជូនផ្លូវគោកឆ្នាំ ២០២២-២០៣១។ សេចក្តីព្រាងគោលនយោបាយនេះ ទទួលបានការឯកភាព ជាគោលការណ៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងច្របាច់បញ្ចូលជាមួយ គោលនយោបាយស្ដី ពីការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវដែក។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងកត់សម្គាល់ផងដែរ អំពីកំណើននៃការចុះ បញ្ជីយានយន្តអគ្គិសនីចំនួន ៧០០% ក្នុងរយៈពេល ៣ខែ ដំបូងឆ្នាំ ២០២២ ប្រៀបធៀបនឹង រយៈពេលដូចគ្នាឆ្នាំ ២០២១។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញជំនឿយ៉ាងមុតមាំថា ការប្រើប្រាស់យានយន្ដ ម៉ូតូ និង ម៉ូតូកង់បីដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងច្រើន នៅក្នុងពេលអនាគត នៅពេលដែល ហេដ្ឋារចនាសម្ព័ន្ធបញ្ចូល ថាមពលអគ្គិសនីត្រូវបានដំឡើង យ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋកម្ពុជា មានការយល់ដឹងច្រើន អំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួន លើការប្រើប្រាស់យានយន្ដអគ្គិសនី។ ក្រសួងក៏មានបំណងបង្កើត គណៈកម្មាធិការអន្តរក្រសួង ដើម្បីសិក្សាបន្ថែម និងអភិវឌ្ឍន៍គោលនយោបាយជាតិ ទូលំទូលាយមួយស្ដីពី យានយន្តអគ្គិសនី ហើយបច្ចុប្បន្ននេះអង្គការ UNDP កំពុងជួយជ្រោមជ្រែង ដល់ក្រសួងក្នុងការបង្កើតផែនទី បង្ហាញផ្លូវសម្រាប់ការដំឡើង ស្ថានីយសាកថ្មយានយន្តអគ្គិសនី នៅទូទាំងប្រទេស។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថាដើម្បីជំរុញ ឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនី បន្ថែមទៀតក្រសួងបាន ធ្វើការជាមួយក្រុមហ៊ុន Energy Lab និងក្រុមហ៊ុន GIZ ដើម្បីដាក់តាំងបង្ហាញយានយន្ត និងម៉ូតូអគ្គិសនីនៅចំណតយានយន្ត ទីស្ដីការក្រសួង និងបានបើកសម្ពោធឱ្យប្រើប្រាស់ ស្ថានីយសាកថ្មយានយន្តអគ្គិសនី លើកដំបូង ដែលផ្ដល់ដោយអង្គការ UNDP នៅទីស្តីការក្រសួងនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ ហើយក្រសួងនឹងសម្ពោធ ដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្ម យានយន្តអគ្គិសនីលើកទី ២ ដែលផ្ដល់ដោយអង្គការ UNDP នៅក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃ ២៧ មេសានេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនកាល់តិច ដែលបានវិនិយោគនៅកម្ពុជា ក្នុងទិសដៅពង្រីកស្ថានីយ ផ្តល់សេវារបស់ខ្លួនឱ្យបាន ១០០ ស្ថានីយក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ និងដែលបានចូលរួមចំណែក នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់កម្ពុជាក្នុងរយៈពេល ២០ឆ្នាំ កន្លងទៅ និងបានជូនពរឱ្យក្រុមហ៊ុន ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើ ធុរកិច្ចរបស់ខ្លួននៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅផងដែរ ដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំ របស់កម្ពុជានិងបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនរបស់អាមេរិកជាច្រើន បន្ថែមទៀតមកវិនិយោគនៅកម្ពុជា ដើម្បីកសាងអនាគតកម្ពុជា កាន់តែភ្លឺស្វាងបន្ថែមទៀត៕