មន្ត្រីជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ៖ តំបន់អាស៊ី អាចនឹងជួបប្រទះបញ្ហា ទស្សនវិស័យសេដ្ឋកិច្ចជាប់គាំង ដោយសារវិបត្ដិនៅអ៊ុយក្រែន


យោងតាមមន្ត្រីជាន់ខ្ពស់ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃអង្គារ 26 ខែមេសានេះថា តំបន់អាស៊ីអាចនឹងប្រឈម នឹងបញ្ហាទស្សនវិស័យ "ជាប់គាំង" ដោយកំណើនសេដ្ឋកិច្ចចុះទាប ជាងការរំពឹងទុកពីមុន ខណៈអតិផរណានឹងកើនឡើងខ្ពស់។ ដូចគ្នានេះដែរ លោកស្រី Anne-Marie Gulde-Wolf ប្រធានស្តីទីនៃនាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានប្រាប់សន្និសីទសារព័ត៌មានថា នៅក្នុងប្រទេសនៃតំបន់អាស៊ីភាគច្រើន អាចនឹងបង្កើន ការរឹតបន្តឹងអត្រារូបិយវត្ថុ និងហិរញ្ញវត្ថុ ដោយសារផលប៉ះពាល់ ពីកំណើនអតិផរណាក្នុងស្រុក និងសម្ពាធពីខាងក្រៅជាដើម ជាពិសេសវិបត្ដិសង្រ្គាម នៅប្រទេសអ៊ុយក្រែន និងការបិទខ្ទប់ទីក្រុង នៅប្រទេសចិនជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ទស្សនវិស័យក្នុងតំបន់ ដែលធ្វើឡើងតាម ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បង្ហាញថាការព្យាករណ៍កំណើន សម្រាប់អាស៊ីត្រូវបាន កាត់បន្ថយមកត្រឹម 4.9% វិញ ដែលបណ្ដាលមកពី ការរងផលប៉ះពាល់ ដោយការធ្លាក់ចុះសេដ្ឋកិច្ច នៅក្នុងប្រទេសចិន ខណៈប្រទេសនេះកំពុងមាន ទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធ ជាមួយប្រទេសក្នុងតំបន់អាស៊ី។ តែយ៉ាងណាមិញ IMF បញ្ជាក់ថា ទស្សនវិស័យសេដ្ឋកិច្ច អាចនឹងមានភាពខុសប្លែកគ្នានៅក្នុងតំបន់ អាស្រ័យលើការពឹងផ្អែក របស់ប្រទេសនានា លើថាមពលដែលបាននាំចូល និងតំណភ្ជាប់សេដ្ឋកិច្ច ទៅកាន់ប្រទេសចិន។

គួរបញ្ជាក់ថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងទណ្ឌកម្មរបស់លោកខាងលិច មកលើទីក្រុងមូស្គូ បានជំរុញឱ្យតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ នៅទូទាំងពិភពលោកកើនឡើង ខណៈដែលធនាគារកណ្តាលធំៗ កំពុងដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងអតិផរណា ដែលនឹងដាក់សម្ពាធ លើប្រទេសដែលមានបំណុលខ្ពស់។ ជាកស្ដែង IMF បានព្យាករណ៍ទុកថា អតិផរណាក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ អាចនឹងកើនឡើងរហូតដល់ 3.2%។