ប្រទេសឡាវទទួលបាន អតិរេកពាណិជ្ជកម្ម ក្នុងរយៈពេលបីខែជាប់ៗគ្នាក្នុងឆ្នាំ ២០២២ នេះ


ប្រទេសឡាវមានការកើនឡើង អតិរេកពាណិជ្ជកម្មក្នុង រយៈពេលបីខែជាប់ៗគ្នានៃឆ្នាំនេះ បើទោះបីជាប្រាក់ គីបបន្តធ្លាក់ចុះ និងមានការកើនឡើងនៃថ្លៃដើម ក្នុងវិស័យផលិតកម្ម និងទំនិញប្រើប្រាស់ក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់ស្ថិតិ ពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ ដែលបានបង្ហាញថា អតិរេកពាណិជ្ជកម្មរបស់ប្រទេសនេះ ត្រូវបានកត់ត្រានូវតម្លៃ 41 លានដុល្លារអាមេរិកកាលពីក្នុងខែមករា និងកើនឡើងដល់ 48 លានដុល្លារ នៅក្នុងខែកុម្ភៈ និង 78.3 លានដុល្លារ នៅក្នុងខែមីនា។

តម្លៃសរុបនៃទំនិញដែលបាននាំចូល និងនាំចេញកាលពីក្នុងខែមករា សម្រេចបានចំនួន 1.15 ពាន់លានដុល្លារ ដោយក្នុងនោះការនាំចេញ មានតម្លៃ 598 លានដុល្លារ និងការនាំចូលមានតម្លៃ 557 លានដុល្លារអាមេរិក។ តម្លៃពាណិជ្ជកម្មសរុប នៅក្នុងខែកុម្ភៈមានចំនួន 989 លានដុល្លារ ដែលរួមទាំងទំនិញនាំចេញ មានតម្លៃ 519 លានដុល្លារ និងទំនិញនាំចូលមានតម្លៃ 471 លានដុល្លារ។ កាលពីខែមុន តម្លៃពាណិជ្ជកម្មសរុប ត្រូវបានកត់ត្រានូវតម្លៃ 1.07 ពាន់លានដុល្លារ ដែលរួមមានការនាំចេញមានតម្លៃ 577.8 លានដុល្លារ និងការនាំចូលមានតម្លៃ 499.5 លានដុល្លារ។

ស្ថិតិទាំងនេះមិនរាប់បញ្ចូលនូវតម្លៃអគ្គិសនី ដែលបាននាំចេញទេ ហើយនឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅ ពេលដែលទទួលបានព័ត៌មាននេះ។ ផលិតផលនាំចេញសំខាន់ៗ របស់ប្រទេសឡាវរួមមាន មាស ដុំមាស ក្រដាស និងផលិតផលធ្វើពីក្រដាស រ៉ែទង់ដែង កៅស៊ូ ដំឡូងមី រ៉ែដែក ផ្លែចេក សម្លៀកបំពាក់ ស្បែកជើង និងវត្ថុធ្វើពីទង់ដែង និងទង់ដែង។ ទំនិញសំខាន់ៗដែលនាំចូលរួមមាន យានយន្ត (មិនរាប់បញ្ចូលម៉ូតូ និងត្រាក់ទ័រ) ប្រេងម៉ាស៊ូត និង ឧបករណ៍មេកានិច (មិនរាប់បញ្ចូលយានយន្ត)  ត្បូងមានតម្លៃ កំទេចឈើ និងក្រដាស គ្រឿងបន្លាស់ រថយន្ត (រួមទាំងសំបកកង់ របាំងខ្យល់ និងច្រវ៉ាក់) ផលិតផលផ្លាស្ទិច ឧបករណ៍អេឡិចត្រូនិក និង ឧបករណ៍អគ្គិសនី ប្រេងឥន្ធនៈ និងផលិតផលគីមី។

ទីផ្សារនាំចេញធំៗទាំងប្រាំ របស់ប្រទេសឡាវរួមមាន ប្រទេសចិន វៀតណាម ថៃ អូស្ត្រាលី និងឥណ្ឌា ខណៈដែលប្រទេសនាំចូលធំៗរួមមាន ប្រទេសថៃ ចិន វៀតណាម ស្វីស និងសហរដ្ឋអាមេរិក។ រដ្ឋាភិបាលឡាវមានបំណង ចង់បានអតិរេកពាណិជ្ជកម្មយ៉ាងហោចណាស់ 1.55 ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំនេះ បើទោះបីជាមានការលំបាក ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលបានបង្កឡើងដោយផ្នែក ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ៕