ការហាមឃាត់ការនាំចេញប្រេងដូង របស់ឥណ្ឌូណេស៊ី បានធ្វើឲ្យអតិផរណា ស្បៀងអាហារពិភពលោកកើនឡើង


កាលពីថ្ងៃសុក្រកន្លងទៅ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសផលិតប្រេងដូង លំដាប់កំពូលរបស់ពិភពលោក បានប្រកាសពីផែនការហាមឃាត់ ការនាំចេញប្រេងដូងរបស់ខ្លួន ជាលក្ខណៈទ្រងទ្រាយធំ ដែលបង្កឲ្យមានផលប៉ះពាល់ ដល់តម្លៃប្រេងបន្លែ សម្រាប់ប្រើប្រាស់យ៉ាងធំបំផុត ក៏ដូចជាបង្កឲ្យមានការកើនឡើង នូវអតិផរណាអាហារពិភពលោកផងដែរ។ ជាពិសេស តម្លៃប្រេងចម្អិនអាហារ និងវត្ថុធាតុដើមដែលប្រើប្រាស់ យ៉ាងទូលំទូលាយក្នុង ផលិតផលនានាជាច្រើន រាប់ចាប់ពីនំខេក រហូតដល់គ្រឿងសំអាង។ ការហាមឃាត់នាំចេញប្រេងដូងនេះ នឹងអាចបង្កើនថ្លៃដើម សម្រាប់អ្នកផលិតអាហារវេចខ្ចប់ ទូទាំងពិភពលោក និងបង្ខំឱ្យរដ្ឋាភិបាលពិបាក គ្រប់គ្រងរវាងការផ្គត់ផ្គង់ សម្រាប់ប្រើប្រាស់ប្រេងបន្លែក្នុងម្ហូបអាហារ ឬសម្រាប់ជីវឥន្ធនៈ។

យោងទៅតាមសារព័ត៌ជាច្រើនបានចុះផ្សាយ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននិយាយថា ការហាមឃាត់នាំចេញប្រេងដូងនេះ គឺលោកចង់ធានាឱ្យបាននូវ ផលិតផលម្ហូបអាហារនៅក្នុងស្រុករក្សាតម្លៃថេរ បន្ទាប់ពីអតិផរណាស្បៀងអាហារសកល បានកើនឡើងដល់កម្រិតខ្ពស់បំផុត ដោយសារការលុកលុយ របស់រុស្ស៊ីលើអ្នកផលិតដំណាំសំខាន់ៗ របស់អ៊ុយក្រែន។

ដូច្នេះតម្លៃប្រេងបន្លែ ដែលនាំចេញសកលអាចនឹងកើនឡើង ក្រោយវិធានការណ៍អភិរក្សជាតិនិយម របស់ឥណ្ឌូនេស៊ីនេះ ចូលជាធរមាននៅថ្ងៃទី 28 ខែមេសា ខាងមុខ។ ជាក់ស្ដែង បច្ចុប្បន្នប្រេងសណ្តែកសៀង ដែលជាប្រេងបន្លែប្រើប្រាស់ ច្រើនបំផុតទីពីរ បានកើនឡើង 4.5% ដល់កម្រិតខ្ពស់បំផុតគឺ 83.21 សេនក្នុងមួយផោន  យោងតាមទិន្នន័យពីក្រុមប្រឹក្សាពាណិជ្ជកម្មទីក្រុងឈីកាហ្គោ។

គូរបញ្ជាក់ថា ឥណ្ឌូណេស៊ី ត្រូវបានគេរាប់បញ្ចូលជាងពាក់កណ្តាល នៃការផ្គត់ផ្គង់ប្រេងដូងពិភពលោក។  តម្លៃប្រេងដូងឆៅសកល នឹងកើនឡើងដល់កម្រិតខ្ពស់ ជាប្រវត្តិសាស្ត្រនៅឆ្នាំនេះ ក្រោយឥណ្ឌូនេស៊ីហាមឃាត់ការនាំចេញ ខណៈដែលតម្រូវការប្រើប្រាស់ មានការកើនឡើង និងទិន្នផលធ្លាក់ចុះ។